អានតួអត្ថបទ
ចិន-ការពារជាតិ

ចិន និងរុស្ស៊ី​រួមគ្នា​ចោទប្រទេសមួយចំនួនថា ជាអ្នកសាបព្រួសបង្កើតបញ្ហា​ក្នុងពិភពលោក

នៅក្នុង​វេទិកា​សន្តិសុខ ​ ស្ហាងស្ហាន Xiangshan ​ លើកទី​១០ នៅទីក្រុង​ប៉េកាំង អ្នកទទួលខុសត្រូវជាន់ខ្ពស់​របស់ប្រទេសចិន និង​រុស្ស៊ី បានរិះគន់ខ្លាំងៗ ប្រទេសលោកខាងលិច​ថា ជា​អ្នកចង់ សាង បង្កើតបញ្ហា​នៅ​តំបន់​អាស៊ី និង​នៅកន្លែងដទៃក្នុង​ពិភពលោក។ ប្រមូលផ្តុំទៅដោយ​រដ្ឋមន្រ្តីការពារជាតិ និងអ្នកទទួលខុសត្រូវ​មកពីប្រទេស​ចំនួន ៩០​ក្នុងពិភពលោក វេទិកា​របស់​ចិន ស្តីពី​សន្តិសុខ​ក្នុងពិភពលោក រៀបចំឡើង ដោយ​គ្មានវត្តមាន​របស់​រដ្ឋមន្រ្តីការពារចិន លោក​លី ស្ហាំងហ្វូ Li Shangfu ដែលទើបត្រូវដកចេញពីតំណែង កាលពីសប្តាហ៍មុន។

រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីលោក Sergei Shoigu​និយាយជាមួយ​អនុប្រធានគណៈកម្មការកងទ័ពចិន លោកZhang Youxia, នៅថ្ងៃបើកសម្ពោធ​វេទិកា​ស្តីពីសន្តិសុខ នៅថ្ងៃទី៣០​តុលា​២០២៣
រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីលោក Sergei Shoigu​និយាយជាមួយ​អនុប្រធានគណៈកម្មការកងទ័ពចិន លោកZhang Youxia, នៅថ្ងៃបើកសម្ពោធ​វេទិកា​ស្តីពីសន្តិសុខ នៅថ្ងៃទី៣០​តុលា​២០២៣ AP - Ng Han Guan
ផ្សាយពាណិជ្ជកម្ម

ចិន​បើកវេទិកា​ស្តីពី​សន្តិសុខ​លើកទី​១០ ដោយ​គ្មានវត្តមាន​រដ្ឋមន្រ្តី​ការពារជាតិ របស់ខ្លួន នៅបន្ទាប់ពី​រដ្ឋមន្រ្តីការពារជាតិ លោក Li Shangfu​ត្រូវ​ដក​ចេញ​ពី​តំណែង ដោយ​គ្មាន​មូលហេតុ​កាលពី​សប្តាហ៍មុន។ នៅក្នុង​វេទិកា​ស្តីពី​សន្តិសុខ Xiangshan ដែល​បើកទ្វារ​តាំងពី​ថ្ងៃ​អាទិត្យ នៅទីក្រុង​ប៉េកាំង គឺ​អនុប្រធាន​គណៈកម្មការ​កងទ័ពមជ្ឈិមបក្សកុម្មុយនិស្ត​ចិន លោក Zhang Youxia ដែលជាអ្នកឡើងបើកសម្ពោធ​សន្និសីទ នៅថ្ងៃចន្ទ ទី​៣០​តុលានេះ។

នៅក្នុង​សុន្ទរកថា​ថ្លែង​ទៅ​កាន់ រដ្ឋមន្រ្តីការពារជាតិ និង​អ្នកទទួលខុសត្រូវ​កងទ័ព មកពី​ប្រទេស​ចំនួន​៩០​ក្នុង​ពិភពលោក លោក Zhang Youxia ដែល​ជា​អ្នកទទួលខុសត្រូវ​ជាន់ខ្ពស់​របស់​កងទ័ព​ចិន បន្ទាប់ពី​លោក​ប្រធានាធិបតី ស៊ី ជីនពីង​បាននិយាយ​រិះគន់ ដោយ​មិនចំឈ្មោះ ប្រទេស​មួយចំនួន​ថា ជាអ្នក​សាង បង្កើត​បញ្ហាឡើង​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន។

បើតាម​អនុប្រធានគណៈកម្មការកងទ័ពចិន នៅក្នុង​ពិភពលោក​សព្វថ្ងៃនេះ ចំណុចក្តៅ​បាន​ផ្ទុះឡើង​បន្តបន្ទាប់គ្នា។ ការឈឺចាប់ដោយសារ​សង្រ្គាម ភាពវឹកវរ ចលាចល រួមទាំង​ការបាត់បង់ជីវិត​មនុស្ស​បាន​កើតឡើង​សឹងគ្រប់ទិសទី។ ដោយ​មិននិយាយ​ចំឈ្មោះអាមេរិក ឧត្តមសេនីយ៍ ចិន លោក​ Zhang Youxia​បន្ថែមថា ប្រទេស​មួយចំនួនដែល​ខ្លាច​ពិភពលោក​ជួប​ស្ថិរភាព បាន​បង្កើតបញ្ហា ដោយ​ចេតនា និង​ជ្រៀតជ្រែក​ក្នុង​បញ្ហា​ថ្នាក់​តំបន់ លូកដៃ​ចូលកិច្ចការផ្ទៃក្នុង​ប្រទេស​ដទៃ និង​បង្កើត​បដិវត្តន៍ពណ៌។ ព្រោះតែ​អត្មានិយម ប្រយោជន៍ផ្ទាល់ខ្លួន ប្រទេស​មួយចំនួន​បាន​បង្កើត​ជម្លោះភូមិសាស្រ្តនយោបាយ​ជាច្រើនកន្លែង បន្ទាប់មក ចេញមុខ​កាន់ជើងភាគីតែម្ខាង ដែលជា​ហេតុធ្វើ​ឲ្យ​ស្ថានភាពក្នុងតំបន់​កាន់តែ​ស្មុគស្មាញ ពិបាកដោះស្រាយ។

ឡើង​ថ្លែងបន្ទាប់ពី​ឧត្តមសេនីយ៍ Zhang Youxia រដ្ឋមន្រ្តីការពារជាតិ​រុស្ស៊ី លោក Sergueï Choïgou មិនរារែកនឹងនិយាយចំៗឈ្មោះ អាមេរិក និង​ក្រុមប្រទេស​លោកខាងលិច​មួយចំនួន​ទៀត ថា ជាអ្នកចង់ធ្វើ​ឲ្យ​តំបន់អាស៊ី ជួបអស្ថិរភាព។ តាម​ប្រមុខ​ការពារ​ជាតិ​រុស្ស៊ី បន្ទាប់ពី​បង្កើតវិបត្តិ​នៅអឺរ៉ុប ដែលកំពុងមាន​សង្រ្គាមអ៊ុយក្រែន បស្ចិមលោក​ប៉ុនប៉ង​ពង្រីកវិបត្តិ​ចូលដល់​តំបន់​អាស៊ីប៉ាស៊ីហ្វិក។ សម្រាប់​រដ្ឋមន្រ្តីការពារជាតិ​រុស្ស៊ី ជម្លោះដែលមាន​ការចូលរួម​ពាក់ព័ន្ធ​ប្រទេស​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​នឹង​អាច​បង្ក​ឲ្យមាន​គ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ។

នៅក្នុង​វេទិកាស្តី​ពី​សន្តិសុខ Xiangshan អាមេរិក និងប្រទេស​លោកខាងលិច ដែលជាផ្ទាំងស៊ីបរិះគន់ មិនបាន​បញ្ជូន​រដ្ឋមន្រ្តីការពារជាតិរបស់ខ្លួន ប៉ុន្តែបានត្រឹមបញ្ជូន​មន្រ្តីតូចតាច​របស់​ក្រសួងការពារជាតិ​ទៅចូលរួម​តែប៉ុណ្ណោះ។

បញ្ហា​កោះតៃវ៉ាន់ បូកផ្សំ​នឹង​ជម្លោះពាណិជ្ជកម្ម បានធ្វើ​ឲ្យ​ចិន និងអាមេរិក​តានតឹង​នឹងគ្នាខ្លាំង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែ នៅក្នុង​សារ បិទបញ្ចប់​សុន្ទរកថា​របស់ខ្លួន លោក​ឧត្តមសេនីយ៍ Zhang Youxia បញ្ជាក់ថា ចិន​នៅតែ​ចង់​អភិវឌ្ឍ​ទំនាក់ទំនង​យោធា​ជាមួយ​អាមេរិក ដោយឈរលើគោលការណ៍ គោរពគ្នា​ទៅវិញ ទៅមក ដើម្បី​សន្តិភាព និង​ការសហការ​ដើម្បីឈ្នះទាំងអស់គ្នា។ ប៉ុន្តែ នៅក្នុង​ពេល​ជួបប្រាស្រ័យ​មួយភ្លែតជាមួយ រដ្ឋមន្រ្តីការពារជាតិ​រុស្ស៊ី អនុប្រធាន​គណៈកម្មការកងទ័ពចិន​បញ្ជាក់​ពី​សារៈសំខាន់ និង​ការពង្រឹង​សហប្រតិបត្តិការយុទ្ធសាស្រ្តយោធា​ចិន និង​រុស្ស៊ី ដែលបាន​ខិតចូលជិតគ្នា​ជាងពេលណាៗទាំងអស់ ដោយសារ​សង្រ្គាមអ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ