អានតួអត្ថបទ
ឥណ្ឌា-​ខ្យល់ពុល

ឥណ្ឌា​រង​​​ខ្យល់​ពុលក្នុងបរិយាកាស​ខ្លាំង​ជា​ថ្មី និង​ប្រកាស​​បិទ​សាលារៀន

សាលា​រៀន​នៅ​រដ្ឋ​ធានី​ញូវដេលី ត្រូវ​បិទទ្វារ​ទាំងអស់​នៅថ្ងៃសុក្រ​ទី ៣​វិច្ឆិកា​២០២៣​នេះ ដោយ​ហេតុតែ​​ជាតិ​ពុល​ក្នុង​ខ្យល់​បរិយាកាស​បាន​ឡើងដល់​​​​កំរិតដ៏គ្រោះ​ថ្នាក់។ ផ្ទៃ​បរិយាកាស​ក្នុង​ក្រុង​ឡើង​អាប់​អួរ​និង​ពុល​យ៉ាង​ខ្លាំង។

ឥណ្ឌា​រង​ខ្យល់​ពុល​ខ្លាំង​ជា​ថ្មី និង​ប្រកាស​បិទ​សាលា​រៀន
ឥណ្ឌា​រង​ខ្យល់​ពុល​ខ្លាំង​ជា​ថ្មី និង​ប្រកាស​បិទ​សាលា​រៀន AP - Altaf Qadri
ផ្សាយពាណិជ្ជកម្ម

អាច​ចាត់​ទុក​​ជា​សោកនាដកម្ម​ដដែលៗ​ ​​រដ្ឋ​ធានី​នៃ​ប្រទេស​ឥណ្ឌា​កំពុង​រងគ្រោះ​​ខ្យល់​ពុល​ ថប់​ដង្ហើម​ ជា​ថ្មីនាពេលនេះ។ ហើយ​ជា​ថ្មី​ម្តង​ទៀត​សាលា​រៀន​ត្រូវ​បិទ។ អាជ្ញាធរ​​ក្រុង​ញូវដេលី​បាន​ប្រកាស នៅ​យប់ជ្រៅ​​ថ្ងៃ​ព្រហស្បតិ៍​ទី ២​វិច្ឆិកា ​បិទ​សាលា​បឋម​សិក្សា​ទាំងអស់​ ទាំង​សាលា​រដ្ឋ​សាលា​ឯកជន នៅ​​ថ្ងៃ​សុក្រ​ទី​៣​វិច្ឆិកា​និង​ សម្រាប់​រយៈ​ពេល​យ៉ាង​ហោច​ពីរ​ថ្ងៃ​ទៀត​ ពី​ព្រោះ​ពេល​នេះ​កំរិត​ជាតិ​ពុល​ក្នុង​បរិយាកាស​បាន​ឡើង​ដល់​កំរិត​ដ៏​គ្រោះថ្នាក់សម្រាប់​សុខភាព។ បើ​តាម​ស្ថាប័នស្វីសផ្នែក​​​តាមដាន​គុណភាព​ខ្យល់​បរិយាកាស IQAir បរិមាណ​ធាតុ​ល្អិត​ឆ្មារៗ​PM2.5 ដ៏​មហា​គ្រោះ​ថ្នាក់​នោះ​ បាន​ឡើង​ហួស​កំរិត​អតិបរិមា​កំណត់​ដោយ​អង្គការ​សុខភាព​ពិភពលោក​ដល់​ទៅ​៣៥​ដង។

តូច​ឆ្មារ​ខ្លាំង​ ធាតុ​ពុល​ដ៏​ល្អិតPM2.5​ នៅពេល​ស្រូប​​ចូល​ក្នុង​សរីរាង្គ​កាយ​មនុស្ស​តាម​ផ្លូវ​ដង្ហើម​ហើយ អាច​ជ្រាប​​ឆ្លង​​ចូល​ដល់​ក្នុង​សរសៃ​ឈាម​តូចៗ​ និង​តោង​រត់​តាម​ចរន្ត​ឈាម​ពេញ​ខ្លួន​។ បើ​តាម​ការ​សិក្សា​របស់​The Lancet ទស្សនាវដ្តី​សុខភាព​អង់គ្លេស ចេញ​ផ្សាយ​កាលពី​ឆ្នាំ​២០២០ ខ្យល់​ពុល​​នេះ​អាច​ជា​ដើម​ហេតុ​នៃ​ការ​ស្លាប់​របស់​​ពលរដ្ឋ​ឥណ្ឌាចំនួន​​ជាង​១លាន​៦សែន​៧​ម៉ឺន​នាក់ នៅមួយ​​ឆ្នាំ​២០១៩ ក្នុង​នោះ១៧៥០០នាក់​នៅ​ក្រុង​ញូវដេលី។

ញូវដេលី​ជា​ក្រុង​ប្រជុំ​ជន​​ដ៏​ធំ​ជាង​គេ​មួយ​នៅលើ​ផែន​ដី​ ប៉ុន្តែ​រដ្ឋ​ធានី​ដ៏​ធំ​ចង្អៀត​មួយ​នេះ​តែង​ជាប់​ចំណាត់​ជា​ញឹក​ញាប់​ជា​ក្រុង​ដ៏​ពុល​ខ្លាំង​ជាង​បំផុត​ដែរ​នៅ​លើ​ពិភពលោក។ ​ដូច​ជា​រៀង​រាល់​ឆ្នាំ ឱ្យ​ជិត​ចូលដល់​​រដូវ​រងារ​ ខ្យល់​បរិយាកាស​​ក្នុង​រដ្ឋធានី​ចាប់​ឡើង​ពុលខ្លាំង ដោយហេតុ​តែ​មាន​ពិធី​បុណ្យ​សាសនា​​ផង និង​ប្រពៃណី​កសិកម្ម​បែប​បំពុលបរិស្ថាន​កើត​ឡើង​ស្ទើរ​ចំពេល​តែ​មួយ។ ​ខ្យល់​បរិយាកាស​បាន​​ឡើង​​​អួរ​អាប់ ដោយ​​ផ្សែង​យាន​យន្ត ផ្សែង​រោង​ចក្រ​ឧស្សាហកម្ម ​តាំងពី​ពីរ​បី​ថ្ងៃមក​ហើយ ​ ត្រូវ​បន្ថែម​ដោយ​ផ្សែង​ហុយ​មក​ពីបុណ្យ​សាសនា និង​ការ​ដុតស្បូវដុត​ស្រែ ដែលជា​ទំនៀម​ទម្លាប់​របស់​​កសិករ​ឥណ្ឌា​រាប់​សិប​ពាន់​នៅ​តំបន់​ភាគ​ខាង​ជើង​ប្រទេសទៀត។

ទំនៀម​ទម្លាប់​នេះ​ជា​​ដើម​ហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ផ្សេង​ទៀត​ដែល​នាំ​ឱ្យ​ក្រុង​ញូវដេលី​រង​ខ្យល់​ពុល​ស្ទើរ​ថប់​ដង្ហើម​ជា​រៀង​រាល់​ឆ្នាំ និង​ប្រារព្វ​ធ្វើ​មិន​ដែល​ខាន​ បើ​ទោះ​បី​ជា​អាជ្ញាធរ​ឥណ្ឌា​ប្រឹង​បញ្ចុះ​បញ្ចូល​ឱ្យ​កសិករ​ប្រើ​វិធី​ផ្សេង​និង​គំរាមចាត់​វិធានការ​ដាក់​ទណ្ឌកម្ម​ក៏​ដោយ។ អាជ្ញាធរ​ឥណ្ឌា​បាន​ប្រកាស​ផែនការ​កាត់​បន្ថយ​​ខ្យល់​ពុល​ជា​រឿយៗ​ ក្នុង​អំឡុង​ពេល​នេះ ដូច​ជា​ផ្អាកការដ្ឋាន​សំណង់​ ប៉ុន្តែ​គ្មាន​បាន​លទ្ធផល​សោះ។ ​រំពឹង​យ៉ាង​ខ្លាំង​លើ ​​ថាមពល​ធ្យូងថ្ម ឥណ្ឌា​បញ្ចេញឧស្ម័នបំពុល​បរិយាកាស​​ច្រើន​ឡើង​ជា​លំដាប់​ និង​ក្នុង​កំរិត​២៩%​ក្នុង​រយៈ​ពេល​៧​ឆ្នាំ​ចុងក្រោយ​នេះ ហើយ​មិន​សូវ​ខ្វល់នឹង​ការ​​អនុវត្ត​នយោបាយ​កាត់​បន្ថយ​ចំហេះ​ផូស៊ីល​ជា​បណ្តើរៗ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ