អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

សង្គ្រាម​នៅហ្កាហ្សា៖ លោកប្លីងកិន ​ទៅដើមបូព៌ា​ជាលើកទី​៥ ដើម្បី​ស្វែងរកដំណោះស្រាយ

លោកប្រមុខការទូតអាមេរិក អង់តូនី ប្លីងកិន បានចាប់ផ្តើម​ធ្វើដំណើរ ទៅបណ្តាប្រទេសតំបន់ដើមបូព៌ាជាថ្មីម្តងទៀត ក្នុង​កម្មវត្ថុ​សង្ឃឹម​ស្វែងរកដំណោះស្រាយ​ ដល់សំណុំរឿង​សង្គ្រាមនៅ​តំបន់ហ្កាហ្សា។  សង្គ្រាមនេះ​​​កំពុងតែឈានចូលដល់​ខែទី​៥ហើយ ខណៈសំឡេងតវាទាមទារ​ ឲ្យ​មានដំណោះស្រាយ​ការទូត និង​បទឈប់បាញ់ បាន​ផុសផុលឡើងកាន់តែខ្លាំង ស្របពេលដែលចំនួនជនស៊ីវីលប៉ាឡេស្ទីនស្លាប់​កាន់តែច្រើន​។

លោក​ប្រមុខការទូត អត់តូនី ប្លីងកិន ពេលទៅដល់ព្រលានយន្តហោះទីក្រុងគែរ ថ្ងៃទី ៦ កុម្ភៈ ២០២៤
លោក​ប្រមុខការទូត អត់តូនី ប្លីងកិន ពេលទៅដល់ព្រលានយន្តហោះទីក្រុងគែរ ថ្ងៃទី ៦ កុម្ភៈ ២០២៤ via REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

នេះជាលើកទី​៥ហើយ ដែល​​លោក​អង់តូនី ប្លីងកិន ប្រមុខការទូតអាមេរិក បានធ្វើដំណើរទៅដើមបូព៌ា បន្ទាប់ពីសង្គ្រាមនៅ​ហ្កាហ្សា បានផ្ទុះឡើងមក។ ទៅដល់​អារ៉ាប៊ីសាអូឌីត​ កាលពីរសៀលថ្ងៃចន្ទ លោក​ប្លីងកិន បានបន្តដំណើរនៅថ្ងៃអង្គារនេះ ទៅ​អេហ្ស៊ីប និង​បន្ទាប់មកទៀតទៅកាតា។ អេហ្ស៊ីបនិងកាតា គឺជាប្រទេសសម្របសម្រួលដ៏សំខាន់​បំផុត នៅក្នុងសំណុំរឿងសង្គ្រាម រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន​។ បន្ទាប់ពីនេះ លោក​ប្លីងកិន នឹងបន្តដំណើរទៅ​កាន់អ៊ីស្រាអែល និង​តំបន់ស៊ីសហ្សកដានី​។

ដំណើរទៅដ៏ញឹកញាប់របស់​លោក​ប្លីងកិន​នេះ បានបង្ហាញអំពី​ការយកចិត្តទុកដាក់បំផុតរបស់សហរដ្ឋអាមេរិក​ ដើម្បីស្វែងរកដំណោះស្រាយ​ឲ្យ​បានឆាប់ ដល់សង្រ្គាមនៅហ្កាហ្សា។ កាលពីថ្ងៃចន្ទទី​៥កុម្ភៈដែរ លោករដ្ឋមន្ត្រីការបរទេសបារាំងថ្មី Stéphane Séjourné បានធ្វើដំណើរទៅជួប​ថ្នាក់ដឹកនាំអ៊ីស្រាអែល និង​តំណាង​ប៉ាឡេស្ទីន នៅក្នុងកម្មវត្ថុដូចគ្នា ពោល​គឺ​ឈានទៅ​រៀបចំ ឲ្យ​មានការទម្លាក់អាវុធ រឺកាន់តែល្អប្រសើរជាងនេះ គឺដំណោះស្រាយសន្តិភាពយូរអង្វែង រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន​។

យោងតាមប្រភពមន្ត្រីការទូត គឺលោកអង់តូនី ប្លីងកិនគាំទ្រផែនការ​ចរចានៅប៉ារីស កាលពីចុងខែ​មករា រវាងអាមេរិក កាតានិងអេហ្ស៊ីប។ តែផែនការនេះ ត្រូវឲ្យ​ភាគីហាម៉ាស និងអ៊ីស្រាអែលទទួលយក។ ប្រភពពីក្រុមហាម៉ាសបញ្ជាក់ថា ផែនការនេះកំណត់ពីការផ្អាការប្រយុទ្ធរយៈពេល​៦សប្តាហ៍។ ក្នុងអំឡុងពេលនេះ អ៊ីស្រាអែល សុខចិត្តដោះលែងអ្នកទោស​ប៉ាឡេស្ទីន ពី​២០០ទៅ​៣០០នាក់ ហើយជាថ្នូរវិញ ក្រុមហាម៉ាសសុខចិត្តដោះលែង​ចំណាប់ខ្មាំង ៣៥ ទៅ​៤០នាក់។​ បន្ថែមពី​នេះ ត្រូវ​បញ្ជូន​​ស្បៀង​និង​ជំនួយ​សប្បុរសធម៌​ចូល​ទៅហ្កាហ្សា ពី២០០​ទៅ​​៣០០​រថយន្ត​កាមីញ៉ុង ក្នុងមួយថ្ងៃ។

ក៏ប៉ុន្តែ ក្រុមហាម៉ាមិនទទួលយកផែនការនេះ ដោយពួកគេបានទាមទារ​ ថាត្រូវតែ​ បិទបញ្ចប់សង្គ្រាមជាស្ថាពរ មិនមែនផ្អាកត្រឹមតែ​៦សប្តាហ៍ទេ។ ផ្ទុយទៅវិញ លោកណេតាន់យ៉ាហ៊ូ បានថ្លែងកាលពីថ្ងៃចន្ទថា ក្រុមហាម៉ាសបានទាមទារនូវអ្វី​ដែល​អ៊ីស្រាអែល មិនអាចធ្វើបានជាដាច់ខាត។ អ៊ីស្រាអែលនឹង​មិន​បិទបញ្ចប់សង្គ្រាមជាស្ថាពរជាដាច់ខាត ដរាបណាមិនទាន់​បោសសំអាតក្រុមហាម៉ាសអស់ពី​តំបន់ហ្កាហ្សា ហើយ​ដរាបណា​ក្រុមនេះ មិនដោះលែង​​ចំណាប់​ខ្មាំងទាំងអស់ទេនោះ​។

យ៉ាងណាក៏ដោយ សម្រាប់ពេលនេះ ការបាញ់​ប្លោងនិងទំលាក់គ្រាប់នៅតែសកម្មដដែល នៅតំបន់រ៉ាហ្វា និង​ ខាន់យូណែស ខាងត្បូងហ្កាហ្សា។ គិតជាសរុប យោងតាមអាជ្ញាធរ​​សុខាភិបាលហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា គឺមានមនុស្សស្លាប់​ ចំនួន២៧៤៧៨នាក់ ដោយក្នុងនោះមានស្លាប់​៩៩នាក់ នៅរវាងពីយប់ថ្ងៃចន្ទ ដល់ព្រឹកថ្ងៃអង្គារនេះ​​។ ដោយឡែក លោក Yoav Gallant រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានអះអាងថា មេក្លោងរបស់​ក្រុមភេរវកម្ម​​ហាម៉ាស ឈ្មោះ Yahya Sinouar បានប្តូរទីតាំងលាក់ខ្លួនពីមួយទៅមួយ នៅ​ភាគខាងត្បូងហ្កាហ្សា​ ដោយ​យកប្រជាជនស៊ីវីលធ្វើជាខែល​។

គួរបញ្ជាក់ថា ទុក្ខលំបាក​របស់​ជនភៀសខ្លួន​​ប៉ាឡេស្ទីន ប្រមាណ៤ខែមកនេះ គឺធ្ងន់ធ្ងរខ្លាំងណាស់។ ទីក្រុង​រ៉ាហ្វា ភាគខាងត្បូងហ្កាហ្សា ដែលមុនសង្គ្រាម​មានមនុស្សរស់នៅ​ប្រមាណ​ ២៧ម៉ឺននាក់ ពេលនេះ គឺមានមនុស្ស​កកកុញ​ ដល់ទៅ​​ប្រមាន​១លាន៣សែន​នាក់។ យោងតាមអង្គការសហប្រជាជាតិ ជនភៀសខ្លួនប៉ាឡេស្ទីនម្នាក់មានទឹកប្រើប្រាស់ ចំនួនតែ​១លីត្រកន្លះទៅ២លីត្រក្នុងមួយថ្ងៃ សម្រាប់​បរិភោគ ធ្វើម្ហូបអាហារ និង​លាងសម្អាតអនាម័យ។ ករណី​ជំងឺរាករូស​ជា ពិសេសទៅលើកុមារ សំបូរកាន់តែខ្លាំង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ