អានតួអត្ថបទ
ចិន-សំណង់

ចិន ៖ រលំអាគារ​ស្នាក់នៅ មនុស្ស​រាប់​សិបនាក់​ជាប់​កុន​និង​បាត់​ខ្លួន

យ៉ាង​ហោច​ ២៣​នាក់​កំពុង​ជាប់​កុន​ក្នុង​គំនរថ្ម និង​យ៉ាង​ហោច​៣៩នាក់​ផ្សេង​ទៀត​ទាក់​ទង​មិន​បាន ឬ​បាត់ខ្លួន នៅ​ក្នុង​គ្រោះ​ថ្នាក់​ ​បាក់​រំលំអាគារមួយ ដែល​៨ជាន់ នៅ​ភាគកណ្តាល​នៃ​ប្រទេស​ចិន។ គិតមក​ទល់រសៀល​ថ្ងៃ​សៅរ៍​ទី ៣០មេសា គេ​នៅ​មិន​ទាន់​ដឹង​អំពី​មូល​ហេតុ​នៃគ្រោះថ្នាក់​នៅឡើយ​ទេ និង​ក៏​ពុំ​មាន​សេចក្តី​ប្រកាស​ជូន​ដំណឹង​អំពី​ចំនួន​អ្នក​ស្លាប់​ដែរ។

ក្រុមសង្គ្រោះ​ចិន​កំពុង​ស្វែង​រក​អ្នក​ជាប់​កុន​ក្នុង​គំនរ​អាគារ​រលំ
ក្រុមសង្គ្រោះ​ចិន​កំពុង​ស្វែង​រក​អ្នក​ជាប់​កុន​ក្នុង​គំនរ​អាគារ​រលំ AFP - -
ផ្សាយពាណិជ្ជកម្ម

ជា​អាគារ​៨​ជាន់ ​មាន​រោងកុន​ និង​មាន​មួយ​ផ្នែក​ជា​សណ្ឋាគារ ហើយ​មួយផ្នែក​ទៀត​ជា​ផ្ទះ​ស្នាក់នៅ​ បាន​រលំ​ ដោយ​គ្មាន​មូលហេតុ។ ពេញ​មួយ​យប់​​ថ្ងៃ​សុក្រឆ្លង​ចូល​ថ្ងៃ​សៅរ៍ ក្រុម​អ្នក​សង្គ្រោះ បានជួយ​មនុស្ស​៥នាក់​ឱ្យ​ចេញ​រួច​ពី​គំនរ​អាគារ។ ក្រុម​អ្នក​សង្គ្រោះ​បាន​និង​កំពុង​បន្ត​ប្រើ​គ្រប់​មធ្យោបាយ វែក​ផ្លូវ ឈូសអារផ្ទាំង​បេតុង​ និង​ចំរ៉ឹងដែករំដោះ​អ្នក​ជាប់​កុន។ អ្នក​សង្គ្រោះ​ខ្លះ​ទៀត ស្រែក​ទាក់ទង​ជា​មួយ​ជន​រងគ្រោះ ដោយ​មាន​ជំនួយ​ពី​សត្វ​ឆ្កែ ឱ្យហិត​រក​ទីតាំង​មាន​ជីវិត​។

អាជ្ញាធរ​ក្រុង​មិន​ទាន់​អាច​ពន្យល់​អំពីមូលហេតុ​គ្រោះថ្នាក់​ទេ ប៉ុន្តែ​​ទូរទស្សន៍​ជាតិ​ CCTV បាន​គូស​បញ្ជាក់​ថា អ្នកប្រាស្រ័យ​ក្នុង​អាគារ​នេះ​បាន​នាំ​គ្នា​ជួសជុលក្នុង​ផ្ទះ​ខ្លួនតាម​ចំណង់ ​​ រហូត​មាន​ការ​ប្តូរ​ផ្លាស់​រចនា​សម្ព័ន្ធ​របស់​​អាគារ។

ប្រធានាធិបតី​ចិន លោក ស៊ីជីនពីង បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​បើក​អង្កេត​ស៊ីជម្រៅ​រក​មូល​ហេតុ​នៃការ​រលំអាគារ និង​រុក​រក​សង្គ្រោះ​ជីវិត​អ្នក​ជាប់​កុន​ ឱ្យ​ដល់​ទី​បំផុត។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​ក្នុង​សារព័ត៌មាន​រដ្ឋ។ អ្នក​ទទួល​ខុស​ត្រូវ​បក្ស​កុម្មុយនីស្ត​ម្នាក់​ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ផ្ទាល់​តែ​ម្តង ដែល​នេះ​សបញ្ជាក់ឱ្យ​ឃើញ​​អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​គ្រោះថ្នាក់។ សេចក្តី​ថ្លែងការណ៍​ដដែល ​រដ្ឋាភិបាល​ចិន​បាន​ថែម​ទាំង​តែងតាំង​ទីប្រឹក្សា​ម្នាក់​ឱ្យ​ទៅ​ដឹកនាំ​ប្រតិបត្តិការ​ ​និងធ្វើ​អន្តរាគមន៍​សង្គ្រោះបន្ទាន់​ផង។

ដោយ​ហេតុ​តែ​មិន​គោរព​ច្បាប់​សុវត្ថិភាព​សាងសង់ និង​ភាព​ធូររលុង​របស់​អាជ្ញាធរ​គ្រប់គ្រង​សំណង់ គ្រោះមហន្តរាយ​ប្រភេទ​នេះ តែង​មាន​កើត​ឡើង​ជា​ញឹកញយ​នៅក្នុង​ប្រទេស​ចិន។ កាលពី​ខែ​មករា ការ​​ធ្លាយ​ហ្កាស បាន​ធ្វើ​ឱ្យ​​អាគារ​ស្នាក់​នៅ​មួយ​បាន​ផ្ទុះ​ឆេះរលំ​​ ស្លាប់​មនុស្ស​អស់​១៦​នាក់។ បំពង់​បង្ហូរ​ហ្កាស​ក្នុង​សង្កាត់​ស្នាក់នៅ​មួយ​ក្នុង​ខេត្ត​ហ៊ូបេ បាន​ផ្ទុះ​ដែរ​កាលពី​ខែមិថុនា​២០២១ ស្លាប់​មនុស្ស​២៥​នាក់។ ក្នុង​ខែដដែល មនុស្ស​១៨​នាក់​បាន​ស្លាប់​ក្នុង​គ្រោះ​អគ្គីភ័យ​ក្នុង​សាលារៀន​វិជ្ជាជីវៈ​ក្បាច់​គុណ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ