អានតួអត្ថបទ
ស្រីលង្កា

អាមេរិក​ផ្តល់​ប្រាក់៥៥៣លានដុល្លារ ឲ្យស្រីលង្កាខ្ចីសាងសង់កំពង់ផែទឹកជ្រៅមួយទៀត ក្បែរកំពង់ផែចិន

សហរដ្ឋអាមេរិក នឹងផ្តល់ប្រាក់កម្ចី ចំនួន​៥៥៣លានដុល្លារ ទៅឲ្យស្រីលង្ការ ដើម្បីសម្រេចគម្រោងសាងសង់កំពង់ផែ​ទឹកជ្រៅថ្មីមួយទៀត​ នៅក្រុងកូឡុំបូ ដោយសហការជាមួយ​ក្រុមហ៊ុន​ឥណ្ឌា​។ គម្រោងនេះ ត្រូវបាន​គេមើលឃើញថា គឺជាការឆ្លើយតប​របស់ឥណ្ឌានិងសហរដ្ឋអាមេរិក ទាក់ទិននឹងវត្តមាន​ចាក់ឬសរបស់ចិននៅស្រីលង្កា ហើយដែលធ្វើឲ្យ​គេបារម្ភអំពីលទ្ធភាព នៃការ​ដាក់ពង្រាយកម្លាំងយោធាចិន នៅក្នុងតំបន់មហាសមុទ្រឥណ្ឌា។

ពីឆ្វេងទៅស្តាំង៖ លោក Ali Sabry រដ្ឋមន្ត្រី​ការបរទេស​ស្រីលង្កា លោក Scott Nathan នាយក​ប្រតិបត្តិ International Development Finance Corporation (DFC) លោកស្រីអគ្គរដ្ឋទូតសរអ ប្រចាំស្រីលង្កា Julie Chung និង​លោក Karan Adani នាយកប្រតិបត្តិ​ Adani Ports ចុះហត្ថលេខារួមគ្នាលើ​ការផ្តល់​កម្ចី ៥៥៣លានដុល្លារ ដើម្បីសាងសង់​កំពង់ផែអន្តរជាតិកូឡុំបូខាងលិច។ ក្រុងកូឡុំបូ ថ្ងៃទី​ ៨ វិច្ឆិកា ២០២៣
ពីឆ្វេងទៅស្តាំង៖ លោក Ali Sabry រដ្ឋមន្ត្រី​ការបរទេស​ស្រីលង្កា លោក Scott Nathan នាយក​ប្រតិបត្តិ International Development Finance Corporation (DFC) លោកស្រីអគ្គរដ្ឋទូតសរអ ប្រចាំស្រីលង្កា Julie Chung និង​លោក Karan Adani នាយកប្រតិបត្តិ​ Adani Ports ចុះហត្ថលេខារួមគ្នាលើ​ការផ្តល់​កម្ចី ៥៥៣លានដុល្លារ ដើម្បីសាងសង់​កំពង់ផែអន្តរជាតិកូឡុំបូខាងលិច។ ក្រុងកូឡុំបូ ថ្ងៃទី​ ៨ វិច្ឆិកា ២០២៣ AP - Eranga Jayawardena
ផ្សាយពាណិជ្ជកម្ម

ថវិកាកម្ចី​នឹងផ្តល់ទៅ​​ឲ្យស្រីលង្កា តាមរយៈ Development Finance Corporation (DFC) ដែលជាទីភ្នាក់ងារមួយនៃរដ្ឋាភិបាល​អាមេរិក។ លោក Scott Nathan អ្នកទទួលខុសត្រូវម្នាក់​នៃទីភ្នាក់ងារនេះ បាន​ឲ្យដឹងថា កំពង់ផែទឹកជ្រៅថ្មី ឈ្មោះ “កំពង់ផែអន្តរជាតិកូឡុំបូខាងលិច” ត្រូវសាងសង់ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន ដែលមាន​​​ក្រុមហ៊ុន​ឥណ្ឌា ឈ្មោះ Adani ជាអ្នកដឹកមុខ​។ មានតម្លៃសាងសង់ប្រមាណ ៧០០លានដុល្លារ កំពង់ផែថ្មីនេះមាន បណ្តោយលយចូលទឹក ប្រវែង​១៤០០ម៉ែត្រ  និងអាចមានសមត្ថភាព ទទួលកុងទឺន័រទំនិញ ចំនួន​​៣លាន២សែនកុងទឺន័រ ក្នុងមួយឆ្នាំ​។

សូមបញ្ជាក់ថា កាលពីឆ្នាំ​២០២២ រដ្ឋស្រីលង្កាបានប្រកាសក្ស័យធន គ្មានប្រាក់សងបំណុលបរទេសដ៏ច្រើនសន្ធឹក ដោយសារ​ជួបវិបត្តិហិរញ្ញវត្ថុជាបន្តបន្ទាប់។ យ៉ាងណាក៏ដោយ តំណាង​ទីភ្នាក់ងារ​​អាមេរិក​ខាងលើ បាន​​អះអាងថា ការផ្តល់ប្រាក់កម្ចី ទៅឲ្យវិស័យ​ឯកជនស្រីលង្ការនេះ គឺវានឹងមិនទៅបង្កើនទំហំបំណុលសាធារណៈ របស់រដ្ឋាភិបាល​​ស្រីលង្កាទេ។ ផ្ទុយទៅវិញ គឺវា​នឹង​ពង្រឹង​ វត្តមាន​របស់​សម្ព័ន្ធមិត្តអាមេរិក នៅក្នុងតំបន់​នេះ​។

ទីតាំងអនាគតកំពង់ផែទឹកជ្រៅអន្តរជាតិកូឡុំបូខាងលិច ស្ថិតនៅក្រុងកូឡុំបូ មានតម្លៃសាងសង់​ប្រមាណ​៧០០លានដុល្លារ ក្នុង​នោះសហរដ្ឋអាមេរិក​សន្យាផ្តល់​កម្ចី ចំនួន​៥៥៣លានដុល្លារដល់ស្រីលង្កា។ ក្រុងកូឡុំបូ ថ្ងៃទី ៨ វិច្ឆិកា ២០២៣
ទីតាំងអនាគតកំពង់ផែទឹកជ្រៅអន្តរជាតិកូឡុំបូខាងលិច ស្ថិតនៅក្រុងកូឡុំបូ មានតម្លៃសាងសង់​ប្រមាណ​៧០០លានដុល្លារ ក្នុង​នោះសហរដ្ឋអាមេរិក​សន្យាផ្តល់​កម្ចី ចំនួន​៥៥៣លានដុល្លារដល់ស្រីលង្កា។ ក្រុងកូឡុំបូ ថ្ងៃទី ៨ វិច្ឆិកា ២០២៣ AP - Eranga Jayawardena

គួរកត់សំគាល់ថា ស្រីលង្កា គឺជាកោះស្ថិតនៅត្រង់ចំណុចយុទ្ធសាស្ត្របំផុត ព្រោះជាផ្លូវឆ្លងកាត់នៃចរាចរណ៍ទំនិញ រវាងតំបន់​ដើមបូព៌ា និងទ្វីបអាស៊ីទាំងមូល។ ផ្អែកតាមលោក Scott Nathan ប្រមាណពាក់កណ្តាល​នៃ​នាវាដឹកទំនិញ​អន្តរជាតិ គឺត្រូ​វឆ្លងកាត់ដែនទឹក​របស់ស្រីលង្កា។​

គួរបញ្ជាក់ដែរ កំពង់ផែទឹកជ្រៅថ្មីរបស់ស្រីលង្កានេះ​​ វាស្ថិតនៅ​ជាប់​នឹង​កំពង់ផែមួយទៀត ដែលត្រូវបានសាងសង់ឡើង ដោយ​ក្រុមហ៊ុនចិន​ China Merchants Ports Holdings។ កំពង់ផែចិននៅស្រីលង្កានេះ បានបង្កឲ្យ​មានការតវ៉ាជាខ្លាំងពីសំណាក់ឥណ្ឌា ព្រោះឥណ្ឌា​​ខ្លាចក្រែង​ចិន​ប្រើយុទ្ធសាស្ត្រ យកកំពង់ផែនេះ​ប្រើប្រាស់ជាមូលដ្ឋានទ័ព​។ ជាក់ស្តែង​ កាលពីឆ្នាំ​២០១៤ នាវាមុជទឹកបាតសមុទ្រ២គ្រឿងរបស់ចិន បានចូលទៅចត​នៅកំពង់ផែក្រុងកូឡុំបូ ដែលបានធ្វើ​ឲ្យ​ឥណ្ឌា​ខឹងច្រឡោត។

ជាងនេះទៀត ដោយសារតែជាប់បំណុលចិនវ័នក កាលពីឆ្នាំ​២០១៧ រដ្ឋាភិបាលស្រីលង្កា បានសម្រេចចិត្តប្រគល់​កំពង់ផែមួយទៀតរបស់ខ្លួន ឈ្មោះ Hambantota ស្ថិតនៅភាគខាងត្បូងកោះ ទៅឲ្យ​ក្រុមហ៊ុន​ចិន China Merchants Ports Holdings គ្រប់គ្រងរយៈពេល​៩៩ឆ្នាំ​។ អន្ទាក់បំណុលរបស់ចិននេះ បានធ្វើ​ឲ្យអាមេរិក និងឥណ្ឌា មានការព្រួយបារម្ភ ថាចិនអាចនឹងប្រើ​ប្រាស់​កំពង់ផែស្រីលង្កា ធ្វើជាទីតាំងយុទ្ធសាស្ត្រ ដាក់ពង្រាយកងទ័ពចិននៅក្នុងតំបន់​មហាសមុទ្រឥណ្ឌា។ តែ​ទោះជាយ៉ាងណា រដ្ឋាភិបាលស្រីលង្កា បានធានាអះអាងថា ខ្លួននឹងមិនអនុញ្ញាតឲ្យចិន ​ប្រើប្រាស់កំពង់ផែទំនិញរបស់ខ្លួន​​ ដើម្បី​បំពេញ​កម្មវត្ថុយោធាចិន​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ