អានតួអត្ថបទ
ផ្កាយរណប​ចារកិច្ច

កូរ៉េខាង​ជើង​​បង្ហោះ​ផ្កាយ​រណប​យោធា​ចារកិច្ច​នៅក្នុង​តារាវិថី​បាន​ជោគជ័យ

កូរ៉េខាង​ជើងបាន​អះអាង​ នៅថ្ងៃ​ពុធ​ទី ២២​វិច្ឆិកា ថាបាន​បាញ់​បង្ហោះ​​មីស៊ីល​ពាំ​​​ផ្កាយ​រណប​យោធា​ចារកិច្ចទៅ​ក្នុង​គន្លង​តារា​វិថីដោយ​ជោគជ័យ។ ហើយ​ពេល​នេះ​​ប្រមុខ​ដឹកនាំរបប​ព្យុងយ៉ាង​លោក ​គីម​ជុងអ៊ុន​ ​កំពុង​សិក្សាពិនិត្យ​​មើល​មូលដ្ឋាន​យោធា​អាមេរិក​នៅកោះ​Gamដែល​​ផ្កាយរណប​​ផ្តិត​បាន។ ជា​ប្រតិកម្ម​តប​នឹង​ការ​រំលោភ​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិ កូរ៉េខាង​ត្បូង​បានប្រកាស​​ផ្អាក​កិច្ចព្រមព្រៀង​យោធាមួយ​ផ្នែក​​ជាមួយ​កូរ៉េខាង​ជើង​​ភ្លាម​។

កូរ៉េខាង​ជើង​​បង្ហោះ​ផ្កាយ​រណប​យោធា​ចារកិច្ច​នៅក្នុង​តារាវិថី​បាន​ជោគជ័យ
កូរ៉េខាង​ជើង​​បង្ហោះ​ផ្កាយ​រណប​យោធា​ចារកិច្ច​នៅក្នុង​តារាវិថី​បាន​ជោគជ័យ © KCNA / via Reuters
ផ្សាយពាណិជ្ជកម្ម

លោក គីមជុង​អ៊ុន កំពុងពិនិត្យ​​មើលមូលដ្ឋាន​ទ័ព​អាកាស​Anderson Apra Harbour និង​មូលដ្ឋាន​យោធា​សំខាន់ៗ​របស់​កងទ័ព​អាមេរិក​ ដែល​​ថតពី​លើ​អាកាស​ចំពី​លើ​កោះ​Guam ដោយ​ផ្កាយ​រណប​យោធា​ចារកិច្ច​ និង​ដែល​គេ​ទទួល​បាន​នៅ​វេលា​ម៉ោង​៩​និង​២១​នាទី​​ម៉ោង​នៅក្នុង​ស្រុក(កូរ៉េខាង​ជើង) នា​​ថ្ងៃ​ទី​២២​វិច្ឆិកា​២០២៣។ នេះ​បើ​តាម​សេចក្តីប្រកាស​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​KCNA។ បើ​តាម​ភ្នាក់ងារ​កូរ៉េខាង​ជើង​ដដែល​ កាំជ្រួច​បាន​បាញ់​បង្ហោះ​ចេញ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​ និង​តាម​គម្រោង​គំនូស​គន្លង​ផ្លូវ​​ដែល​ព្រាង​ទុក ហើយ​បាន​ពាំ​ផ្កាយ​រណប​ចារកិច្ចMalligyong-1 ទៅ​ក្នុង​គន្លង​តារាវិថី​។ ជាមួយ​នឹង​សេចក្តី​ប្រកាស​ ​គ្រោង​នឹង​បង្ហោះ​ផ្កាយ​រណប​ផ្សេង​ទៀត ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដើម្បី​ពង្រឹង​សមត្ថភាព​​តាម​ដាន​កូរ៉េ​ខាង​ត្បូង ព្យុងយ៉ាង​បានគូស​បញ្ជាក់​ថា​ការ​បង្ហោះ​ផ្កាយ​រណប​ចារកិច្ច​​ជា​សិទ្ធិ​ស្រប​ច្បាប់​របស់កូរ៉េខាង​ជើង​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ស្វ័យការពារខ្លួន ពី​ការ​គំរាមកំហែង​របស់​កូរ៉េខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក។

ព្យុង​យ៉ាង​បាន​ជំនួយ​បច្ចេកវិទ្យា​ពី​រុស្ស៊ី?

​បើ​តាម​ការ​វិភាគ​របស់​យោធា​​កូរ៉េ​ខាង​ត្បូង ​ផ្កាយ​រណបចារកិច្ច​របស់​កូរ៉េខាង​ជើង​​ពិត​ជា​ចូល​ក្នុង​គន្លង​តារាវិថី​ដូ​ច​ការ​អះអាង​របស់​ព្យុងយ៉ាង​មែន តែ​គេ​ត្រូវ​ការ​ពេល​វេលា​ទម្រាំ​កំណត់​បាន​ថា​ផ្កាយ​រណប​នោះ​មាន​ដំណើរការ​ពិត​ប្រាកដ​។ សម្រាប់​អ្នក​ជំនាញ​ បង្ហោះ​ផ្កាយ​រណប​ទៅ​ក្នុង​គន្លង​តារាវិថី​បាន​សម្រេច មិនមែនមាន​ន័យ​ថា​ឧបករណ៍​ពិត​ជា​អាច​ដំណើរការចារកិច្ច​​បាន​ឡើយ ប៉ុន្តែ​អ្នក​វិភាគ នៅ​វិទ្យាស្ថាន​សិក្សា​នយោបាយ​យល់​ថា​ព្យុងយ៉ាង​​រីកចម្រើន​លឿន​ខ្លាំង​ណាស់។​​ ល្បឿន​នេះ​បញ្ជាក់​ថា​អំពី​សមត្ថភាព​យោធា​របស់​កូរ៉េខាង​ជើង​ក្នុង​ការ​បាញ់​មីស៊ីល​ពាំក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន។ ហើយ​អ្នក​ជំនាញ​ជឿ​ទៀត​ថាជោគជ័យ​នេះ​​មិន​មែន​ដោយ​ហេតុ​តែ​មាន​​រុស្ស៊ីជួយ​​ទេ។ ម៉ូស្គូ​អាច​ផ្តល់​ឱ្យ​ព្យុងយ៉ាង​ត្រឹមកំរិត​កម្មវិធី​ប៉ុណ្ណោះ។ នេះ​បើ​តាមលោក​ ​Chang Young-keun សាស្ត្រាចារ្យនៅ សាកលវិទ្យាល័យ​អវកាស​កូរ៉េ។

ប៉ុន្តែ​សម្រាប់​សេអ៊ូល​ក៏​ដូច​ជា​តូក្យូ សហរដ្ឋ​អាមេរិក​និង​អង្គការ​សហប្រជាជាតិ ការ​បង្ហោះ​ផ្កាយ​រណប​​ដោយ​ប្រើ​បច្ចេកវិទ្យា​បាលីស្ទិក ទោះ​ជោគជ័យ​ឬ​បរាជ័យ គឺ​ជា​ការ​រំលោភ​​សេចក្តីសម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ទាំង​អស់។ ជា​ប្រតិកម្ម​តប កូរ៉េខាង​ត្បូង​បាន​ប្រកាស​ផ្អាក​កិច្ចព្រមព្រៀង​យោធា​ចុះ​ហត្ថលេខា​ជាមួយ​ព្យុងយ៉ាង​កាលពី​ឆ្នាំ​២០១៨​មួយ​ភាគ​ តែ​មិន​អាច​ប្រាប់​ដោយ​ផ្ទាល់​បាន​ឡើយ ដោយ​កូរ៉េខាង​ជើង​បាន​កាត់​ផ្តាច់​បណ្តាញ​ទំនាក់ទំនង​គ្នា​ទៅហើយ។ ចំណែក​ឯ​ចិន​ដែល​ជា​សម្ព័ន្ធមិត្ត​​វិញ មិន​ថ្កោលទោស​ព្យុងយ៉ាង​ទេ តែ​យល់​ថា​ស្ថានភាព​ស្មុគស្មាញ​ខ្លាំង​និង​រសើប​ខ្លាំងណាស់។

ជា​ការ​ពិត​ ប្រសិន​បើ​កូរ៉េខាង​ជើង​សម្រេច​បញ្ជូន​​ផ្កាយ​រណប​ចារកិច្ច​ក្នុង​គន្លង​តារាវិថី​បាន​មែន​ នោះ​ព្យុងយ៉ាង​នឹង​អាច​មាន​​ទិន្នន័យ​ចារកិច្ច​សំខាន់ៗ​នៅ​ពេល​មាន​ជម្លោះយោធា។ ចំណែក​កូរ៉េខាង​ត្បូង​ត្រូវ​រំពឹង​លើ​សហរដ្ឋ​អាមេរិក​និង​ជប៉ុន​ក្នុង​ការ​ឃ្លាំ​មើល​កូរ៉េខាង​ជើង។ សេអ៊ូល​គ្រោង​នឹង​បង្ហោះ​ផ្កាយ​រណប​ចារកិច្ច ទីមួយ​របស់ខ្លួន ​នៅ​ថ្ងៃ​ទី​៣០​វិច្ឆិកា​ខាង​មុខ​។ ទាល់​តែ​មាន​ផ្កាយរណប​ចារកិច្ច​ក្នុង​គន្លង​តារាវិថី ទើប​​កូរ៉េខាង​ត្បូង​អាច​ប្រមូល​ព័ត៌មានសម្ងាត់​​យោធា​ទាក់ទង​នឹង​កូរ៉េខាង​ជើង​បាន​។ សេអ៊ូល​មាន​មហិច្ឆតា​បង្ហោះ​ផ្កាយរណប​យោធា​ដ៏​ទំនើប​បំផុត​ចំនួន​៥​ទៅ​ក្នុង​គន្លង​តារាវិថីពីពេល​នេះ​ដល់​ឆ្នាំ​២០២៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ