អានតួអត្ថបទ
ជប៉ុន-នុយក្លេអ៊ែរ

នាយករដ្ឋមន្រ្តីជប៉ុនទៅហ៊្វូគូស្ហ៊ីម៉ា នៅមុនប្រកាសថ្ងៃបង្ហូរទឹកចេញពីរោងចក្រនុយក្លេអ៊ែរ

ប្រមុខរដ្ឋាភិបាលជប៉ុន លោក​ហ្វូមីអូ គីស៊ីដា បានធ្វើទស្សនកិច្ច រយៈពេលខ្លីនៅមជ្ឈមណ្ឌលនុយក្លេអ៊ែរហ៊្វូគូស្ហ៊ីម៉ា នៅថ្ងៃអាទិត្យទី​២០​សីហា មួយថ្ងៃក្រោយវិលត្រលប់ពីជំនួបកំពូលជាមួយប្រធានាធិបតីអាមេរិក និងប្រធានាធិបតីកូរ៉េខាងត្បូង នៅ​ Camp David សហរដ្ឋអាមេរិក។ នាយករដ្ឋមន្រ្តីជប៉ុនធ្វើដំណើរ​ទៅកាន់រោងចក្រនុយក្លេអ៊ែរ នៅមុន​ប្រកាស​ថ្ងៃដែលត្រូវ​បង្ហូរទឹកកាកសំណល់ចេញពីរោងចក្រនុយក្លេអ៊ែរហ៊្វូគូស៊្ហីម៉ា ទៅក្នុងទឹកសមុទ្រ។

នាយករដ្ឋមន្រ្តីជប៉ុនទៅហ៊្វូគូស្ហ៊ីម៉ានៅថ្ងៃអាទិត្យទី​២០​សីហា នៅមុនប្រកាសថ្ងៃបង្ហូរទឹកចេញពីរោងចក្រនុយក្លេអ៊ែរ
នាយករដ្ឋមន្រ្តីជប៉ុនទៅហ៊្វូគូស្ហ៊ីម៉ានៅថ្ងៃអាទិត្យទី​២០​សីហា នៅមុនប្រកាសថ្ងៃបង្ហូរទឹកចេញពីរោងចក្រនុយក្លេអ៊ែរ via REUTERS - KYODO
ផ្សាយពាណិជ្ជកម្ម

នៅក្នុងដំណើរទស្សនកិច្ច​រយៈពេលខ្លី កាលពីថ្ងៃអាទិត្យទី ២០​សីហា នៅរោងចក្រនុយក្លេអ៊ែរហ៊្វូគីស្ហ៊ីម៉ាដែលខូចខាតដោយសាររលកយក្សស៊ូណាម៉ី និងគ្រោះរញ្ជួយដីកាលពីឆ្នាំ ២០១១ នាយករដ្ឋមន្រ្តីជប៉ុន លោក​ហ្វូមីអូ គីស៊ីដា​បានចូលទៅមើលទីតាំងបន្សុទ្ធទឹកកាកសំណល់ចេញពីរោងចក្រនុយក្លេអ៊ែរដែលរដ្ឋាភិបាលរបស់លោកគ្រោងនឹងបង្ហូរចូលទៅក្នុងទឹកសមុទ្រ នៅក្នុងពេលឆាប់ៗខាងមុខ។

រដ្ឋាភិបាលរបស់​លោកគីស៊ីដាមានគម្រោងបង្ហូរទឹកចេញពីរោងចក្រនុយក្លេអ៊ែរ​ហ៊្វូគូស្ហ៊ីម៉ា ដែល​បន្សុត លែងមានសារធាតុវិទ្យុសកម្ម ប្រមាណ ១លាន៣សែនតោន​ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ប៉ុន្តែ នៅមិនទាន់​កំណត់ថ្ងៃច្បាស់លាស់ ដោយសារ​មានបាតុកម្មជំទាស់តវ៉ា​ពីសហគមន៍អ្នកនេសាទជប៉ុន និងប្រទេស​ជិតខាង ដូចជា​ចិន និងកូរ៉េខាងត្បូង។

នៅក្រោយធ្វើទស្សនកិច្ច​នៅ​រោងចក្រនុយក្លេអ៊ែរហ៊្វូគូស្ហ៊ីម៉ា នៅថ្ងៃអាទិត្យ លោកនាយករដ្ឋមន្រ្តីជប៉ុន ហ្វូមីអូ គីស៊ីដា បាននិយាយប្រាប់អ្នកកាសែតថា រដ្ឋាភិបាលរបស់លោកនៅមិនទាន់បានកំណត់ថ្ងៃដែលត្រូវបង្ហូរទឹកកាកសំណល់ចេញពីមជ្ឈមណ្ឌលនុយក្លេអ៊ែរទៅក្នុងទឹកសមុទ្រនៅឡើយទេ។ តាម​លោកគីស៊ីដា​ លោកគ្រោងនឹងជួបប្រធានសមាគមអ្នកនេសាទជប៉ុន​ នៅថ្ងៃចន្ទ នៅមុន​ពេល​លោកបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅសប្តាហ៍ក្រោយដើម្បីសម្រេចថ្ងៃដែលត្រូវ​បង្ហូរទឹកចេញពីរោងចក្រនុយក្លេអ៊ែរ​ទៅក្នុងទឹកសមុទ្រ។ កាសែតក្នុងស្រុកជប៉ុន​ធ្លាប់ចុះផ្សាយថា ប្រតិបត្តិការបញ្ចេញទឹកកាកកសំណល់ពីរោងចក្រនុយក្លេអ៊ែរ​ទៅក្នុងទឹកសមុទ្រ​នឹង​អាច​ចាប់ផ្តើម​នៅ​ចុងខែសីហា។

ទឹក​កាកសំណល់ចេញពីរោងចក្រនុយក្លេអ៊ែរដែលក្រុមហ៊ុនជប៉ុនតិបកូត្រូវ​បន្សុទ្ធមុននឹងបង្ហូរទៅក្នុងទឹកសមុទ្រ ជា​ទឹក​ភ្លៀងនិង ទឹក​ក្រោម​ដី​នៅ​ទីតាំង​មជ្ឈមណ្ឌល រួមទាំង​​ទឹក​ដែលគេប្រើសម្រាប់​ធ្វើឲ្យ​ត្រជាក់​ម៉ាស៊ីនប្រតិករ។ តាម​ក្រុមហ៊ុន​តិបកូ គេចាំបាច់ត្រូវ​បង្ហូរទឹកកាកសំណល់​ចេញពី​រោងចក្រ​នុយក្លេអ៊ែរ ដើម្បីយកកន្លែងសម្រាប់​ការងាររុះរើរោងចក្រនុយក្លេអ៊ែរដែលមួយភាគត្រូវឆេះខូចបំផ្លាញដោយគ្រោះរញ្ជួយដី និងអាចគ្រោះថ្នាក់លេចធ្លាយសារធាតុវិទ្យសកម្ម។ មួយវិញទៀត គេត្រូវការកន្លែងសម្រាប់ដាក់ធុងស្តុកទឹកកាកសំណល់ជាច្រើនទៀតដែលនៅមាន​សារធាតុវិទ្យុសកម្មដែលគេត្រូវបន្សុទ្ធ។

ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ AIEA​ធ្លាប់បើកភ្លើងខៀវ យល់ព្រមតាមគម្រោងស្នើឡើងដោយរដ្ឋាភិបាលជប៉ុន ដែលចង់បង្ហូរទឹកកាកសំណល់ចេញពី​មជ្ឈមណ្ឌលនុយក្លេអ៊ែរហ៊្វូគូស្ហ៊ីម៉ាចូលទៅក្នុងសមុទ្រ។ នៅក្នុង​របាយការណ៍​របស់​ខ្លួនកាលពីខែកក្កដា ទីភ្នាក់ងារAIEAនិយាយថា បើសិនគេ​បង្ហូរ​បន្តិច​ម្តងៗ និង​មានការ​គ្រប់គ្រង​ល្អ នោះ​ទឹកចេញ​ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ៊្វូគូស្ហ៊ីម៉ា​ដែល​បាន​ច្រោះបន្សុទ្ធ​រួចហើយដែលគេបង្ហូរ​ទៅ​ក្នុង​សមុទ្រ​ នឹង​មាន​ផលប៉ះពាល់​តិចតួច​ដល់​បរិស្ថាន និង​សុខភាពមនុស្ស។

យ៉ាងណាក៏ដោយ គម្រោងរបស់​ជប៉ុនចង់​បង្ហូរ​ទឹកចេញ​ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ៊្វូគូស្ហ៊ីម៉ា​ទៅ​ក្នុង​សមុទ្រ​បាន​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​ខ្លាំង​ជាមួយ​ចិន និង​កូរ៉េខាងត្បូង រួម​ទាំង​សហគមន៍​អ្នកនេសាទ​ជប៉ុន​នៅ​ហ៊្វូគូស្ហ៊ីម៉ា។ ក្រៅពី​បារម្ភ​ពី​ផលប៉ះពាល់​ដល់​ការ​បំពុល​ទឹក និង​ជីវិត​សត្វ​សមុទ្រ​ដោយ​វិទ្យុសកម្ម ប្រជាជនជប៉ុន​នៅហ៊្វូគូស្ហ៊ីម៉ា​បារម្ភខ្លាចថា ការបង្ហូរទឹកចេញពីរោងចក្រនុយក្លេអ៊ែរ​អាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ មុខរបរអាជីវកម្ម​លក់គ្រឿងសមុទ្រដែលពួកគេទើបស្តារឡើងវិញបានបន្តិច នៅក្រោយជួបវិបត្តិជិត១០ឆ្នាំ​ដោយសារ​គ្រោះមហន្តរាយនៅហ៊្វូគូស្ហ៊ីម៉ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ