អានតួអត្ថបទ
អូស្ត្រាលី-ធ្លាក់ឧទ្ធម្ភាគចក្រ

អូស្ត្រាលីបោះបង់ចោលឧទ្ធម្ភាគចក្រយោធាTaipan នៅក្រោយ​គ្រោះថ្នាក់សម្លាប់ទាហាន៤រូប

រដ្ឋមន្រ្តីក្រសួងការពារជាតិអូស្ត្រាលីប្រកាសបញ្ឈប់មុនកាលកំណត់ នូវការហោះហើររបស់ឧទ្ធម្គាគចក្រ​យោធា​ប្រភេទប្រភេទ​Taipan MRH-90 បន្ទាប់ពីមានគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ​កាលពីខែ​កក្កដា ដែលបាន​សម្លាប់​ទាហានអូស្ត្រាលី​៤នាក់​។ តាមប្រមុខការពារជាតិ​អូស្ត្រាលី​ការសម្រេចចិត្ត​បោះបង់ចោល​ឧទ្ធម្ភាចក្រ​ប្រភេទ Taipan​ ជាការសម្រេចចិត្ត​ដាច់ដោយឡែក គ្មានជាប់ពាក់ព័ន្ធនឹង​ការដំណើរការស៊ើបអង្កេត​លើគ្រោះថ្នាក់​​ធ្លាក់​ឧទ្ធម្ភាគចក្រ​ដែលត្រូវការពេលវេលា​​យ៉ាងតិច​១ឆ្នាំ។

ស្ត្រាលីប្រកាសបញ្ឈប់មុនកាលកំណត់ នូវការហោះហើររបស់ឧទ្ធម្គាគចក្រយោធាប្រភេទប្រភេទTaipan MRH-90 បន្ទាប់ពីមានគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រកាលពីខែកក្កដា
ស្ត្រាលីប្រកាសបញ្ឈប់មុនកាលកំណត់ នូវការហោះហើររបស់ឧទ្ធម្គាគចក្រយោធាប្រភេទប្រភេទTaipan MRH-90 បន្ទាប់ពីមានគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រកាលពីខែកក្កដា AP - Mr Bradley Richardson
ផ្សាយពាណិជ្ជកម្ម

កងទ័ពអូស្ត្រាលីមានគម្រោងបោះបង់ចោល ឈប់ប្រើឧទ្ធម្គាចក្រ​ប្រភេទ​Taipan MRH-90 ​នៅ​ខែធ្នូ​ចុងឆ្នាំ ២០២៤។ ប៉ុន្តែ តាមការប្រកាស​របស់​​រដ្ឋមន្រ្តីការពារជាតិ​អូស្ត្រាលី លោក Richard Marles នៅថ្ងៃសុក្រនេះ ឧទ្ធម្ភាគចក្រ​​ប្រភេទ​Taipan MRH-90 នឹងត្រូវដកលែងឲ្យប្រើប្រាស់​មុនកាលកំណត់ ​នៅបន្ទាប់ពីមានគ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​យោធា​ប្រភេទនេះ កាលពីខែ​កក្កដា ដែលបានសម្លាប់​ទាហាន​អូស្ត្រាលី​៤នាក់។ តាម​ប្រមុខការពារជាតិអូស្ត្រាលី អូស្ត្រាលី​នឹងទិញ​ឧទ្ធម្គាគចក្រ​អាមេរិក​ប្រភេទBlack Hawk ​មក​ជំនួស ឧទ្ធម្ភាគចក្រចាស់ Taipan។

ចាប់តាំងពីកើតមានគ្រោះថ្នាក់​ធ្លាក់ឧទ្ធម្ភាគចក្រ ដែលគេមិនទាន់ដឹងពីមូលហេតុ កងពលទ័ព​អាកាស​អូស្ត្រាលីដែល​មាន​ឧទ្ធម្ភាគចក្រ​Taipan MRH-90 ចំនួន​៤៧​គ្រឿង បានផ្អាក​កម្មភាពទាំងស្រុង​ នៅក្នុងអំឡុង​ពេល​រង់ចាំ​ការស៊ើបអង្កេត។ ប៉ុន្តែ តាមរដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី មានការស៊ើបអង្កេតចំនួន​៤ ទៅ​លើ​គ្រោះថ្នាក់​ធ្លាក់ឧទ្ធម្ភាគចក្រ​Taipan MRH-90 ដែលនៅក្នុងនោះ ការស៊ើបអង្កេត​មួយត្រូវ​ការពេលវេលាយ៉ាងតិច​១ឆ្នាំ។

ឧទ្ធម្ភាគចក្រ​ ប្រភេទ​Taipan MRH-90 ផលិត​ដោយ​ក្រុមហ៊ុន​អឺរ៉ុប​ធ្លាក់​ចូលទៅក្នុង​មហាសមុទ្រ​ក្បែរ​ដ្ឋ​Queenland នៅក្នុងអំឡុង​ពេល​ហាត់សម មុននឹងត្រូវ​ចូលរួមក្នុង​សមយុទ្ធ Talisman Sabre ដែលជាសមយុទ្ធទ្រង់ទ្រាយធំ​ជាមួយ​កងទ័ព​សម្ព័ន្ធមិត្តអាមេរិក ជប៉ុន បារាំង អាល្លឺម៉ង់ និង​កូរ៉េខាង​ត្បូង។ ​គ្រោះ​ធ្លាក់​ឧទ្ធម្ភាគចក្រយោធា​របស់អូស្ត្រាលីបានទៅ ​ផ្អាក​ព្យួរ​សមយុទ្ធ​ដែលគេគ្រោងរៀបចំ នៅខែ​សីហា។

មន្រ្តីយោធា​​អូស្ត្រាលី​ធ្លាប់​ទាមទារ​ជាច្រើនលើកឲ្យ​បញ្ឈប់​​ការ​ហោះហើរ​​ឧទ្ធម្ភាគចក្រ​Taipanដោយសារ​តែ​បញ្ហាជួសជុលនិង​ការប្តូរ​​គ្រឿង​បន្លាស់។ ​នៅ​ដើម​ឆ្នាំនេះ កងពលទ័ពអាកាសឧទ្ធម្ភាគចក្រ​ត្រូវ​សំចត​យាន​យន្ត​របស់​ខ្លួនចោល​​រយៈ​ពេល​មួយ​ខែ​ ក្រោយ​ពី​​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ខូចម៉ាស៊ីន​។

នៅថ្ងៃ​សុក្រ រដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី លោក Richard Marles ទទួលស្គាល់ការខ្វះខាត​នៅក្នុងប្រតិបត្តិការទ័ពអាកាស ដោយគ្មានឧទ្ធម្ភាចក្រប្រភេទ​Taipan។ ប៉ុន្តែ បើតាម​លោក Richard Marles អូស្ត្រាលីនឹងបង្កើនល្បឿនក្នុងការចរចា​ដើម្បី​ឲ្យ​ធ្វើយ៉ាងណា​ឲ្យកងពលទ័ពអាកាស​អូស្ត្រាលីទទួល និងប្រើប្រាស់ឧទ្ធម្ភាគចក្រអាមេរិកក្នុងពេលឆាប់ៗខាងមុខ។

នៅខែ​មករាដើមឆ្នាំនេះ អូស្ត្រាលី​ធ្លាប់ប្រកាសគម្រោងចង់ទិញ​ឧទ្ធម្ភាគចក្រ​យោធា ​ប្រភេទ​Black Hawksចំនួន​៤០គ្រឿងផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក Lockheed Martin ​​ក្នុងតម្លៃ១៨០០លាន​ដុល្លារ។ ប៉ុន្តែ សព្វថ្ងៃនេះ អូស្ត្រាលីបានទទួល​ឧទ្ធម្ភាគចក្រ​អាមេរិក​តែ​៣គ្រឿងប៉ុណ្ណោះ ដែលចាប់​ហោះសាកល្បងនៅខែ​កញ្ញានេះ។ ដើម្បីប៉ះប៉ូវ​ការខូចខាត​ដោយសារ​គ្មាន​ឧទ្ធម្គាគចក្រ​ប្រើប្រាស់គ្រប់គ្រាន់ រដ្ឋមន្រ្តីការពារ​ជាតិ​លោក Richard Marles អះអាងថា អូស្ត្រាលី​នឹង​បញ្ជូន​ទាហាន​របស់ខ្លួនឲ្យទៅចូលរួមហាត់សម​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​​ជាមួយប្រទេស​សម្ព័ន្ធមិត្ត​ដូចជា​អាមេរិកជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ