អានតួអត្ថបទ
សំរាមប្លាស្ទិក

របាយការណ៍៖ ប្លាស្ទិក​គំរាមកំហែង​ជីវិត​ពពួកសត្វ​បម្លាស់ទី នៅ​អាស៊ីប៉ាស៊ីហ្វិក

ក្នុងទឹក លើ​គោក ក្នុងអាកាស គ្រប់ពពួកថនិកសត្វ ត្រី និង​បក្សី ដែល​បម្លាស់ទី នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត ដោយសារ​តែ​ការបំពុល​ប្លាស្ទិក។ នេះបើតាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ចេញផ្សាយ កាលពី​ថ្ងៃ​អង្គារ​ទី ៣១ខែ​សីហា។ របាយការណ៍​នេះ​ចេញផ្សាយ នៅតែប៉ុន្មាន​ថ្ងៃ​មុន​ដែលសហភាព​អន្តរជាតិ​ដើម្បី​អភិរក្ស​ធម្មជាតិ ត្រូវ​បើកសមាជ ដើម្បី បង្កើត​ញត្តិ​មួយ ទាមទារ​ឲ្យ​គេ​បិទបញ្ចប់​បញ្ហា​បំពុលបា្លស្ទិកឲ្យ​បានពីពេលនេះ ដល់​ឆ្នាំ ២០៣០។

សត្វស្លាបដែលស្លាប់ដោយសារ​តែ​លេបបំពង់បឺត​ដែល​គិតស្មានថា ជា​ចំណីរបស់ខ្លួន
សត្វស្លាបដែលស្លាប់ដោយសារ​តែ​លេបបំពង់បឺត​ដែល​គិតស្មានថា ជា​ចំណីរបស់ខ្លួន AP - Denise Hardesty
ផ្សាយពាណិជ្ជកម្ម

ត្រីផ្សោត ជាប់ក្នុង​សំណាញ់នេសាទ ដំរីធំ​ដឹងក្តី​ក្នុង​ទីលាន​សំរាម។ នេះជា​រូបភាព​ដែល​មាន​ក្នុង​របាយការណ៍​របស់​អនុសញ្ញា​ស្តីពីការអភិរក្សសត្វរបស់​អង្គការ​សហប្រជាជាតិ ដែល​ផ្តោត​ទៅលើ​ផលប៉ះពាល់​របស់​សំរាមប្លាស្ទិក ទៅលើ​ជីវិត​សត្វ​ក្នុងទឹកសាប សត្វស្លាប និងថនិកសត្វ​លើគោក។

តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ពពួក​សត្វបម្លាស់ទី​ដែល​ឧស្សាហ៍​ផ្លាស់កន្លែង បរិស្ថាន​រស់នៅ ក្នុង​នោះ មាន​ផង​ដែរ​តំបន់​ឧស្សាហកម្ម និង​តំបន់​ចាក់សំរាម រមែង​ប្រឈមខ្លាំង​នឹង​បញ្ហា​បំពុលប្លាស្ទិក និង​សារធាតុ​ពុល​ផ្សេងទៀត។ ឧទាហរណ៍ សត្វស្លាប​ឈ្មោះ Albatros ជើងខ្មៅ ដែលមើល​ច្រលំ សរសៃ សំណាញ់​នេសាទ ថា ជា​ចំណី និង​នាំយក​ទៅ​បញ្ចុកកូន​ក្នុង​សំបុក។ នៅ​ទីលាន​ចាក់សំរាម​នៅ​ស្រីលង្ការ ឬ នៅ​ប្រទេស​ថៃ គេឃើញ សត្វដំរី​កាយធុងសំរាម និង​ស៊ីលេបស្បោង​ប្លាស្ទិក។ នេះបើតាម​របាយការណ៍។

នៅក្នុង​របាយការណ៍​ដែល​ផ្តោត​លើ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក អ្នកស្រាវជ្រាវ​បាន​ទាញចំណាប់​អារម្មណ៍សំខាន់​ទៅលើ​តំបន់​ពិសេស ២ គឺទន្លេគង្គារ និង​ទន្លេមេគង្គ ដែល​ជា​ប្រភព​នាំ​យក​សំរាមប្លាស្ទិក​ជាង ២សែនតោន ក្នុង​មួយឆ្នាំៗ ទៅ​ចាក់​ក្នុង​មហាសមុទ្រ​ឥណ្ឌា។ តាម​អ្នកស្រាវជ្រាវ ៨០%​នៃ​សំរាមប្លាស្ទិក ដែលមាន​ក្នុង​មហាសមុទ្រ ក្នុង​ពិភពលោក មាន​ប្រភព​មក​ពី​ដីគោក ដែលពាំនាំយកមក​ដោយ​ទឹកទន្លេ។

តាម​របាយការណ៍​ខាងលើ ពពួក​សត្វ​បម្លាស់ទី នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែល​កំពុង​រងគ្រោះ​ដោយសារ​ការនេសាទ​ច្រើនជ្រុល ការបំពុលបរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ និង​បាត់បង់​ជំរក ដោយសារ​ការកាប់បំផ្លាញ​ព្រៃឈើ សកម្មភាព​របស់​មនុស្ស ត្រូវ រងគ្រោះ មួយជាន់ទៀត ដោយសារ​ការសំរាម​បា្លស្ទិក។

តាម​អង្គការ​UNDP គេ​បាន​វាយតម្លៃថា ប្លាស្ទិក ប្រមាណ​១៣ លានតោន បាន​ហូរចូលទៅក្នុងសមុទ្រជារៀងរាល់ឆ្នាំ។ ថនិកសត្វ ត្រី និងបក្សីជាង ១ លានក្បាលរងការផលប៉ះពាល់ ឬបាត់បង់ជីវិតជារៀងរាល់ឆ្នាំ ព្រោះតែសត្វទាំងនេះ​បានលេប​ប្លាស្ទិក​ចូលទៅក្នុង​ពោះ ឬត្រូវរុំ​ជាប់​ដោយ​សំណល់​ប្លាស្ទិក។ របាយការណ៍​ជាច្រើន​ធ្លាប់​បាន​បង្ហាញ​ហើយថា មាន​កម្ទេច​ប្លាស្ទិក​តូចៗ​នៅក្នុងពោះត្រី ប្រមាណ ៩០%​នៃ​ត្រី​ដែល​គេ​បាន​នេសាទ។ សារធាតុពុល ទាំងនេះ​កើនឡើង​រឹតតែច្រើន​ក្នុង​ខ្សែចង្វាក់​ចំណីអាហារ ហើយចុងក្រោយ គឺ​ចូលមក​ក្នុង​រាងកាយ​របស់​មនុស្ស ដែលជាប្រភព អ្នក​បញ្ចេញ​ចោល​សំរាមប្លាស្ទិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ