អានតួអត្ថបទ
អ៊ីស្រាអែល-ហ្កាហ្សា-សហរដ្ឋអាមេរិក

អ៊ីស្រាអែលទាត់ចោលបទឈប់បាញ់មនុស្សធម៌ ស្នើឡើង​ដោយ​រដ្ឋមន្រ្តីការបរទេស​អាមេរិក

អ៊ីស្រាអែលទាត់ចោលបទឈប់បាញ់មនុស្សធម៌ ស្នើឡើង​ដោយ​រដ្ឋមន្រ្តីការបរទេស​អាមេរិកនៅថ្ងៃសៅរ៍ទី ៤ វិច្ឆិកា កងទ័ពអ៊ីស្រាអែលនៅបន្តប្រតិបត្តិការជើងគោកវាយប្រហារ​ក្រុងហ្កាហ្សា បន្ទាប់ពី​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក​បេនចាមីន នេតាន់យ៉ាហ៊ូ​បដិសេធ​មិនស្តាប់​ការទាមទារ​របស់​អាមេរិក។ នៅក្នុងជំនួបជាមួយ​នាយករដ្ឋមន្រ្តី អ៊ីស្រាអែល កាលបីថ្ងៃ​សុក្រ ប្រមុខការបរទេស​អាមេរិក​បាន​សុំ​ឲ្យ​អ៊ីស្រាអែល​អនុវត្ត​បទឈប់បាញ់​មនុស្សធម៌ ដើម្បីការពារ​ប្រជាជន​ស៊ីវិល ដែល​កំពុងជាប់គាំង ២៩ថ្ងៃ​មកហើយ ​នៅក្នុងសង្រ្គាមប្រយុទ្ធគ្នា​រវាង​អ៊ីស្រាអែល និងក្រុមហាម៉ាស​ក្នុងទឹកដី ហ្កាហ្សា។ បន្ទាប់ពី​អ៊ីស្រាអែល រដ្ឋមន្រ្តីការបរទេស​អាមេរិក​ធ្វើដំណើរ​ទៅ​ហ្សកដានី​ដើម្បីជួបប្រជុំជាមួយ​ថ្នាក់ដឹកនាំ រដ្ឋមន្រ្តីការបរទេស​របស់​ប្រទេស​អារ៉ាប់ ក្នុងគោលដៅ​បញ្ចុះបញ្ចូល​កុំ​ឲ្យ​សង្រ្គាមនៅហ្កាហ្សា បែករីកសាយទៅជា​សង្រ្គាមក្នុងតំបន់។

រថក្រោះកងទ័ពអ៊ីស្រាអែលឡោ​មព័ទ្ធទីក្រុង​ហ្កាហ្សា
រថក្រោះកងទ័ពអ៊ីស្រាអែលឡោ​មព័ទ្ធទីក្រុង​ហ្កាហ្សា AFP - FADEL SENNA
ផ្សាយពាណិជ្ជកម្ម

សង្រ្គាមសងសឹករបស់អ៊ីស្រាអែល​ទៅលើ​ក្រុមហាម៉ាស​ក្នុងទឹកដី​ហ្កាហ្សា​បានឈានចូលដល់ថ្ងៃទី ២៩ គិតត្រឹម​ថ្ងៃ​សៅរ៍​ទី ៤​វិច្ឆិកា។ កងទ័ព​ជើងគោក​អ៊ីស្រាអែល​នៅបន្តប្រតិបត្តិការ​វាយប្រហារក្រុមហាម៉ាស បន្ទាប់ពី​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក​បេចាមីន នេតាន់យ៉ាហ៊ូ បដិសេធ​បទឈប់បាញ់​មនុស្សធម្ម ស្នើឡើង​ដោយ​ភាគីអាមេរិក។

កាលពីថ្ងៃ​សុក្រ ប្រមុខការបរទេស​អាមេរិក លោក​អង់តូនី ប្លីងកិន​បាន​ធ្វើដំណើរទៅទីក្រុង​តែលអាវីវ ដើម្បី​បញ្ជាក់​ប្រាប់ភាគី​អ៊ីស្រាអែលថា អាមេរិក​ចង់​ឲ្យ​អ៊ីស្រាអែលអនុវត្តបទឈប់បាញ់​មនុស្សធម៌ ដើម្បី​អនុញ្ញាត​ឲ្យគេជម្លៀស​ប្រជាជនស៊ីវិល និង​បញ្ជូន​ជំនួយស្បៀង ថ្នាំពេទ្យ​សម្រាប់ប្រជាជន ជាង​២លាននាក់ ដែលកំពុង​ជាប់គាំង ក្នុង​សង្រ្គាមប្រយុទ្ធគ្នា នៅ​ហ្កាហ្សា។

នៅក្នុងជំនួបជាមួយ​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល ប្រមុខការបរទេស​អាមេរិក​បញ្ជាក់​ផងដែរ​ពីសារៈសំខាន់​នៃការការពារ​ជីវិត​ប្រជាជន​ស៊ីវិល នៅហ្កាហ្សា និង​ថា អាមេរិក​នៅតែរក្សា​ជំហរ ចង់​ឲ្យ​បង្កើតរដ្ឋពីរ គឺ​រដ្ឋប៉ាឡេស្ទីន និង​រដ្ឋអ៊ីស្រាអែល។ សម្រាប់​រដ្ឋមន្រ្តីការបរទេស​អាមេរិក រដ្ឋពីរ សម្រាប់​ជនជាតិពីរ ជាមធ្យោបាយតែមួយគត់​ដើម្បី​ធានា​សន្តិសុខ​យូរអង្វែង​របស់​រដ្ឋជ្វីហ្វអ៊ីស្រាអែល។

នៅក្រោយ​ការវាយប្រហារទ្រង់ទ្រាយធំ របស់​ក្រុមហាម៉ាស​ដែលបាន​សម្លាប់ប្រជាជន​ស៊ីវិល​អ៊ីស្រាអែល និងជនបរទេស ជាង ១៤០០នាក់ កាលពីដើម​ខែ​តុលា អាមេរិក​ធ្លាប់​ចេញមុខការពារ​អ៊ីស្រាអែល និង​វេតូប្រឆាំង​ការទាមទារ​ឲ្យមានបទឈប់បាញ់ ដូច​ការចង់បាន​របស់​អ៊ីស្រាអែល។ ប៉ុន្តែ នៅចំពោះមុខ​នៃការកើនឡើង​ចំនួន​មនុស្ស​ស្លាប់ ជាពិសេស​ប្រជាជន​ស៊ីវិល​ប៉ាឡេស្ទីន ដោយសារ​ការវាយប្រហារ​របស់អ៊ីស្រាអែល និង​វិបត្តិមនុស្សធម៌​នៅភាគខាងត្បូង​ហ្កាហ្សា រដ្ឋបាល​លោក​ចូ បៃដិន បាន​បន្ទន់ជំហរ និងទាមទារ​ឲ្យ​អ៊ីស្រាអែល​អនុវត្តបទឈប់បាញ់​មនុស្សធម៌ ពោលគឺ​ផ្អាកការវាយប្រហារ​មួយរយៈ ដើម្បីបុព្វហេតុ​មនុស្សធម៌។

ប៉ុន្តែ ភាគីអ៊ីស្រាអែលស្តាប់មិន​ចូលត្រចៀកឡើយ។ នៅថ្ងៃ​សុក្រ ប្រមុខរដ្ឋាភិបាល​អ៊ីស្រាអែល​បាន​បញ្ជាក់ប្រាប់​រដ្ឋមន្រ្តីការបរទេសអាមេរិក ថា អ៊ីស្រាអែល​បដិសេធ មិន​អនុវត្ត​បទឈប់បាញ់ ដរាបណា​ក្រុមហាម៉ាស​មិន​ព្រម​ដោះលែង​ចំណាប់ខ្មាំង ជាង ២៤០​នាក់ ដែលក្រុមហាម៉ាស​ចាប់យក​ទៅលាក់ ក្នុង​រូងក្រោមដី នៅ​ទឹកដី​ហ្កាហ្សា។

បន្ទាប់ពី​វាយចូល​ឡោមព័ទ្ធទីក្រុង​ហ្កាហ្សា តាំង​ពី​ថ្ងៃព្រហស្បតិ៍ កងទ័ព​អ៊ីស្រាអែល​អះអាងនៅថ្ងៃ​សៅរ៍នេះថា បាន​បាញ់​សម្លាប់​ភេរវជន​ជាច្រើននាក់ និងកម្ទេច​បាន​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ក្រុមហាម៉ាស នៅក្រុង​ហ្កាហ្សា ដែល​អ៊ីស្រាអែល​ចាត់ទុក​ជាទីតាំង​ក្បាលម៉ាស៊ីន​របស់​ក្រុមហាម៉ាស​ប៉ាឡេស្ទីន។

យោងតាម​តួលេខ​របស់​ក្រុមហាម៉ាស​ដែលគ្រប់គ្រង​តំបន់​ហ្កាហ្សា តាំងពី​ឆ្នាំ ២០០៧ ការវាយប្រហារ​របស់​អ៊ីស្រាអែល នៅ​ជាង​៣សប្តាហ៍មកនេះ បាន​សម្លាប់​មនុស្ស​ជាង ៩ពាន់នាក់ ដែលនៅក្នុងនោះ ជាង ៣ពាន់នាក់ជាកុមារ។ នៅថ្ងៃ​សុក្រ អគ្គលេខាធិការអង្គការ​សហប្រជាជាតិ​បាន​សំដែងក្តីរន្ធត់ នៅចំពោះមុខ​ការទម្លាក់គ្រាប់ ​បំផ្លាញ មន្ទីរពេទ្យ និង​រថយន្តសង្រ្គោះបន្ទាន់​មួយ​គ្រឿង​កាលពីថ្ងៃ​សុក្រ ដែលបាន​សម្លាប់​មនុស្ស​១៥នាក់ និង​របួស ៦០នាក់។

កងទ័ពអ៊ីស្រាអែល ទទួលស្គាល់​ថា ខ្លួនបាន​​ដៅ​វាយប្រហារឡានពេទ្យ ព្រោះវា​មាន​ដឹក​សមាជិក​ក្រុមហាម៉ាស។ ការលើកឡើង​របស់​អ៊ីស្រាអែល ដែល​ក្រុមហាម៉ាស​បដិសេធ​ដាច់អហង្កា។

ត្រលប់​មកនិយាយ​ពី​ប្រមុខការបរទេស​អាមេរិក លោក​អង់តូនីប្លីងកិន​វិញ។ បន្ទាប់ពី​ចាកចេញពីអ៊ីស្រាអែល ដៃទទេ មិនបាន​ទទួលបទឈប់បាញ់​ពីភាគីអ៊ីស្រាអែល រដ្ឋមន្រ្តីការបរទេស​ធ្វើដំណើរ​នៅថ្ងៃសៅរ៍ ទៅ​ប្រទេស​ហ្សកដានី ជាទី​ដែលលោក​ត្រូវ​ជួប​ថ្នាក់ដឹកនាំ និងសមភាគី របស់​ប្រទេស​អារ៉ាប់ ​ដូចជា អេហ្ស៊ីប អារ៉ាប៊ី សាអូឌីត អេមីរ៉ាត អារ៉ាប់រួម កាតា ហ្សកដានី។ នៅក្នុង​ជំនួបជាមួយ​សមភាគីអារ៉ាប់ ដែលមួយចំនួនអាច​ដើរតួជាអាជ្ញាកណ្តាល​ជាមួយ​ពួកហាម៉ាស ដូចជាប្រទេស​កាតា រដ្ឋមន្រ្តីការបរទេស​អាមេរិក​គ្រោងបញ្ចុះបញ្ចូល​ជំរុញ​ឲ្យមានការដោះលែងចំណាប់ខ្មាំង។ សម្រាប់​រដ្ឋមន្រ្តីហ្សកដានី​ដែលជា​ម្ចាស់ផ្ទះ កិច្ចប្រជុំ​របស់រដ្ឋមន្រ្តីការបរទេស​អាមេរិក ជាមួយ​ប្រទេស​អារ៉ាប់ និងមានការចូល​ពីខាងអាជ្ញាធរប៉ាឡេស្ទីន នៅហ្សកដានី​នៅថ្ងៃ​សៅរ៍ មានគោលដៅទប់ស្កាត់​កុំ​ឲ្យសង្រ្គាមនៅហ្កាហ្សា បែករីកសាយទៅជា​សង្រ្គាមនៅតំបន់ដើមបូព៌ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ