អានតួអត្ថបទ

ឥណ្ឌា៖ បាត់ខ្លួនយ៉ាងហោចទាហាន២៣នាក់ ក្នុងគ្រោះទឹកជំនន់នៅតំបន់ហិម៉ាឡៃយ៉ា

មាន​ទាហាន​ឥណ្ឌា​យ៉ាង​ហោច​ណាស់ ២៣​នាក់​បាន​បាត់​ខ្លួន នៅក្នុង​គ្រោះ​​ទឹក​ជំនន់​ដ៏​ទាន់​ហន់​មួយ​ នៅ​តំបន់​ជ្រលង​ភ្នំ​ហិម៉ាឡៃយ៉ា ភាគ​ឦសាន​នៃ​ប្រទេសឥណ្ឌា ដែល​ជា​តំបន់​ភ្នំ​ដាច់​ស្រយាល​​ជាប់​ព្រំដែន​នឹង​នេប៉ាល់។

ឥណ្ឌា៖ បាត់ខ្លួនយ៉ាងហោចទាហាន២៣នាក់ ក្នុងគ្រោះទឹកជំនន់នៅតំបន់ហិម៉ាឡៃយ៉ា
ឥណ្ឌា៖ បាត់ខ្លួនយ៉ាងហោចទាហាន២៣នាក់ ក្នុងគ្រោះទឹកជំនន់នៅតំបន់ហិម៉ាឡៃយ៉ា AP
ផ្សាយពាណិជ្ជកម្ម

ដោយហេតុ​តែ​ភ្លៀង​ធ្លាក់​ខ្លាំងខុស​ប្រក្រតី បឹង ​Lhonak និង​ស្ទឹង​ Tista បានឡើង​កម្ពស់ទឹក​​​៤ម៉ែត្រ​កន្លះ​លើកម្រិត​ធម្មតា ហើយជន់​ជោរ​បង្ក​ជា​ទឹក​ជំនន់​យ៉ាង​គំហុក និង​ភ្លាម​មួយ​រំពេច។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​យោធាឥណ្ឌា ដោយ​លម្អិត​ថា ទាហាន​២៣នាក់​បាន​បាត់​ខ្លួន ហើយ​រថយន្ត​របស់​ពួក​គេ​បាន​លិច​អស់ តែ​អាជ្ញាធរ​កំពុង​បើក​ប្រតិបត្តិការ​ស្វែង​រក​ហើយ។

បើ​តាម​រូបភាព​បង្ហោះ​ដោយ​អ្នក​នាំពាក្យ​យោធា​ ទឹក​ជំនន់​ខាប់ពណ៌​ដី​បាន​ហូរ​ធ្លាក់ដូច​ទឹក​ជ្រោះ​ចាក់លើ​ជ្រលង​ភ្នំ ​ដែល​គ្រប​ដណ្តប់​ទៅ​ដោយ​ព្រៃ​ឈើ ​​ហើយ​ហូរកញ្ជ្រោលទៅ​កាត់​ផ្លូវ និង​អូសពាំ​យក​បង្គោល​ភ្លើងទៅ​ជាមួយផង។ ក្នុង​វីដេអូផ្សេងទៀត ដែលចែក​ចាយ​ដោយ​យោធា​ដដែល ទឹក​បាន​ជន់​លិច​ក្រុង​ លិច​អាគារ​ស្នាក់​នៅ​ដល់​ជាន់​ទីមួយ។

នៅ​ឥណ្ឌាទឹក​ជំនន់​និង​ការ​ហូរ​បាក់​ដី​ តែង​តែ​កើ​ត​ឡើង​ជា​ញឹកញាប់​ និង​បង្ក​ការ​ខូច​ខាត​​យ៉ាង​​ខ្លាំង ជាពិសេស​នៅ​រដូវ​វស្សា​ម៉ូសុង​ ពី​ខែ​មិថុនា​ដល់​ខែ​កញ្ញា​។​ តាមធម្មតា ចូល​ដល់​​ខែ​តុលា ភ្លៀង​លែង​សូវ​ធំ​ហើយ។ ប៉ុន្តែ​បើ​តាមអ្នក​ជំនាញ​ ការ​ប្រែប្រួលអាកាសធាតុ​​បាន​ធ្វើ​ឱ្យ​តំបន់ហិម៉ាឡៃយ៉ា ប្រឈមមុខនឹងការ​រង​គ្រោះមហន្តរាយទឹកជំនន់ កាន់តែ​ញឹកញាប់ ​និង ​​ក្នុងកម្រិតកាន់តែធ្ងន់ធ្ងរ។

បឹង​ឡូណាក់ ស្ថិតនៅតំបន់​ភ្នំ​ហិម៉ាឡៃយ៉ា ក្បែរ​​ជើង​កំពូល​ភ្នំ​ទឹកកក​ Kangchenjunga ដែល​ជា​កំពូល​ភ្នំខ្ពស់​ជាង​គេ​បំផុតទី​បី​ នៅលើ​ពិភពលោក​។ ការ​ឡើង​កម្តៅ​អាកាសធាតុ​បាន​ធ្វើ​ឱ្យ​ផ្ទាំង​ទឹកកក​លើ​កំពូ​ល​ភ្នំហិម៉ាឡៃយ៉ា ​​រលាយ​យ៉ាង​លឿន​រហ័ស​មិន​ធ្លាប់​មាន​ទេ​។ នៅ​ចន្លោះ​​ឆ្នាំ​២០១១ ដល់​ឆ្នាំ ​២០២០ ភ្នំ​​ទឹកក​កហិម៉ាឡៃយ៉ា ​បាន​រលាយ​ក្នុង​កំរិត​ ៦៥% ​លឿន​ជាង កាលពី​​មួយ​​ទសវត្សរ៍​មុន​។ នេះ​បើ​តាម​របាយការណ៍​ របស់​មជ្ឈមណ្ឌល​អន្តរជាតិ​ដើម្បីការអភិវឌ្ឍតំបន់​ភ្នំ​ ចេញ​ផ្សាយ​កាលពី​ខែ​មិថុនា​ឆ្នាំ​២០២៣ ដោយ​ព្យាករ​​ថា យោង​តាម​​កំរិត​នៃ​ការ​​​បញ្ចេញ​ឧស្ម័នកាបូនិក​សព្វថ្ងៃ​ ផ្ទាំង​ទឹកកក​នឹង​រលាយ​​បាត់​អស់​៨០%​នៃ​ទំហំ​បច្ចុប្បន្ន​ នៅ​ដំណាច់​សតវត្សរ៍នេះ​។ ការរលាយ​ផ្ទាំង​ទឹកកក​លើ​កំពូល​ភ្នំ​ នឹង​បង្កើន​បរិមាណខ្សែ​ទឹក​ បូក​ផ្សំ​នឹង​សំណង់​ខុស​ក្បួន​ខ្នាត​ទៀត ការ​ខូត​ខាត​ដោយ​​គ្រោះទឹក​ជំនន់រឹត​​តែ​ធ្ងន់ធ្ងរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ