អានតួអត្ថបទ
ចិន-ឧស្សាហកម្ម

អាមេរិក និងអឺរ៉ុបលែងសូវចង់ពឹងផ្អែកចិន ប៉ុន្តែចិននៅតែបង្កើន​ការងារ​ឧស្សាហកម្ម​នាំមុខគេ​ក្នុងពិភពលោក

មហាអំណាចិន​នៅតែ​បន្ត​បង្កើត​ការងារ​ឧស្សាហកម្ម​ពិភពលោក រហូតឈានទៅនាំមុខគេ នៅ​ឆ្នាំ​២០៥០។ តាម​ការសិក្សា​របស់​មជ្ឈមណ្ឌល​អភិវឌ្ឍសកល​ដែលមាន​ទីតាំង​នៅទីក្រុង​វ៉ាស៊ីនតោន បើទោះបី​អាមេរិក និង​អឺរ៉ុប​ចង់កាត់បន្ថយ​ការពឹងផ្អែក​លើ​ឧស្សាហកម្ម​ចិន ប៉ុន្តែការងារ​ដែល​វិស័យ​ឧស្សាហកម្ម​ចិន​បង្កើតឡើង ក្នុងរយៈពេល​៣០ឆ្នាំខាងមុខ នឹងកើនឡើង​ចំនួន និង​តំណាង​ឲ្យ​៤៣%​នៃ​ការងារ​ឧស្សាហកម្ម​សរុប នៅក្នុង​ពិភពលោក។

ការដ្ឋានសាងសង់​នៅ ទីក្រុង​ប៉េកាំង
ការដ្ឋានសាងសង់​នៅ ទីក្រុង​ប៉េកាំង AP - Andy Wong
ផ្សាយពាណិជ្ជកម្ម

ទោះបី​អាមេរិក និង​អឺរ៉ុប​មាន​ឆន្ទៈ​ចង់កាត់បន្ថយការពឹងផ្អែកទាំងស្រុង​លើ​វិស័យឧស្សាហកម្ម​ចិន​សម្រាប់​ការផ្គត់ផ្គង់ក្នុងស្រុក ប៉ុន្តែ វិស័យ​ឧស្សាហកម្ម​របស់​ចិន​នៅតែបង្កើត បង្កើនការងារ ក្នុង​រយៈពេល​៣០ឆ្នាំ​ទៅមុខ។

តាមការសិក្សា​របស់​មជ្ឈមណ្ឌល​អភិវឌ្ឍ​សកល​Center for Global Development ដែលមាន​ទីតាំង​នៅទីក្រុង​វ៉ាស៊ីនតោន វិស័យឧស្សាហកម្ម​ចិន​នឹង​នៅ​បន្តបង្កើន​ការងារ ទោះបី ជា​និន្នាការ​បង្កើតកាងារ​ជាទូទៅ នៅក្នុង​ពិភពលោក ស្ថិតនៅទ្រឹង ឬ​ធ្លាក់ចុះ។

ដោយសារ​វិបត្តិកូវីដ​ដែល​បាន​ជំរុញ​ឲ្យមានការបិទខ្ទប់​ប្រទេស ជាពិសេស ការផ្អាកសកម្មភាពផលិត​នៅប្រទេស​ចិន ដែលប៉ះពាល់​ដល់​សង្វាក់ផលិតកម្ម​នាំចូល ប្រទេស​ជាច្រើន​នៅអឺរ៉ុប រួមទាំងអាមេរិក​ផង​បាន​សើរើ​នយោបាយ​របស់ខ្លួន លែងចង់​ពឹងផ្អែក​ខ្លាំងលើ​ផលិតផល​ឧស្សាហកម្មរបស់ចិន តាមរយៈ​ការរើទីតាំង​រោងចក្រ​ឧស្សាហកម្ម​យុទ្ធសាស្រ្ត​របស់ខ្លួន​ចេញពី​ចិន ទៅដាក់​នៅ​ប្រទេស​ផ្សេងទៀត​ដែលមាន​នយោបាយស្របគ្នា​ជាមួយ។ អាមេរិក​វិញ​ដែល​នៅតែ​ចង់នាំមុខ​ខាង​បញ្ញាសិប្បនិម្មិត បាន​កំណត់ រឹតត្បិត​សមត្ថភាព​របស់​ចិន នៅក្នុង​វិស័យ​បច្ចេកវិទ្យានាំមុខ ដូចជា ការផលិត​សឺមីកុងឌុចទ័រ​ដែលគេ​ត្រូវការ​ចាំបាច់​សម្រាប់​អភិវឌ្ឍ​វិស័យបញ្ញាសិប្បនិម្មិត។

ប៉ុន្តែ បើតាម​ការសិក្សា​របស់​មជ្ឈមណ្ឌល​អភិវឌ្ឍសកល បើទោះអាមេរិក និង​ប្រទេស​នៅអឺរ៉ុប​ចង់កាត់បន្ថយ​ការពឹងផ្អែក​លើ​ឧស្សាហកម្ម​ចិន ក៏ ការងារ​ឧស្សាហកម្ម​ដែល​មហាអំណាច​ចិន​បង្កើតឡើង នៅក្នុងពិភពលោក ​ពីពេលនេះ​ដល់​ឆ្នាំ ២០៥០ នៅតែ​កើនឡើងខ្ពស់ និង​តំណាង​ឲ្យ​៤៣%​នៃ​ការងារ​ឧស្សាហកម្ម​សរុប នៅក្នុង​ពិភពលោក ក្នុងខណៈពេលដែល ក្រុម​ប្រទេសអ្នកមាន ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ផ្សេងទៀត​ត្រូវ​ប្រឈមជួប​បញ្ហា​បាត់បង់​ការងារ​ឧស្សាហកម្ម ពី ១១,៤% មកនៅ​៨,៣%។

ដោយតាមដាន​សិក្សា​លើ​ប្រទេស​ចំនួន ៥៩ ដែល​តំណាង​ឲ្យ​៧៥%​នៃ​ផលិតផលសរុប​នៅក្នុង​ពិភពលោក មជ្ឈមណ្ឌល​អភិវឌ្ឍ​សកល បង្ហាញដែរថា នៅប្រទេស​កំពុងអភិវឌ្ឍ ឬ​ប្រទេស​ក្រីក្រ ការបង្កើត​ការងារ​ឧស្សាហកម្ម ស្ថិតនៅទ្រឹង ក្រោម៨%។ ប៉ុន្តែ មិនមែនមានន័យថា ប្រទេស​ទាំងនោះ​មិន​អាច​ចាកផុតពីភាពក្រីក្រ​នោះទេ។ បើទោះបីជា​វិស័យឧស្សាហកម្ម​របស់​ខ្លួនមិនសូវ​លូតលាស់ ដូច​ចិន ឬ​ប្រទេស​អ្នកមាន ប៉ុន្តែ ប្រទេស​កំពុងអភិវឌ្ឍ​នឹងអាច​ក្រឡាស់ខ្លួន ដោះដៃ​ចេញពីភាពក្រីក្រ​ តាមរយៈ ការដើរចេញ​ពី​វិស័យ​កសិកម្ម ដើម្បីឆ្ពោះទៅ​ចាប់​យក​វិស័យសកម្ម​សម្រាប់​ជំរុញ​សេដ្ឋកិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ