អានតួអត្ថបទ

ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.​ ថ្កោលទោស​​តាលីបង់ ដែល​បំបិទសិទ្ធិសេរីភាពស្ត្រីអាហ្វហ្កានីស្ថាន

ថ្ងៃព្រហស្បតិ៍​ ទី​២៧ ខែមេសា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បាន​មូលមតិគ្នាជាឯកច្ឆ័ន្ទ ថ្កោលទោស រដ្ឋាភិបាលអាហ្វហ្កានីស្ថាន កាន់កាប់ដោយ​ពួក​តាលីបង់ ដែលរំលោភបំពាន​និង​បំបិទសិទ្ធិសេរីភាពស្ត្រី។ សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ ដែល​ទទួល​ការ​​គាំទ្រពី​ប្រទេស​ប្រមាណ​៩០ផ្សេងទៀតផង បានអំពាវនាវ​ឲ្យ​រដ្ឋាភិបាល​តាលីបង់ ដកចោល​វិធានការ​នានា​ដែល​រឹត​ត្បិត​សិទ្ធិសេរីភាព​នារី​ តួយ៉ាង ​ការ​ហាម​មិន​ឲ្យ​ស្រីធ្វើការ​នៅ​អង្គការ​អន្តរជាតិ និង​ហាមឃាត់​មិន​ឲ្យ​នារីរៀន​សូត្រ​បាន​ខ្ពង់​​ខ្ពស់​ ជាដើម​។​

ឯកអគ្គរាជទូតអេម៊ីរ៉ាត់អារ៉ាប់រួម អ្នកស្រី Lana Zaki Nusseibeh ៖ «ពិភពលោក មិនអាចស្ងាត់ស្ងៀម ក្រពាត់ដៃ  ឈរមើល នារីអាហ្វហ្កានីស្ថាន ត្រូវលុបចោលចេញពីសង្គម ​ទេ។»
ឯកអគ្គរាជទូតអេម៊ីរ៉ាត់អារ៉ាប់រួម អ្នកស្រី Lana Zaki Nusseibeh ៖ «ពិភពលោក មិនអាចស្ងាត់ស្ងៀម ក្រពាត់ដៃ ឈរមើល នារីអាហ្វហ្កានីស្ថាន ត្រូវលុបចោលចេញពីសង្គម ​ទេ។» AP - John Minchillo
ផ្សាយពាណិជ្ជកម្ម

​«ពិភពលោក​ មិនអាចស្ងាត់ស្ងៀម ​​ក្រពាត់ដៃ ​ ឈរ​មើល ​នារី​អាហ្វហ្កានីស្ថាន ត្រូវ​លុប​ចោល​ចេញ​ពី​សង្គម​ នោះទេ។» នេះ​ជាប្រសាសន៍​របស់​ ឯកអគ្គរដ្ឋទូតអេម៊ីរ៉ាត់​អារ៉ាប់​រួម អ្នក​ស្រី​​ Lana Zaki Nusseibeh ដែល​បាន​ចូលរួម​សរសេរ​សេចក្តី​អំពាវនាវ​ ជាមួយ​អ្ន​កតំណាង​ប្រទេស​ជប៉ុន។

ក្នុង​សេចក្តីអំពាវនាវរួម​ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រកាស​ឲ្យ​ ពួករដ្ឋអំណាចតាលីបង់ ត្រឡប់​មក​ពិចារណា​ពី​គោលនយោបាយ​របស់ខ្លួន និង​ដក​ចោលវិធានការ​ទាំងឡាយ ដែល​កំពុងតែ​អនុវត្ត​ ប្រឆាំង​នឹង​សិទ្ធិនារី​និង​ក្មេងស្រី។​ សិទ្ធិ​ជាមូល​ដ្ឋាន​របស់​ស្ត្រី​និង​ក្មេងស្រី ដែល​អង្គការសហប្រជាជាតិ គូស​បង្ហាញ​ប្រាប់ទៅ​ ពួក​តាលីបង់ គឺ ការ​ទទួល​បានការ​សិក្សា​អប់រំ ​សិទ្ធិ​ធ្វើ​ការ​ងារ​ប្រកប​របបវិជ្ជាជីវៈ​ សិទ្ធិដើរហើរ​ចរាចរណ៍​ ​និង ​សិទ្ធិ​ចូល​រួម​សកម្មភាព​ជីវភាព​សង្គម​​ ហើយ​ព្រ​មទាំង​សិទ្ធិ​​​ចូលរួម​ជីវភាព​​នយោបាយ​​។​

ជិត​២ឆ្នាំហើយ ដែល ​ពួក​តាលីបង់​ឡើង​កាន់កាប់​អំណាច​នៅ​អាហ្វហ្កានីស្ថាន។ រយៈ​ពេល​នេះ ពួក​តាលីបង់​ដែល​កាន់​សាសនា​អ៊ីស្លាម​ដ៏​តឹង​តែង​ បាន​រឹតបន្តឹង​សិទ្ធិ​នារីភេទ បញ្ជា​ឲ្យ​ទទូលស្បៃបិទមុខ ហាម​ឃាត់​មិន​ឲ្យ​ស្ត្រី​រៀន​សូត្រ​បាន​ខ្ពស់ ហើយ​ខែ​ធ្នូ​ឆ្នាំទៅមិ​ញ រដ្ឋអំណាច​តាលីបង់​ ក៏ថែម​ទាំង​​បាន​ហាម​ប្រាម​មិន​ឲ្យ​នារី ​ធ្វើការ​នៅ​អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ​។ ចំណុច​នេះ ក៏ប៉ះពាល់​ដល់​ស្ត្រី​ដែល​បំពេញ​ការ​ងារ​ឲ្យ​ អង្គការ​សហប្រជាជាតិ​​ ដែរ។​ ចំណាត់​ការ​ជាបន្តបន្ទាប់​របស់​ រដ្ឋអំណាច​តាលីបង់ ​ ត្រូវ​ អង្គការ​សហប្រជាជាតិ ថ្កោលទោស​ថា​ជា​​«រំលោភបំពាន​សិទ្ធិមនុស្ស ​និង ​គោល​ការណ៍​មនុស្សធម៌​»។​

អង្គការសហប្រជាជាតិ ក៏​ស្នើ​ឲ្យ​ប្រទេស​ផ្សេងៗ​ដែល​មាន​ឥទ្ធិពល​លើ​ពួក​តាលីបង់ ឲ្យ​ដាក់​សម្ពាធ​លើ របប​តាលីបង់នេះ ឲ្យ​ដើរ​ត្រង់​ផ្លូវ​។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ អង់តូនីញ៉ូ ហ្គូទែរស៍ គ្រោង​នឹង​រៀបចំ​កិច្ចប្រជុំ​មួយ នៅ​ទីក្រុង​ដូហា ​ថ្ងៃទី១ទី២ឧសភា  ដើមសប្តាហ៍​ថ្មី ដើម្បីរក​ដោះស្រាយ​អន្តរជាតិ​រួម​មួយ ពី​ស្ថានភាពដ៏លំបាក​នៅ​​អាហ្វហ្កានីស្ថាន។

ចំណែក អ្នក​តំណាង​ប្រទេសរុស្ស៊ី បើ​ទោះបី​ជាបាន​​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច​ថ្កោលទោស​​រដ្ឋអំណាច​តាលីបង់​​ ប៉ុន្តែ ឯកអគ្គរដ្ឋទូត​រុស្ស៊ី លោក Vassili Nebenzia​ រិះគន់សហរដ្ឋអាមេរិក​ថា ​គួរតែ​ដក​ទណ្ឌកម្ម​ ហើយ​អនុញ្ញាត​ឲ្យ​ ពួក​តាលីបង់ ​ប្រើប្រាស់​លុយ ដែល​ធានាការ​កណ្តាល​អាមេរិក បាន​បង្កក​ ប្រមាណ ៧ ពាន់​លាន​ដុល្លារ​នោះ ទៅឲ្យ​​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន បា​នប្រើប្រាស់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ