បង់ក្លាដែស៖ ហេតុអ្វីបានជាផ្ទុះមានបាតុកម្មប្រឆាំងនាយករដ្ឋមន្រី្តនៅពេលនេះ?
នៅបង់ក្លាដែស ប៉ូលិស និងក្រុមបាតុករបានប៉ះទង្គិចគ្នា កាលពីថ្ងៃសៅរ៍ម្សិលមិញ បន្ទាប់ពីប៉ូលិសបាញ់គ្រាប់កាំភ្លើងជ័រ និងផ្សែងបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករប្រឆាំងរដ្ឋាភិបាល។ នៅរដ្ឋធានី ដាកា និងនៅតាមទីក្រុងធំៗចំនួនផ្សេងទៀតរបស់បង់ក្លាដែស អ្នកគាំទ្រគណបក្សប្រឆាំង គណបក្ស ជាតិនិយមបង់ក្លាដែស BNP បានលើកគ្នាធ្វើបាតុកម្ម អហិង្សា ដើម្បីទាមទារឲ្យលោកស្រីនាយករដ្ឋមន្រ្តី ហាស៊ីណាចុះចេញពីតំណែង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៣:០៧
នៅរដ្ឋធានីដាកា ប៉ូលិសបាញ់ផ្សែងបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រសំដៅបំបែកក្រុមបាតុករ គាំទ្រគណបក្សប្រឆាំង ដែលបានគប់ដុំថ្មទៅលើកម្លាំងមានសមត្ថកិច្ច និងបិទផ្លូវសំខាន់ៗរបស់ទីក្រុង។ អ្នកនាំពាក្យរបស់ប៉ូលិស អះអាងថា ប៉ូលិសមួយចំនួនរងរបួស ចំណែគ បាតុករយ៉ាងតិច ៦នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារមុខរបួស។
នៅបង់ក្លាដែស បាតុកម្មទាមទារឲ្យលោកស្រីនាយករដ្ឋមន្រ្តីឆេក ហាស៊ីណាចុះចេញពីអំណាច បានកើនឡើងចំនួន នៅខណៈពេលដែលការបោះឆ្នោតសភា កាន់តែខិតចូលមកដល់ នៅខែមករាឆ្នាំក្រោយ។ ជាទូទៅ បាតុករដែលជាអ្នកគាំទ្របក្សប្រឆាំង គណបក្សជាតិនិយមបង់ក្លាដែស បានស្រែកតវ៉ាទាមទារឲ្យ លោកស្រី ឆេក ហាស៊ីណាត្រូវចុះចេញពីតំណែងនាយករដ្ឋមន្រ្តី និងប្រគល់អំណាចទៅឲ្យរដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីចាត់ចែងរៀបចំការបោះឆ្នោតសភា។
គណបក្សជាតិនិយមបង់ក្លាដែស ដែលជាបក្សប្រឆាំងធំជាងគេនៅបង់ក្លាដែស យល់ឃើញថា ការបោះឆ្នោតដោយសេរី និងយុត្តិធម៌មិនអាចប្រព្រឹត្តទៅបានទេដរាបណា លោកស្រី ហាស៊ីណានៅកាន់តំណែងជានាយករដ្ឋមន្រ្តី។
ឆ្លើយតបនឹងការទាមទាររបស់បក្សប្រឆាំង លោកស្រីនាយករដ្ឋមន្រ្តីឆេក ហាស៊ីណាអះអាថា ដំណើរការបោះឆ្នោតត្រូវស្ថិតនៅក្រោមការរៀបចំរបស់រដ្ឋាភិបាលរបស់លោកស្រី ទៅតាមការចែងរបស់រដ្ឋធម្មនុញ្ញបង់ក្លាដែស។ លោកស្រី ឆេក ហាស៊ីណាដែលដឹកនាំបង់ក្លាដែស បីអាណត្តិជាប់គ្នា ត្រូវគេវាយតម្លៃថា អាចឈ្នះឆ្នោតសាជាថ្មីដើម្បីដឹកនាំប្រទេសមួយអាណត្តិបន្ថែមទៀត អាណត្តិទី៤។
នៅមុនបាតុកម្មកាលពីថ្ងៃសៅរ៍ គណបក្សប្រឆាំងបានប្រមូលផ្តុំសកម្មជនគាំទ្ររបស់ខ្លួនជាង៥០០នាក់ នៅមុខទីស្នាក់ការរបស់គណបក្ស នៅមុនមានអន្តរាគមន៍ ចុះបង្រ្កាបរបស់ប៉ូលិស។ ចំណែកថ្នាក់ដឹកនាំរបសបក្សប្រឆាំង ២រូបត្រូវប៉ូលិសឃាត់ខ្លួន។
រដ្ឋាភិបាលប្រទេសលោកខាងលិចសំដែងការព្រួយបារម្ភពីបរិយាកាសនយោបាយនៅបង់ក្លាដែស។ នៅសប្តាហ៍នេះ ក្រសួងការបរទេសបង់ក្លាដែសកោះហៅឯកអគ្គរដ្ឋទូតរបស់ប្រទេសចំនួន១៣ដែលបានចេញសេចក្តីប្រកាសរួម ថ្កោលទោសអំពើហិង្សារបស់អ្នកគាំទ្រគណបក្សកាន់អំណាាទៅលើបេក្ខជនឯករាជ្យម្នាក់ កាលពីថ្ងៃទី ១៧ខែកក្កដា។
ចូលកាន់អំណាចតាំងពីឆ្នាំ ២០០៩ គណបក្សសម្ព័ន្ធអាវ៉ាមី របស់លោកស្រី ឆេក ហាស៊ីណា រងការចោទប្រកាន់ថា បានរំលោភសិទ្ធិមនុស្ស ប្រព្រឹត្តអំពើពុករលួយ និងពង្រឹងអំណាចផ្តាច់ការនៅបង់ក្លាដែស។ ទោះរងការបង្រ្កាបហិង្សា ដូចជាការវាយនឹងដំបង គ្រាប់បែកផ្សែង ការចាប់ខ្លួន និងការសម្លាប់បំបិទមាត់ក្តី គណបក្សប្រឆាំងនៅតែបន្តរៀបចំបាតុកម្មដើម្បីបរិហារភាពគ្មានទំនួលខុសត្រូវរបស់រដ្ឋាភិបាលនៅចំពោះមុខវិបត្តិអតិផរណា ទំនិញ ស្បៀង ប្រេងឡើងថ្លៃ និងវិបត្តិគ្មានការងារធ្វើ។ ប៉ុន្តែ លោកស្រីនាយករដ្ឋមន្រ្តីហាស៊ីណាវិញអះអាងថា រដ្ឋាភិបាលរបស់លោកស្រីបានសម្រេចស្នាដៃច្រើនណាស់តាំងពីការសាងសង់ស្ពាន កំពង់ផែ រោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរដែលដើរតួនាទីសំខាន់សម្រាប់ជំរុញសេដ្ឋកិច្ច បង់ក្លាដែស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ