អានតួអត្ថបទ
ចិន

ចិនបណ្តេញ​មេទាហាន​៩នាក់​ចេញពី​សភា និងតែងតាំង​រដ្ឋមន្ត្រីការពារជាតិ​ថ្មី

អ្នក​ទទួល​ខុស​ត្រូវ​យោធា​៩នាក់ ក្នុងនោះ​បួន​នាក់​ជា​ឧត្តមសេនីយ៍​ទទួល​បន្ទុកផ្នែក​មីស៊ីលយុទ្ធសាស្ត្រ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​សភា។ នេះ​ជា​សេចក្តី​សម្រេច​របស់​គណៈកម្មាធិការ​មជ្ឈិមបក្ស ក្រោយ​ពី​បាន​សម្រេច​ប្រកាស​​តែង​តាំងលោក ដុង ជន ជា​​រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ​ថ្មី​។

រដ្ឋមន្ត្រីការពារជាតិ​ចិន លោក ដុង ជន
រដ្ឋមន្ត្រីការពារជាតិ​ចិន លោក ដុង ជន © RFI
ផ្សាយពាណិជ្ជកម្ម

បើការ​ផ្សព្វផ្សាយ​របស់​​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​ចិននៅយប់​ថ្ងៃ​សុក្រ​ទី​២៩​ធ្នូ​២០២៣ គណៈកម្មាការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ បាន​សម្រេច​នៅក្នុង ​​សម័យ​ប្រជុំ​ពេញ​អង្គ ​បណ្តេញ​អ្នក​ទទួល​ខុស​ត្រូវជាន់​ខ្ពស់​​យោធា៩​រូប​ពី​សភា​ ក្នុង​នោះ​មាន​បួន​នាក់​ជា​ឧត្តមសេនីយ៍​ទទួល​បន្ទុក​ផ្នែក​មីស៊ីល​យុទ្ធសាស្ត្រ។ អ្នក​ទទួល​ខុស​ត្រូវ​យោធា​ទាំង​នោះ​មាន​អាសនៈ​ក្នុង​សភា​ក្នុងនាម​ជា​​តំណាង​ដែលមិនឆ្លង​កាត់​ការ​បោះឆ្នោត។ ប៉ុន្តែ​គណៈកម្មាធិការ​មជ្ឈិមបក្ស​ចិន មិន​បាន​ពន្យល់​អំពី​មូលហេតុ​នៃការ​បណ្តេញ​ចេញ​នេះទេ។

តាម​ការពិត​ក្បាល​ម៉ាស៊ីនដឹកនាំ​យោធា​ចិន បាន​ស្គាល់​ភាព​រង្គោះរង្គើ​យ៉ាង​ខ្លាំង ​តាំងពី​​រដ្ឋមន្ត្រី​ការពារ​ជាតិជាប់​​តំណែងថ្មីថ្មោង​​នៅ​ខែ​មីនា លោក​ លី ចង់ហ្វូ Li Shangfu ស្រាប់​តែ​បាត់​មុខឈឹង​​ពី​ទីសាធារណៈនៅ​ខែ​សីហា​ ហើយ​ទាល់​តែដល់​ខែ​តុលា​ទើប​​​​លេច​ដំណឹង​ដកចេញ​​តំណែង ដោយ​គ្មាន​បញ្ជាក់​ហេតុ​ផល​អ្វី​ទាំងអស់។ តាំងពី​ពេល​នោះ​មក ចិនដែល​ជា​មហាអំណាច​មាន​កូនទាហាន​ច្រើនជាងគេ​នៅលើ​ពិភពលោក​ ​គ្មាន​រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​​ទេ ហើយ​មិន​ដែល​និយាយ​ចំ​ថា​នរណា​ជា​រដ្ឋមន្ត្រី​ស្តី​ទី​ឡើយ។ អាជ្ញាធរ​បានត្រឹម​​អះអាង​ថាមាន​ការ​គ្រប់គ្រង​​ថ្មី​ ដោយ​មាន​អ្នក​ទទួល​ខុស​ត្រូវ​​ផ្នែក​មីស៊ីល​យុទ្ធសាស្ត្រ​ (នុយក្លេអ៊ែរ)។ ចំណែក​សារព័ត៌មាន​បាន​ព្រលយថា​ជា​​ដំណាក់​កាល​អង្កេត​ប្រឆាំង​នឹង​អំពី​ពុក​រលួយ​លើ​​អតីត​ប្រមុខ​​យោធា។

គឺ​ទើប​តែ​នៅ​ថ្ងៃ​សុក្រ​ទី ២៩​ធ្នូ​ម្សិលមិញ និង​មុន​ការ​ប្រកាស​បណ្តេញ​ប្រមុខ​យោធា​ជាន់​ខ្ពស់​ចេញ​ពី​សភា​បន្តិច ដែល​ចិន​សម្រេច​​តែង​តាំង​រដ្ឋមន្ត្រីការពារ​ជាតិ​ថ្មី គឺ​លោក ដុន ជន ដើម្បី​ បិទ​បញ្ចប់​រាល់​គ្រប់​ចម្ងល់​ទាក់ទង​នឹង​ការ​ចំហ​ចោល​តំណែង​​យោធាដ៏​កំពូល។

សម្រាប់​អ្នក​វិភាគ​អាមេរិក​ ​មេដឹកនាំយោធា​ជាន់​ខ្ពស់ចិន​រងការ​បណ្តេញ​ចេញ​ពី​សភា​ប្រជាជន​ ច្បាស់​ជាមាន​ជាប់​អង្កេត ដូច​ពាក្យ​ចចាម​អារាម ព្រមទាំង​ការ​ពាក់ព័ន្ធ​រវាង​នាយ​ទាហាន​ទាំងនោះ​ជាមួយ​អតីត​រដ្ឋមន្ត្រីការពារជាតិ​ លី ចង់ហ្វូ​។ ចំណែកការ​តែង​តាំងលោក ដុង ជន​​ រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ​ថ្មី ជា​ដំណឹង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ គ្មាន​នរណា​នឹក​ស្មាន​ដល់​ទេ។ បើ​តាម​សារព័ត៌មាន​រដ្ឋ នេះ​ជា​សេចក្តី​សម្រេច​របស់គណៈកម្មាធិការ​អចិន្ត្រៃយ៍​​សភា​។ កើត​នៅ​ឆ្នាំ​១៩៦១ លោក ដុង​ ជន ធ្លាប់​ជា​នាយក​ដេប៉ាតឺម៉ង់​បណ្តុះ​បណ្តាល​ទ័ព​ជើង​ទឹក ជា​មេបញ្ជាការ​រង​កងទ័ព​ជើង​ទឹក​តំបន់ភាគ​​ខាង​ត្បូង​ ដែល​​រាប់​មាន​សមុទ្ទចិន​ខាង​ត្បូង ដែន​ដី​ជាប់​ជម្លោះ​ជាមួយ​ប្រទេសជិត​ខាង។ ​ ហើយតាំងពី​ឆ្នាំ​២០២១ ​មក​ដល់ពេល​បច្ចុប្បន្ន លោក​ដុង​ជនជា​មេបញ្ជាការ​ទ័ព​ម៉ារីន​។ ការ​តែង​តាំង​លោក​ដុង​ជន ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ ជា​សញ្ញា​បញ្ជាក់​ថា​ចិន​ចាត់​ទុក​សមុទ្ទ​ចិន​ខាង​ត្បូង​ជា​តំបន់​អាទិភាព​ថ្មី​។ នេះ​បើ​តាម​អ្នក​វិភាគ​នយោបាយ​ជាតិ​អូស្ត្រាលី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ