អានតួអត្ថបទ
ឥណ្ឌា-មហាសេដ្ឋី

កំពូល​មហាសេដ្ឋី​​របស់​ឥណ្ឌា Adani ​កំពុងជួប​រឿង​អាស្រូវ​ បង់​ខាតយ៉ាង​មហាសាល

សហគ្រាស​Adani ប្រជុំ​ក្រុមហ៊ុន​ដ៏​ធំ​ជាងគេ​របស់​ឥណ្ឌា ដែល​រក​ស៊ី​ឡើង​មាន​បាន​ដល់​កំពូល ក្នុង​​ជំនួញ​វត្ថុធាតុដើម​និង​កំពង់ផែ កំពុង​រង​ព្យុះ​ខ្មៅ​ងងឹតបោងបក់​ ធ្លាក់​ដាំក្បាល​ខាត​អស់​ជាង​ ១០០ពាន់​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​តែ​មួយ​សប្តាហ៍។ ភាគហ៊ុន​របស់​អាដានី បានធ្លាក់​ថ្លៃ​ចំនួន​៥ថ្ងៃជាប់​គ្នា​មក​ហើយ។​ ​ បន្ទាប់ពី​​ខាតបង់​អស់​ជិត​៣០% នៅ​​ក្នុង​ទីផ្សារ​មូលប័ត្រ​​ប៊ុមបេ កាលពី​ថ្ងៃពុធ​ និង-២៦,៥០%​ទៀត​នៅថ្ងៃព្រហស្បតិ៍​ទី ២កុម្ភៈនេះ។

លោក Gautam Adani មហាសេដ្ឋី​លំដាប់លេខ​មួយ​ឥណ្ឌា និង​លំដាប់​ទីបី​ពិភពលោក (២០២២)  ពេល​បើក​ជំនួបBGBS នៅ​Kolkata ថ្ងៃទី ២០​មេសា​២០២២
លោក Gautam Adani មហាសេដ្ឋី​លំដាប់លេខ​មួយ​ឥណ្ឌា និង​លំដាប់​ទីបី​ពិភពលោក (២០២២) ពេល​បើក​ជំនួបBGBS នៅ​Kolkata ថ្ងៃទី ២០​មេសា​២០២២ AFP - DIBYANGSHU SARKAR
ផ្សាយពាណិជ្ជកម្ម

តាំងពី​សប្តាហ៍​មុនមក សហគ្រាសក្រុមហ៊ុន​អាដានី របស់​កំពូល​មហាសេដ្ឋី​ឥណ្ឌា ឈ្មោះ Gautam Adani បាន​ខាត​ប្រាក់​អស់​១០៤ពាន់​លាន​ដុល្លារ និង​បង់ខាត​​ទ្រព្យ​ផ្ទាល់​ខ្លួន​អស់​​ជាង​៤០ពាន់​លាន​ដុល្លារ​ទៀត។ នេះ​​បើ​តាម​ចំណាត់ថ្នាក់ Forbes ដែលបាន​ដក​លោក​ចេញ​ពី​ចង្កោម​១០នាក់ដំបូង​នៃ​មហាសេដ្ឋី​មានទ្រព្យ​ច្រើន​​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​។

ជាការ​បាត់បង់​ដ៏​ច្រើន​និង​លឿន​រហ័សជ្រុល ប៉ុន្តែមិន​ថ្វីទេ ព្រោះកាលពី​លោក​ឡើងមាន​ក៏លឿន​​ដូច​ព្រួញ​ដែរ។ ៥​ឆ្នាំចុងក្រោយ​នេះ ភាគហ៊ុនរបស់​​ក្រុមហ៊ុន​លោក​បាន​ហក់​ឡើងជាង​១០០០% ហើយ​ថ្ងៃ​នេះ​​​មហាសេដ្ឋី​លេខ​មួយ​ឥណ្ឌា (ចំណាត់ថ្នាក់ឆ្នាំ​២០២១) នៅ​សល់​ប្រាក់​​៧៥ពាន់​លាន​ដុល្លារ​ទៀត។

ជា​លទ្ធផល នៅថ្ងៃ​ព្រហស្បតិ៍ ភាគហ៊ុន​របស់​ក្រុមហ៊ុន​ចំនួន​៥​ទៀត​នៃសហគ្រាសក្រុមហ៊ុន​អាដានី ក៏​ធ្លាក់​ចុះ​ស្ររ​តាម​ដែរ (១០%សម្រាប់​សាខា Adani Green Energy, Adani Ports, Adani Total Gas និង​Adani Transmission ព្រមទាំងAdani Wilmarអស់​៥%)ហើយ​​ត្រូវ​ផ្អាក​សកម្មភាព​លើ​ទីផ្សារ​ភាគហ៊ុន​ឥណ្ឌា​​ជា​ស្វ័យប្រវត្តិ។ បើ​តាមភ្នាក់ងារ​ ​Bloomberg ភាគហ៊ុន​របស់​សហគ្រាស​ក្រុមហ៊ុន​អាដានី​​​ដាំក្បាលចុះ​ខ្លាំង​បន្ថែម​ទៀត​ បណ្តាល​មក​ពី​មាន​ព័ត៌មាន​ថាបណ្តាញ​​ធនាគារ​ស្វីស​ ដែល​សុំ​មិន​បញ្ចេញ​យោបល់ លែង​ឱ្យ​អាដានី​ជំពាក់។ ហើយ​ក្រុម​ធនាគារនៅ​​អាមេរិក​ផ្សេង​ទៀត​ក៏​ធ្វើ​តាម​ស្វីសដែរ។

ដើមហេតុ​ដែល​នាំ​ឱ្យ​ពិភពអាដានី​ រង្គោះរង្គើ​ដល់​ថ្នាក់​នេះ គឺរបាយការណ៍​របស់ Hindenburg Research ​ក្រុមហ៊ុន​វិនិយោគ​ដ៏​តូច​មួយ​របស់​អាមេរិក។ កាលពី​សប្តាហ៍​មុន ក្រុមហ៊ុន​អាមេរិក​បាន​ចោទ​សហគ្រាសអាដានី​ឥណ្ឌា ថា​មាន​លួច​បន្លំ​គណនី​តាំង​ពី​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​។ អាដានី​បានឆ្លើយ​​បក​ទៅ​វិញ​ចំនួន ៤១៣​ទំព័រ ដើម្បីការពារ​ខ្លួន ដោយ​យល់​ថា​មានការ​វាយប្រហារ​ដោយ​ចេតនា​និង​ដោយ​គ្មាន​ហេតុ​ផល។ អាដានី​គ្រោង​នឹង​ប្តឹង Hindenburg Research ​នៅ​​តុលាការ តែ Hindenburg ​ទាយ​ថា​ភាគហ៊ុន​សហគ្រាសក្រុមហ៊ុន​អាដានី​នឹង​ធ្លាក់​ថ្លៃ​។ សម្រាប់​ពេល​នេះ​អាដានី​បង់​ខាត​មែន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ