អានតួអត្ថបទ

ជប៉ុនដំឡើងថវិកាការពារជាតិនៅក្នុងបរិបទនៃកំណើនភាពតានតឹងជាមួយចិន និងកូរ៉េខាងជើង

នៅ​ថ្ងៃ​សុក្រ ទី២២ ធ្នូ រដ្ឋាភិបាល​ជប៉ុន​បាន​បង្ហាញ​កញ្ចប់​ថវិកា​ប្រចាំ​ឆ្នាំ​សម្រាប់​ការ​ចំណាយ​ពី​ថ្ងៃទី១ មេសា ឆ្នាំ ២០២៤ ដល់​ថ្ងៃទី៣១ មីនា ឆ្នាំ ២០២៥​ដែល​មាន​ទឹកប្រាក់​ប្រមាណ ៧១៦ ០០០លានអឺរ៉ូ។ កញ្ចប់​ថវិកា​ឆ្នាំ​ថ្មី​នេះ​មាន​ការ​ធ្លាក់​ចុះ​បន្តិចបន្តួច បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ​ដែល​មាន​ទឹកប្រាក់​ប្រមាណ ៧៣០ ០០០លានអឺរ៉ូ។ តែ​អ្វី​ជា​ការ​កត់សម្គាល់​នៅ​ក្នុង​កញ្ចប់​ថវិកា​ថ្មី គឺ​ខ្ទង់ចំណាយ​សម្រាប់​វិស័យ​ការពារជាតិ​ដែល​មាន​ដល់​ទៅ ៥០ ៧០០លានអឺរ៉ូ ពោល​មាន​ការ​កើន​ឡើង​ជិត ១៧% បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ។

លោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្រ្តីជប៉ុន។
លោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្រ្តីជប៉ុន។ AP - David Mareuil
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​កញ្ចប់​ថវិកា​ការពារជាតិ​សម្រាប់​ឆ្នាំ​ថ្មី​ដែល​មាន​ទឹកប្រាក់ ៥០ ៧០០លានអឺរ៉ូ ក្រសួង​ការពារជាតិ​គ្រោង​ចំណាយ ២ ៣៦៣លានអឺរ៉ូ​សម្រាប់​សាងសង់​នាវាមុជទឹក​ថ្មី​ចំនួន ២គ្រឿង​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មីស៊ីល Aegis ដែល​ផលិត​ដោយ​អាមេរិក។ បន្ទាប់​មក ក្រសួង​ការពារជាតិ​គ្រោង​ចំណាយ​ប្រមាណ ៤៨០លានអឺរ៉ូ​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​ស្ទាក់បាញ់​កម្ទេច​មីស៊ីល​អ៊ីពែរសូនិក។ បន្ទាប់​មក​ទៀត មាន​ទឹកប្រាក់​ចំនួន ៤ ៧០០លានអឺរ៉ូ​ត្រូវ​បាន​ក្រសួង​ការពារជាតិ​គ្រោង​ចំណាយ​ទិញ​មីស៊ីល​បន្ថែម ក្នុង​នោះ​ក៏​មាន​មីស៊ីល​ដែល​អាច​បាញ់​ដល់​ផ្ទាំងស៊ីប​យោធា​របស់​ប្រទេស​ជិតខាង​ដែរ។ មីស៊ីល​ប្រភេទ​នេះ​ជា​មីស៊ីល Tomahawk របស់​អាមេរិក។

កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ ក្រុង​វ៉ាស៊ីនតោន​បាន​យល់​ព្រម​លក់​មីស៊ីល Tomahawk ចំនួន ៤០០ដើម​ឲ្យ​ក្រុង​តូក្យូ​ក្នុង​ទឹកប្រាក់​សរុប ២ ៣៥០លានដុល្លារ។ ក្រៅ​ពី​ការ​ចំណាយ​ដើម្បី​សាងសង់​នាវាមុជទឹក​ថ្មី ឬ​ទិញ​មីស៊ីល​បន្ថែម ក្រសួង​ការពារជាតិ​ក៏​គ្រោង​ចំណាយ​លើ​ផ្នែក​ផ្សេង​ទៀត​រួម​មាន ការ​ទិញ​គ្រាប់កាំភ្លើង​ស្តុក​បន្ថែម​ដើម្បី​បង្ការ​នឹង​សេណារីយ៉ូ​នៃ​ការ​ធ្វើ​សង្រ្គាម​យូរ ពង្រឹង​មធ្យោបាយ​នៅ​ក្នុង​វិស័យការពារតាម​អ៊ីនធឺនែត និង​នៅ​ក្នុង​វិស័យ​អវកាសយោធា។ ទន្ទឹម​គ្នា​នេះ ការ​ចំណាយ​ដើម្បី​បំពាក់​ដ្រូន​បន្ថែម និង​ប្រព័ន្ធ​គ្មាន​មនុស្ស​បើក​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​ក្រសួង​ការពារជាតិ​ពិចារណា​ដែរ។

គួរ​បញ្ជាក់​ថា ជម្រើស​ដំឡើង​ថវិកា​ការពារជាតិ​របស់​រដ្ឋាភិបាល​ជប៉ុន​បាន​ធ្វើ​ឡើង​ចំ​នៅ​ក្នុង​បរិបទ​នៃ​កំណើន​ភាព​តានតឹង​ជាមួយ​ចិន និង​កូរ៉េខាងជើង។ ក្រុង​តូក្យូ​បារម្ភ​ពី​អំណាច​យោធា និង​មហិច្ឆតា​តំបន់​របស់​ក្រុង​ប៉េកាំង រួម​ទាំង​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​ចិន និង​រុស្ស៊ី។ ជាមួយ​កូរ៉េខាងជើង ក្រុង​តូក្យូ​កំពុង​បន្ត​ប្រឈម​នឹង​ការ​បាញ់​សាកល្បង​មីស៊ីល​ញឹកញាប់​របស់​ក្រុង​ព្យុងយ៉ាង រួម​ទាំង​ការ​រំកិល​រក​គ្នា​រវាង​កូរ៉េខាងជើង និង​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ