អានតួអត្ថបទ
ឥណ្ឌា-បារាំង

ឥណ្ឌា​ក្រាលព្រំក្រហមទទួលលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង

នៅប្រទេស​ឥណ្ឌា ប្រធានាធិបតីបារាំង​លោកអេម៉ានុយអែល​ ម៉ាក្រុង​ត្រូវ​បានទទួលស្វាគម ជា​ភ្ញៀវ​កិត្តិយស​សំខាន់​របស់​លោក​នាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី នៅក្នុង​ពិធី​បុណ្យជាតិ​ឥណ្ឌា នៅថ្ងៃសុក្រទី ២៦​មករានេះ។ វត្តមាន​របស់​ប្រធានាធិបតីបារាំង ក្បែរ​នាយករដ្ឋមន្រ្តី ឥណ្ឌា នៅក្នុង​ពិធី​បុណ្យ​ជាតិឥណ្ឌា ឆ្លុះបញ្ចាំង​ឆន្ទៈ​របស់​ប្រទេស​ទាំងពីរ ឥណ្ឌា បារាំង ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ជាពិសេស​នៅក្នុង​វិស័យយោធា។ 

ឥណ្ឌា​ក្រាលព្រំក្រហមទទួលលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង
ឥណ្ឌា​ក្រាលព្រំក្រហមទទួលលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង AFP - LUDOVIC MARIN
ផ្សាយពាណិជ្ជកម្ម

ឥណ្ឌា​ក្រាលកម្រាលព្រំក្រហម​ទទួល​ប្រធានាធិបតី​បារាំង នៅក្នុង​ឱកាស​បុណ្យខួប​៧៥ឆ្នាំ​នៃការបង្កើត​សាធារណរដ្ឋ​ឥណ្ឌា។ នៅ​ក្នុង​ពិធីបុណ្យជាតិ​ នៅថ្ងៃ​សុក្រទី ២៦​មករា​នេះ លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា ណារិនដ្រា ម៉ូឌី បាន​ទទួល​រាក់ទាក់​ យ៉ាងស្និទ្ធស្នាល ប្រមុខរដ្ឋ​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង មេដឹកនាំ​ប្រទេស​លោកខាងលិច​តែម្នាក់គត់ ដែល​លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​បានអញ្ជើញ​ជា​ភ្ញៀវកិត្តិយស​ធំ​របស់លោក។

វត្តមាន​របស់​ប្រធានាធិបតី​បារាំង លោកអេម៉ានុយអែល ម៉ាក្រុង​នៅក្នុងពិធីបុណ្យ​ខួប ៧៥​ឆ្នាំ​នៃ​សាធារណដ្ឋឥណ្ឌា ធ្វើឡើង​ទៅតាម​ការអញ្ជើញ​របស់​លោកនាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី ដែល​ធ្លាប់​លោកម៉ាក្រុង ទទួលជា​ភ្ញៀវកិត្តិយស នៅក្នុង​ពិធីបុណ្យជាតិបារាំង កាលពី​ឆ្នាំមុន។

បន្ទាប់ពី​ភ្លេងជាតិ និង​ការបាញ់កាណុង​២១គ្រាប់ គឺ​ក្បួនទ័ពបារាំង​១៥០នាក់ ដែល​ដើរ​បើកក្បួន​ព្យុហយាត្រា នៅមុន​យន្តហោះចម្បាំង​បារាំង Rafale ពីរ​គ្រឿង​ហោះបង្ហាញ​រាង​លើ​អាកាស។ ពី​លើ​វេទិកា មេដឹកនាំ​បារាំង និង​ឥណ្ឌា តាម​មើល​ក្បួន​ព្យុហយាត្រា​កងទ័ព​ឥណ្ឌា ដែល​បំពាក់​ដោយ​សព្វាវុធ​រុស្ស៊ី ភាគច្រើន ដូចជា រថក្រោះរុស្ស៊ី T-90 យន្តហោះចម្បាំង​Soukhoï -30ជាដើម។

ដើម្បី​ជៀស កុំពឹងអាស្រ័យតែទៅលើ​សព្វាវុធរុស្ស៊ី ឥណ្ឌា នៅក្រោមការដឹកនាំ​របស់​លោកនាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី បាន​បង្កើន​ការផលិត​ក្នុង​ស្រុកផង និង​រក​ដៃគូ​ផ្គត់ផ្គង់​សព្វាវុធ​បន្ថែមទៀត។ ធ្លាប់​ប្រើ​យន្តហោះចម្បាំង​បារាំង Mirage តាំង​ពី​ឆ្នាំ ១៩៨០ ឥណ្ឌា​បាន​បញ្ជាទិញ យន្តហោះ​បារាំង Rafale ចំនួន ៣៦គ្រឿង និងកំពុង​ចរចា ទិញ​២៦គ្រឿង​បន្ថែមទៀត ព្រមទាំង​នាវាមុជទឹកបារាំង សម្រាប់​កងទ័ពជើងទឹក​ឥណ្ឌា។ នៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ បារាំង​ក្លាយជា​ប្រទេស​លក់ផ្គត់ផ្គង់​អាវុធ​ធំទី​២​របស់​ឥណ្ឌា បន្ទាប់ពី​រុស្ស៊ី ចំណែក​អាមេរិក​ស្ថិតនៅលេខរៀងទី ៣។ តាមរយៈ​កិច្ចសន្យា​ទិញ​សព្វាវុធ​បារាំង ឥណ្ឌា​គ្រោង​ចង់សហការជាមួយ​ក្រុមហ៊ុន​ផលិត​អាវុធ​បារាំង ដូចជា Dassault ឬ​MBDA នៅក្នុង​វិស័យ​ឧស្សាហកម្ម​ផលិតអាវុធ​ក្នុងស្រុក​ឥណ្ឌា។

ចំណែកបារាំង​វិញ សង្ឃឹម​ពង្រឹងចំណងមិត្តភាពជាមួយ​ឥណ្ឌា​នៅក្នុង​វិស័យ​អវកាស​និង​នុយក្លេអ៊ែរ។ ជាក់ស្តែង ជាមហាអំណាចនុយក្លេអ៊ែរ បារាំង​ចង់​លក់​គម្រោង​សង់​ម៉ាស៊ីន​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ ចំនួន​៦​ទៅ​ឲ្យឥណ្ឌា។

ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើនជាងគេ​ ប្រមាណ ១៤៣០លាននាក់ និង​ជា​ប្រទេស​សេដ្ឋកិច្ច​ធំទី​៥ នៅក្នុងពិភពលោក ឥណ្ឌា ជាដៃគូ ដែល​បារាំង​មិន​អាច​មើល​រំលង​បាន។ ប៉ុន្តែ ដោយបង្ហាញមុខ​ឈរជិត នាយករដ្ឋមន្រ្តី​ឥណ្ឌា លោកណារិនដ្រា ម៉ូឌី ដែល​កំពុងរងការរិះគន់​ពី​អង្គការ​ការពារ​សិទ្ធិមនុស្ស​ថា កំពុងប្រើ​អំណាចផ្តាច់ការ សង្កត់សង្កិន បង្ក្រាប​អ្នកកាន់សាសនា​អ៊ីស្លាម នៅ​ឥណ្ឌា ប្រមុខរដ្ឋបារាំង​ក៏ត្រូវ​ជាប់ក្នុងបញ្ជីឈ្មោះ មេដឹកនាំ​ដែល​បិទភ្នែក មិន​អើពើពីបញ្ហា​រំលោភសិទ្ធិមនុស្ស ដោយសារ​តែ​ផលប្រយោជន៍សេដ្ឋកិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ