តុលាការយុត្តិធម៌អន្តរជាតិ បញ្ជាក់ថាមានដែនយុត្ថាធិការដើម្បីកាត់ទោសភូមា សំណុំរឿងរ៉ូហ៊ីងយ៉ា
ថ្ងៃសុក្រ ទី២២កក្កដា តុលាការយុត្តិធម៌អន្តរជាតិ បញ្ជាក់ថាខ្លួនមានដែនយុត្ថាធិការដើម្បីកាត់ទោសភូមា ក្នុងសំណុំរឿងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាអ៊ីស្លាម។ ការសម្រេចនេះ ដោយផ្អែកលើសំណើប្តឹងរបស់ប្រទេស ហ្គាំប៊ី ដែលដាក់ទៅតាំងពីឆ្នាំ២០១៩។ គួររំឮកជូនថា នៅឆ្នាំ២០១៧ ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាអ៊ីស្លាម នៅប្រទេសភូមា ជាច្រើនរយពាន់នាក់ ត្រូវបណ្តេញចេញដោយបង្ខំឲ្យចេញពីផ្ទះសម្បែង ហើយត្រូវដេញកាប់សម្លាប់ពីក្រុមយោធាជ្រុលនិយម។ ភស្តុតាងនិងសាក្សីជាច្រើនបានបញ្ជាក់ពីអំពើឃោរឃៅ មនុស្សឃាត រំលោភភេទ និងការដុតបំផ្លាញផ្ទះសម្បែង។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២០
លោកចៅក្រម Joan Donoghue ប្រធានតុលាការយុត្តិធម៌អន្តរជាតិ បានប្រកាសថាស្ថាប័នជម្រះក្តីរបស់អង្គការសហប្រជាជាតិមួយនេះ មានដែលសមត្ថកិច្ចកាត់ទោសសំណុំរឿងភូមា។ ភូមាដែលត្រូវ ហ្គាំប៊ី ប្រទេសអាហ្វ្រិកខាងលិច បានដាក់ពាក្យប្តឹងពីបទរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៤៨ ស្តីពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។ ការប្តឹងនេះ ឋិតក្នុងនីតិវិធីមួយដែលចាប់ផ្តើម នៅឆ្នាំ២០១៩។
នៅក្នុងអង្គសវនាការ នៅទីក្រុងឡាអេ អ្នកតំណាងប្រទេសភូមា បានលើកហេតុផលជាច្រើនដើម្បីច្រានចោលសំណើប្តឹងរបស់ ហ្គាំប៊ី។ ដំបូងបំផុត គឺភូមាថា ហ្គាំប៊ី ប្តឹងនៅក្នុងនាមតំណាងឲ្យអង្គការសហប្រតិបត្តិការអ៊ីស្លាម ហើយម្យ៉ាង តុលាការនេះទៀតសោត បង្កើតឡើងនៅឆ្នាំ១៩៤៦ ដើម្បីកាត់ក្តីវិវាទរវាងរដ្ឋនិងរដ្ឋ។ ការសំខាន់ទៀតនោះ ហ្គាំប៊ី គឺជារដ្ឋដែលគ្មានពាក់ព័ន្ធទាល់តែសោះទៅនឹងសំណុំព្រឹត្តិការណ៍រឿងដែលបានកើតនៅស្រុកភូមា។ មួយទៀត ភូមាក៏បានដកខ្លួនចេញពីអនុសញ្ញាដែលទាក់ទិននឹងរឿងនេះរួចដែរហើយ។ នេះបើតាមការសំអាងហេតុផលរបស់ភូមិ និងដែល ភូមា សុំឲ្យតុលាការច្រានចោលសំណើរបស់ ហ្គាំប៊ី ទុកឥតចាត់ការ។
ក៏ប៉ុន្តែ ចៅក្រមតុលាការយុត្តិធម៌អន្តរជាតិ បានទាត់ចោលការសំអាងហេតុផលទាំងឡាយរបស់ភូមា និងថែមទាំងបានបញ្ជាក់អះអាងថា ប្រទេសទាំងពីរមានទាក់ទិននឹងសេចក្តីប្រកាសរួមជាច្រើនឆ្នាំ២០១៨ និង២០១៩របស់អង្គការសហប្រជាជាតិ។ ដូច្នេះហើយ ប្រធានអង្គជំនុំជម្រះ បានបញ្ជាក់ថា ហ្គាំប៊ី ជារដ្ឋសមាជិកមួយរបស់អនុសញ្ញាស្តីពីអំពើឧក្រិដ្ឋប្រល័យពូជសាសន៍ និងអាចប្តឹងភូមាឲ្យទទួលខុសត្រូវចំពោះអំពើឧក្រិដ្ឋកម្មរបស់ភូមាបាន។
បើតាមការវិភាគរបស់អ្នកជំនាញនិងសារព័ត៌មានបច្ចិមលោក គឺ ផ្អែកតាមផ្លូវច្បាប់ សេចក្តីសម្រេចនេះ មានតម្លៃសមស្របតាមច្បាប់ជាធរមាន និងដែលមានលក្ខខណ្ឌចាប់បង្ខំឲ្យអនុវត្ត ព្រមទាំង បិទផ្លូវតវ៉ា។ ក៏ប៉ុន្តែ អ្វីដែលជាបញ្ហាចោទ គឺមធ្យោបាយដែលត្រូវឲ្យ ភូមា គោរពសេចក្តីសម្រេច ពីព្រោះថា តុលាការគ្មានមធ្យោបាយគ្រប់គ្រាន់សម្រាប់អនុវត្តទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ