អានតួអត្ថបទ
ភូមា-កងទ័ព

របបសឹកភូមា​ចាប់ឃុំ​មន្រ្តីយោធា​ជាន់ខ្ពស់ ក្រោយបាត់បង់ទីក្រុងយុទ្ធសាស្រ្ត​ក្នុងដៃពួកឧទ្ទាម

ឧត្តមសេនីយ៍ទោ​ភូមា​៦នាក់​ដែលដឹកនាំ​ទាហានប្រយុទ្ធ​នៅ​តំបន់ឡូកី Laukkai ជាប់ព្រំដែនចិន ត្រូវ​របបសឹក​ចាប់ឃុំខ្លួន នៅក្នុង​មូលហេតុ​រត់ចោល​តួនាទី បោះបង់​ទីក្រុង​យុទ្ធសាស្រ្ត​ទៅក្នុង​ដៃ​របស់​ពួកឧទ្ទាម។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP  ដែល​ដកស្រង់​សំដី​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​សឹកភូមា គេ​នៅមិនទាន់​សម្រេច​ជោគវាសនា​របស់​មេទាហាន​រត់ចោលសមរភូមិនៅឡើយទេ ប៉ុន្តែ ច្បាប់អាជ្ញាសឹក​ភូមា​បាន​ចែងរួចហើយថា ទាហានបោះបង់ចោល​តួនាទី ដោយ​គ្មាន​ការអនុញ្ញាត​អាច​ប្រឈម​នឹង​ទោស​ប្រហារជីវិត។ 

មេដឹកនាំរបបសឹកភូមា លោក​មីន អ៊ុងឡាំង
មេដឹកនាំរបបសឹកភូមា លោក​មីន អ៊ុងឡាំង AP
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​បរាជ័យ​បាត់បង់​ទីក្រុង​យុទ្ធសាស្រ្ត របបសឹក​ភូមា​សម្រេច​ដាក់​ទណ្ឌកម្ម​មន្រ្តីយោធា​របស់ខ្លួន។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP នៅថ្ងៃ​អង្គារ ឧត្តមសេនីយ៍ទោ​ភូមា ៦នាក់​ត្រូវ​របបសឹក​ចាប់ឃុំខ្លួន នៅបន្ទាប់ពី​ទីក្រុង​ឡូកី ក្នុងរដ្ឋ​ស្ហាន នៅតាម​បណ្តោយព្រំដែន​ជាមួយ​ចិន​ធ្លាក់​ក្នុង​ដៃ​របស់​ក្រុមឧទ្ទាម សម្ព័ន្ធ​ប្រដាប់អាវុធ​ជនជាតិភាគតិច នៅដើម​ខែ​មករា​នេះ។

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​AFP បាន​ដកស្រង់​សំដី មន្រ្តី​យោធា​ភូមា​សុំមិន​បញ្ចេញ​ឈ្មោះ ដែល​ថា គេ​មិន​ទាន់​កំណត់​បទចោទប្រកាន់​ឧត្តមសេនីយ៍​ទាំង​៦នាក់​នៅឡើយទេ ឬ​ក៏ថា តើ​ពួកគេអាចត្រូវ​តុលាការ​យោធា​ជំនុំជម្រះដែរ​ឬទេ។ បើតាម​អ្នកនាំពាក្យ​របស់​របបសឹក លោក ច មីនទុន នៅ​មិនទាន់​មាន​ការសម្រេច​ណា​មួយ​ស្តីពី​ជោគវាសនា​របស់​មន្រ្តីយោធា​ទាំង​៦នាក់ នៅ​ឡើយ​ទេ។ តាមប្រភពមន្ត្រីយោធា​ដែលសុំមិនបញ្ចេញឈ្មោះ ក្នុង​ចំណោម​ឧត្តមសេនីយ៍​ដែលកំពុងជាប់ឃុំ មានមួយចំនួន​ជា​មនុស្ស​ស្និទ្ធ​នឹង​មេដឹកនាំ​របបសឹក លោក​មីនអ៊ុងឡាំង។

ឧត្តមសេនីយ៍ទោ​ទាំង​៦នាក់​ដែល​កំពុង​ជាប់ឃុំ ជាអ្នកមើលការខុសត្រូវ​លើ​ទីតាំងយោធា​ដ៏សំខាន់​របស់​របបសឹក នៅក្នុង​ទីក្រុង​យុទ្ធសាស្រ្ត ឡូកី ក្នុង​តំបន់​Kokaing រដ្ឋ​ស្ហាន។

ដោយសារ​បរាជ័យ មិនអាច​ទប់ទល់​នឹង​ការវាយប្រហារ​របស់​សម្ព័ន្ធប្រដាប់អាវុធ​ជនជាតិភាគតិច ៣ក្រុម កាលពី​ដើម​ខែ​មករា ឧត្តមសេនីយ៍ទោ​ភូមា​ទាំង​៦នាក់ និងកូនទាហាន​រាប់រយ​នាក់​បាន​រត់ចោល​ទីក្រុងឡូកី។ នៅ​ពេល​ទីក្រុង​ឡូកី​ធ្លាក់​ទៅក្នុង​ដៃ​របស់​សម្ព័ន្ធប្រដាប់អាវុធ ដឹកនាំ​ដោយ​កងទ័ពជាតិ​ប្រជាធិបតេយ្យ ភូមា MNDAA កងទ័ពអារ៉ាខាន និង​កងកម្លាំងរំដោះជាតិ​Ta’ang ទាហាន​ភូមា​ប្រមាណ ២០០០នាក់​បាន​ទម្លាក់អាវុធ ចុះចាញ់ មុន​នឹង​ចាកចេញ​ពីទីក្រុង​ឡូកី ជាមួយ​ក្រុមគ្រួសារ​របស់ពួកគេ។

លើកទង់ជ័យស ព្រមទាំង​ទម្លាក់អាវុធ បោះបង់ចោល​ទីក្រុង​យុទ្ធសាស្រ្ត​ឡូកី ជា​បរាជ័យដ៏អាម៉ាស់​មុខទៀត​សម្រាប់​របបសឹក ដែល​ឃើញទីក្រុង ទឹកដី​របស់ខ្លួន​កាន់តែច្រើន​ធ្លាក់​ទៅក្នុង​ដៃ​របស់​ក្រុមឧទ្ទាមជនជាតិភាគតិច និង​ក្រុមប្រឆាំងប្រដាប់អាវុធ។

បាត់បង់​ទីក្រុង​ឡូកី ទៅក្នុង​ដៃ​របស់​ក្រុមឧទ្ទាម គឺជារឿងឈឺចាប់ណាស់​សម្រាប់​មេដឹកនាំរបបសឹក លោក​មីនអ៊ុងឡាំង ព្រោះថា កាលនៅ​គ្រប់គ្រង​តំបន់​Kokaing លោក​មីន អ៊ុងឡាំង​មាន​កេរ្តិ៍ឈ្មោះល្បី ដោយសារ​មានស្នាដៃ​វាយបណ្តេញ​ពួកឧទ្ទាម គឺ​កងទ័ពជាតិ​ប្រជាធិបតេយ្យ​ភូមា ចេញពីទីក្រុង​ឡូកី នៅ​ឆ្នាំ​២០០៩។

ក្រៅពីមានទាហាន​រត់ចោល​ក្រុង​ឡូកី ជាប់ព្រំដែនជាមួយ ចិន របបសឹក​ត្រូវ​អាម៉ាស​មុខម្តងទៀត ដែលឃើញ​ទាហាន​របស់ខ្លួនបរាជ័យ រត់ចោល​សមរភូមិ ឆ្លងចូល​ទៅជ្រកកោន​ក្នុងទឹកដីឥណ្ឌា។ តាម​ភាគី​ឥណ្ឌា នៅសប្តាហ៍មុន មាន​ទាហាន​ភូមាជិត ៣០០នាក់​រត់ឆ្លងដែន​ចូល​ទៅក្នុងទឹកដីឥណ្ឌា ដើម្បី​គេច​ចេញពី​ការតាមវាយប្រហារ​របស់​ពួកឧទ្ទាមជនជាតិភាគតិចភូមា។ ប្រមុខកងទ័ពឥណ្ឌា​ធ្លាប់អះអាងថា ​រយៈពេលតែ​២ខែ មាន​ទាហាន​ភូមា​ជាង​៧០០នាក់ ដែល​បាន​ឆ្លងចូលទៅ​ឥណ្ឌា ប៉ុន្តែ ជាញឹកញយ ឥណ្ឌា​បញ្ជូន​ពួកគេ​ឲ្យត្រលប់​ទៅ​ប្រទេស​ភូមាវិញ។ នៅថ្ងៃ​អង្គារ នៅក្នុង​បេសកកម្ម​ចេញទៅ​ដឹកយក​ទាហាន​ភូមា​ត្រលប់​ចូល​ប្រទេសវិញ យន្តហោះ​យោធា​របស់​ភូមា​មួយគ្រឿង​ធ្លាក់​ផ្លូវ ពេល​ចុះចត រហូតបណ្តាល​ឲ្យ​មនុស្ស​របួស​យ៉ាង​ហោច ៨នាក់។ ប្រឈម​នឹង​ការកើនឡើង​នៃ​ទាហាន និង​ប្រជាជន​ស៊ីវិល​ភូមា​រត់ឆ្លងដែន​ចូល​ទឹកដី​ឥណ្ឌា​ដើម្បី​គេចចេញពី​ការប្រយុទ្ធគ្នា​ដ៏ហិង្សា នៅភូមា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ឥណ្ឌា​ប្រកាស​នៅ​ថ្ងៃ​អាទិត្យ គម្រោង​សាងសង់​លួសបន្លា​នៅ​ព្រំដែន ឥណ្ឌា ភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ