អានតួអត្ថបទ
ចិន-សុវត្ថិភាព​រោងចក្រ

ចិនជួបគ្រោះ​ផ្ទុះ​រោងចក្រឧស្សាហកម្ម​​ថ្មី​មួយ​ទៀត

ព័ត៌មាន​ស្តីពី​គ្រោះថ្នាក់​ផ្ទុះ ឆេះ​រោងចក្រ តែង​កើត​ឡើង​ជា​ញឹកញយ នៅក្នុង​ប្រទេស​ចិន។ នៅថ្ងៃ​សៅរ៍​ទី ១​កក្កដា​២០២៣​នេះ រោងចក្រ​ប្រេងគីមី ​Qiantai New Material ​បាន​ផ្ទុះ​ឆេះ​ឡើង លាន់​ស្នូរ​ស្ទើរ​កកើកដី។ ទិដ្ឋភាព​នៃ​គ្រោះថ្នាក់​ ដ៏​សន្ធោរសន្ធៅ ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​លឿន​រហ័ស​តាម​បណ្តាញ​សង្គម Weibo។

គ្រោះថ្នាក់​ក្នុង​រោងចក្រ​ប្រេង​គីមី​ នៅ​ Fujian ប្រទេស​ចិន កាលពី​ឆ្នាំ​២០១៥ (រូបថត​តំណាង)
គ្រោះថ្នាក់​ក្នុង​រោងចក្រ​ប្រេង​គីមី​ នៅ​ Fujian ប្រទេស​ចិន កាលពី​ឆ្នាំ​២០១៥ (រូបថត​តំណាង) REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

អណ្តាត​ភ្លើង​ក្រហម​ឆ្អៅ អម​ដោយ​ផ្សែង​ខ្មៅ​ខ្មួរខ្មាញ់ អណ្តែត​ពេញ​ផ្ទៃ​មេឃ ផ្ទុះ​ចេញ​ពី​រោង​ចក្រ​ប្រេងគីមី នៅវេលា​ម៉ោង​ជិត​១២​ថ្ងៃ​ត្រង់... នៅក្នុង​វីដេអូ​ បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ គេ​ឮសំឡេង​ក្រុម​ពន្លត់​អគ្គិភ័យ​ស្រែក​បណ្តេញ​មនុស្ស​មិន​ឱ្យ​ចូល​ជិត​កន្លែង​កើត​ហេតុ។

បើតាមទូរទស្សន៍​ជាតិ​​ប្រចាំ​តំបន់​ភាគកណ្តាល​នៃ​ប្រទេស មាន​ប្រជាពលរដ្ឋ​រស់​នៅ​ជិតរោងចក្រ​ប្រេង​គីមី ​ជា​ច្រើន​ត្រូវ​បាន​ជម្លៀស​ចេញ។ របាយការណ៍​ក្រៅផ្លូវការ​រសាត់​ក្នុង​បណ្តាញ​សង្គម​បាន​អះអាង​ថា​រោងចក្រ​បាន​ផ្ទុះ​ក្រោយ​ពី​មាន​ភ្លើង​ឆេះ​ឃ្លាំង​ស្តុក​​ប្រេង​ស៊ីលីកូន។ តែការ​អង្កេត​កំពុង​ចាប់​ផ្តើម​ប៉ុណ្ណោះ។ ហើយ​អាជ្ញាធរ​កំពុង​សាកល្បង​វាយតម្លៃ​ការ​ខូច​ខាត។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែលរោងចក្រ​ឧស្សាហកម្ម​ចិន រង​គ្រោះថ្នាក់​បែប​នេះ។ កាលពី​ឆ្នាំ​ទៅ អគ្គិភ័យ​បាន​ឆាប​ឆេះ​រោងចក្រ​មួយ​នៅ​ខេត្ត​ហេណាន សម្លាប់​មនុស្ស​អស់​៣៨នាក់។ នៅឆ្នាំ​២០២០ មាន​ផ្ទុះ​រោងចក្រ​មួយ​ក្នុង​ខេត្ត​ហ៊ូបី ស្លាប់​និង​របួស​មនុស្ស​៥នាក់។ ការរញ្ជួយ​ដី​ដ៏​តូច​មួយ​កាលពី​ឆ្នាំ​២០១៩ បាន​ហែក​ដី​ឱ្យ​ក្រហូង​១២០ម៉ែត្រ ស្រូប​និង​បំផ្ទុះ​រោងចក្រ​គីមី​មួយ នៅ​ក្រុង​យ៉ានឆេង ខេត្ត​ជៀនស៊ូ ដោយ​យក​ឆក់យក​ជីវិត​មនុស្ស​៧៨នាក់​ទៅ​ជាមួយ​ផង។ ក្នុង​ឆ្នាំ​២០១៩​នោះ​ដដែល ​ មនុស្ស​១៩នាក់​បាន​ស្លាប់​ក្នុង​គ្រោះ​ផ្ទុះ​រោងចក្រ​នៅ​ខេត្ត​ស៊ីឈន់ ប៉ែក​ខាងលិច​ប្រទេសម្តង។ មុន​នោះ​ទៅ​ទៀត រថយន្ត​កាមីញ៉ុង​ដឹក​ផលិតផលគីមី មួយ​បាន​ផ្ទុះ​នៅ​ជិត​ក្រុង​ប៉េកាំង សម្លាប់​មនុស្ស​២២នាក់។

មហន្តរាយ​ឧស្សាហកម្ម​ដ៏​ចម្បង​ដែល​គេ​ចង​ចាំ​ខ្លាំងជាងគេ គឺ​ការ​ផ្ទុះ​ឃ្លាំង​ផ្ទុក​សារធាតុ​គីមី ៣០០០តោន​ នៅ​ក្នុង​ក្រុង​កំពង់​ផែ ទៀនជីន នៅ​រដូវ​ក្តៅ​ឆ្នាំ​២០១៥ ដែល​កាលណោះ គ្រោះថ្នាក់​បាន​ផ្តាច់​ជីវិត​អស់​១៦៥នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ