អានតួអត្ថបទ
ស្រីលង្កា-ចោរសមុទ្ទ

ភាព​តាន​តឹង​នៅ​សមុទ្ទ​ក្រហម ជា​ឱកាស​របស់​ចោរសមុទ្ទធ្វើ​សកម្មភាព?

ស្រី​លង្កា​ដែល​ទើប​ប្រកាស​ចូល​រួម​ក្នុង​ប្រតិបត្តិការ​អន្តរជាតិ​ការពារ​ចរាចរណ៍​ដឹកជញ្ជូន​នៅ​សមុទ្ទ​ក្រហម​ បាន​អះអាង​ថានៅ​ថ្ងៃអាទិត្យទី​២៨​មករា២០២៤ ចោរ​សមុទ្ទ​សូម៉ាលី ​បាន​ចាប់​នាវា​នេសាទ​របស់​ស្រីលង្កាមួយ​គ្រឿង​​ ដែល​មាន​ផ្ទុកមនុស្ស​​៦​នាក់។ 

ចោរ​សមុទ្ទ​សូម៉ាលី មួយ​ក្រុម (រូបតំណាង)
ចោរ​សមុទ្ទ​សូម៉ាលី មួយ​ក្រុម (រូបតំណាង) (Photo : Xinhua/Reuters)
ផ្សាយពាណិជ្ជកម្ម

នាវានេសាទ​ស្រីលង្កា Lorenzo Putha-4 ទំនង​ជា​ត្រូវ​បាន​ចោរ​សមុទ្ទ​ចាប់​នៅចម្ងាយ៨៤០​មាយ​ ទី​រដ្ឋធានី​ប្រទេសសូម៉ាលី។ ស្រីលង្កា​បាន​ជូន​ដំណឹង​ទៅ​កងកម្លាំង​ជើង​ទឹក​នៃ​សម្ព័ន្ធ​អន្តរជាតិ​ទទួល​បន្ទុក​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​និង​ចោរ​សមុទ្ទ​រួច​ហើយ។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​នាំពាក្យ​កង​នាវិក​ស្រីលង្កាទៅ​កាន់​ទី​ភ្នាក់ងារ​សារព័ត៌មាន​បារាំង​AFP។ បើ​តាម​អ្នក​នាំពាក្យ​ដដែល​ ​ពេល​នេះ ​យោធា​ឥណ្ឌា បាន​បញ្ជូន​នាវា​ចម្បាំង​ទៅ​អង្កេត​ ឯ​ចំណែក​កង​នាវា​យោធា​ស្រីលង្កា ក៏កំពុង​ត្រៀម​លក្ខណៈ​ចេញ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​កើត​ហេតុដែរ។

ស្រីលង្កា​បាន​សម្រេច​​កាលពី​ដើម​ខែ​មករា​ចូល​រួមសហការ​ការ​ងារ​​ជាមួយ​ក្រុមនាវឹក​អន្តរជាតិ​​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ នៅ​សមុទ្ទ​ក្រហម ដើម្បី​ការពារ​ចរាចរណ៍​ដឹក​ជញ្ជូន​អន្តរជាតិ​តាម​សមុទ្ទ ពី​ការ​វាយប្រហារ​របស់​ពួក​ឧទ្ទាម​ហ៊ូទី។ តែ​ស្រីលង្កា​ខ្វះ​ខាត​គ្មាន​ថវិកា មិន​ទាន់​បាន​បញ្ជូន​នាវា​ទៅ​ផង។ ប្រធានាធិបតី​ស្រីលង្កា​បានអះអាង​ថា ការ​វាយប្រហារ​របស់​ពួក​ហូទី​បាន​ធ្វើ​ឱ្យ​តម្លៃ​ដឹក​ជញ្ជូន​ឡើង​ និង​ប៉ះពាល់​ខ្លាំង​ដល់​ការ​នាំ​ចេញ​សម្លៀកបំពាក់​និង​តែ​ស្រីលង្កា​យ៉ាង​ខ្លាំង។

ដើម្បី​សម្តែង​សាមគ្គីភាព​ជាមួយពលរដ្ឋ​ប៉ាឡេស្ទីន នៅហ្កាហ្សា តាំងពី​ខែ​វិច្ឆិកា​២០២៣​មក ពួក​ឧទ្ទាម​ហ៊ូទី​នៅ​យេម៉ែន ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​បាន​បង្កើន​សកម្មភាព​វាយប្រហារ​​ដោយ​មីស៊ីល​និង​ដ្រូន​​ទៅ​លើ​នាវា​មាន​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​អ៊ីស្រាអែល ដែល​ធ្វើ​ចរាចរណ៍​នៅក្នុង​សមុទ្ទ​ក្រហម​។ ការ​វាយប្រហារ​នេះ បាន​ជំរុញ​ឱ្យ​កងកម្លាំង​អន្តរជាតិ​បង្វែរ​កិច្ចការ​ល្បាត​មក​ភាគ​ខាង​ជើង មក​តំបន់​ឈូង​សមុទ្ទ​អាដេន សមុទ្ទ​ក្រហម​ ហើយ​ទុក​ផ្ទៃ​មហាសមុទ្ទ​ឥណ្ឌា ឱ្យ​ទំនេរ​ជា​ហេតុ​ធ្វើ​ឱ្យ​​ចោរ​សមុទ្ទ​អា​ច​ឆក់​ឱកាស​បញ្ចេញ​សកម្មភាព​បានយ៉ាងងាយ។

គិត​ចាប់​ពី​ឆ្នាំ​២០១៧​មក ករណី​ចោរ​សមុទ្ទ​វាយប្រហារ​នៅ​តាម​បណ្តោយ​ប្រទេស​សូម៉ាលី ទើប​តែ​ចាប់​លេច​ឡើង​វិញ​ជា​លើក​ទីមួយនៅ​ឆ្នាំ​២០២៣។ នៅ​ថ្ងៃទី ១៦​ធ្នូ​២០២៣ ចោរ​សមុទ្ទ​សូម៉ាលី​បាន​ ស្ទាក់​ចាប់​នាវា​ម៉ាល់ត៍​ នៅ​ចម្ងាយ​៣៨០​មាយ​ពី​កោះសូកូត្រា​របស់​​យេម៉ែន។ ​នៅ​​ឆ្នាំ​២០១១ ចោរ​សមុទ្ទ ​បាន​បញ្ចេញ​​សកម្មភាព​ខ្លាំង​បំផុត​ដល់​កំពូល​​ក្នុង​ផ្ទៃ​មហាសាគរ​តាម​បណ្តោយ​ប្រទេស​សូម៉ាលី ជួន​ដល់​ទៅ​៣៦០០​គីឡូម៉ែត្រ​ពី​ឆ្នេរ​ផង មុន​នឹង​ស្ងប់​ស្ងាត់​​យ៉ាង​ខ្លាំង​ទៅ​វិញ​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយមក​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ