អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

តើ​គួរ​ព្រួយ​បារម្ភ​ខ្លាច​Nipahបង្ក​រោគ​​រាតត្បាត​​ទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាជ្ញាធរ​ឥណ្ឌា​បាន​ប្រកាស​នៅ​សប្តាហ៍មុន​​ថា​កំពុង​ប្រឹង​ទប់​ទល់​នឹង​ការ​រាតត្បាត​នៃ​វីរ៉ុស​Nipah។ វីរ៉ុស​ដែលចម្លង​ពី​សត្វ​មក​មនុស្ស និង​អាច​បង្ក​ឱ្យ​មាន​ជំងឺក្តៅ​ខ្លួន​យ៉ាង​ខ្លាំង ក្នុង​កំរិត​អត្រា​មរណៈ​ខ្ពស់គួរ​ឱ្យ​ព្រួយ​បារម្ភ។ តើ​វីរ៉ុស​Nipah​ជា​អ្វី?

តើ​គួរ​ព្រួយ​បារម្ភ​ខ្លាច​Nipahបង្ក​រោគ​​រាតត្បាត​​ទេ?
តើ​គួរ​ព្រួយ​បារម្ភ​ខ្លាច​Nipahបង្ក​រោគ​​រាតត្បាត​​ទេ? AP - Shijith. K
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃ​ទី​១៤កញ្ញា​ អាជ្ញាធរ​ឥណ្ឌា​បាន​ចេញ​បម្រាម​កំរិត​ការ​ជួប​ជុំ​គ្នា​​ជា​សាធារណៈ និង​បិទ​សាលា​រៀន​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋ​កេរ៉ាឡា រដ្ឋ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស ក្រោយ​ពីមាន​ករណី​ស្លាប់​មនុស្ស​ពីរ​នាក់​ដោយឆ្លង​វីរ៉ុសNipah​។ ក្រៅ​ពី​មនុស្ស​ស្លាប់ គេ​សង្កេត​ឃើញ​មានយ៉ាង​ហោច​មនុស្ស​បួននាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ​បីនាក់​ផ្សេង​ទៀត​វិជ្ជមាន​Nipah​​និង​​កំពុង​តាមដានមនុស្ស​ជាង​៧០០នាក់​ ក្នុងនោះ​១៥៣​នាក់ជា​បុគ្គលិក​ធ្វើការ​នៅក្នុង​វិស័យ​សុខាភិបាល ដែល​ជា​ករណី​ពាក់​ព័ន្ធ​ផ្ទាល់​នឹង​មាន​ផ្ទុក​មេរោគNipah​​។

តើ Nipah​​ ជាអ្វី?

​Nipah ជា ​វីរ៉ុស​​ប្រភេទ Paramyxovirus​ ចម្លង​ដោយ​សត្វ​ប្រចៀវ និង​មាន​វត្តមាន​ពេញ​តំបន់​អាស៊ី​អាគ្នេយ៍​និង​អាស៊ី​ខាងត្បូង

Nipah​ធ្លាប់បង្ក​ឱ្យ​មាន​​ជំងឺ​រាតត្បាត ជា​លើក​ដំបូង​គេ​បង្អស់​នៅ​ឆ្នាំ​១៩៩៨ ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ក្រោយ​ពីមានផ្ទុះ​​ការ​​ចម្លង​វីរ៉ុស​ក្នុង​រង្វង់​អ្នក​ចិញ្ចឹម​សត្វជ្រូក នៅ​ភូមិ​Nipah​ ទើប​ជាប់​ ​ជាប់​ឈ្មោះ​ថា​ ​Nipah តាំងពី​ពេល​នោះ​មក។ វីរ៉ុសNipah​ ជា​ភ្នាក់ងារ​ចម្លងថ្មី​​ដែល​អាច​បង្ក​បង្កើត​ឱ្យ​ទៅ​ជា​ជំងឺ​រាតត្បាត​ធ្ងន់ធ្ងរ​បាន ទើប​​អង្គការ​សុខភាពពិភពលោក​បាន​ចាត់​បញ្ចូល​ Nipah​ក្នុង​បញ្ជីជា​មួយ​​នឹង​វីរ៉ុស​ អេបូឡា ហ្ស៊ីកា និង​កូវីដ​១៩ ថា​ដូច​ជា​ជំងឺ​ជា​ច្រើន​មុន​ទៀត ដែលត្រូវ​ធ្វើ​សិក្សា​​ស្រាវជ្រាវជា​អាទិភាព ​ដើម្បី​បាន​ដឹង​អំពី​សក្តា​នុពល​នាំ​ឱ្យ​មាន​រោគ​រាតត្បាត។

Nipah​អាច​ចម្លង​ជា​ទូទៅ​ពី​សត្វ​មក​មនុស្ស ឬ​តាម​ម្ហូប​អាហារ​មាន​ផ្ទុក​វីរ៉ុស និង​​ក៏​អាច​ចម្លង​ពីមនុស្ស​ទៅ​មនុស្ស​បាន​ទៀត។ ​សត្វ​ជា​ភ្នាក់ងារ​ចម្លង​វីរ៉ុស​មក​មនុស្ស មាន​ជា​អាទិ៍​សត្វ​ប្រចៀវ ឬ​សត្វ​ជ្រូក។ ជា​សត្វស៊ីផ្លែឈើ ប្រចៀវ​មាន​ផ្ទុក​វីរ៉ុសNipah​ក្នុង​ខ្លួន​ពី​កំណើត និង​ធ្លាប់​ត្រូវ​បាន​គេ​កំណត់​ថា​ជា​ដើម​ហេតុ​នាំ​មាន​ជំងឺ​រាត​ត្បាត​ក្រោយៗមក។

នៅពេល​វីរ៉ុសNipah​ចម្លង​ចូល​មក​ដល់​ក្នុង​ខ្លួន​មនុស្ស​ហើយ វា​អាច​សំងំ​ក្នុង​សរីរាង្គ​យើង​រយៈ​ពេល​ពី​៤​ទៅ​១៤​ថ្ងៃ ជួន​រហូត​ដល់​៤៥​ថ្ងៃ ទើបចេញ​ជា​​រោគ​សញ្ញាជំងឺ។ អាការៈ​សញ្ញា​រោគNipah​ចំបង​គេ​អាច​ជា​ការក្តៅ​ខ្លួន​ខ្លាំង​ ក្អួត ប្រកាច់ និងការ​រលាក​ផ្លូវដង្ហើម។ ក្នុង​ករណី​ធ្ងន់ធ្ងរ​ខ្លាំង​ ​Nipah​​អាច​នាំ​ឱ្យ​​ខួរក្បាល​រលាកស្លាប់​ភ្លាម ឬធ្វើ​សន្លប់​លែង​ដឹង​ខ្លួន​​។ ការ​សិក្សា​អាមេរិក​បារាំង​អង់គ្លេស លើ​អ្នក​មាន​ជំងឺ​Nipah​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា មនុស្ស​ពេញ​វ័យ​វិជ្ជមានNipah ហើយ​មាន​រោគ​សញ្ញា​រលាក​ផ្លូវដង្ហើម​មាន​កំរិត​ចម្លង​ខ្ពស់ ​ទៅ​មនុស្ស​ធំ​ផ្សេង​ទៀត​នៅជុំ​វិញ​ខ្លួន។

បើ​តាម​អង្គការ​សុខភាព​ពិភពលោក អត្រា​មរណៈនៃ​​អ្នក​ឆ្លង​មេរោគ​Nipah មាន​កំរិត​ប្រមាណ​ពី​៤០ទៅ​៧៥% ហើយ​មក​ទល់​ថ្ងៃ​​នេះ ពុំ​ទាន់​មាន​ទេ​ថ្នាំព្យាបាល​ និង​ថ្នាំ​បង្ការ​ជំងឺ​Nipah​។ អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​យល់​ច្បាស់​អំពី​ការ​ចម្លង​មេរោគ​Nipah​នៅ​ឡើយ​ទេ។ គេ​ត្រូវ​ការ​សិក្សា​ស៊ីជម្រៅ​ច្រើន​ទៀត។

Nipahធ្លាប់ជា​ជំងឺ​​រាតត្បាតខ្លាំង?

ជំងឺ​រាតត្បាត​Nipah​ទីមួយ បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ជាង​១០០នាក់​ នៅ​ប្រទេស​ម៉ាឡេស៊ី និង​ដើម្បីបិទ​ខ្ទប់​​ការ​​រាតត្បាតនៃ​វីរ៉ុស​ ​ឱ្យ​អាជ្ញាធរ​ចាត់​វិធានការ​សម្លាប់​សត្វ​ជ្រូក ​អស់​ជា​ច្រើន​លាន​ក្បាល។ សិង្ហបុរី​ប្រទេស​ជិត​ខាង​ម៉ាឡេស៊ី​ ក៏​រង​ការ​រាតត្បាត​ឆ្លង​ពី​ម៉ាឡេស៊ី​ដែរ នៅពេលនោះ ដោយ​មាន​ពលរដ្ឋឆ្លង​និង​កើត​ជំងឺ​Nipah​​ចំនួន​​១១នាក់ និង​ម្នាក់​បាន​​ស្លាប់​បាត់​បង់​ជីវិត។ ពួក​គេសុទ្ធសឹង​ជា​អ្នក​ធ្វើ​ការ​នៅ​កន្លែង​កាប់​ជ្រូក​ដែល​នាំ​ចូលមកពី​ម៉ាឡេស៊ី។ តាំងពីពេល​នោះ​មក ជំងឺ​Nipah​​មានលេច​ឡើង​តែ​​នៅ​​ក្នុង​ប្រទេស​​បង់ក្លាដែស​និង​ឥណ្ឌា។ ប្រទេស​បាន​ឆ្លង​កាត់​ជំងឺ​រាតត្បាត​Nipah​​ជា​លើក​ទី​មួយ​នៅឆ្នាំ​២០០១។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេះ បង់ក្លាដែស​រងគ្រោះ​Nipah​​ខ្លាំង​ជាង ដោយ​មាន​មនុស្ស​ស្លាប់​ព្រោះ​Nipah អស់​ជាង​១០០នាក់ គិត​ចាប់​តាំងពី​ឆ្នាំ​២០០១មក​។

Nipahក្នុង​ទម្រង់​ជា​ជំងឺ​​រាតត្បាត បានផ្ទុះ​ឡើង​​ពីរ​​លើក​នៅ​ឥណ្ឌា និង​បាន​ឆក់​យក​ជីវិត​​មនុស្ស​អស់​ជាង​៥០នាក់ ក្នុង​នោះ​១៧នាក់​នៅរដ្ឋ​ការ៉ាឡា ទម្រាំ​អាជ្ញាធរ​ទប់​ស្កាត់បាន។​ កាលពី​ខែ​មុន​ រដ្ឋ​កេរ៉ាឡា ដែល​ស្ថិត​នៅភាគ​ខាង​ត្បូង​នៃ​ប្រទេស​ ​Nipah​​បាន​លេច​ឡើង​ជា​ថ្មី​ ដោយ​មាន​ស្លាប់​ពីរនាក់។ នេះ​ជា​រលក​ចម្លង​Nipah​​លើក​ទីបួន​ហើយ​សម្រាប់​រដ្ឋ​កេរ៉ាឡា គិតចាប់​តាំងពីឆ្នាំ​២០១៨មក។

ហេតុ​អ្វី​ការ​ចម្លង​វីរ៉ុស​ពី​សត្វ​ទៅ​មនុស្ស​ មានការ​កើនឡើង?

​កូវីដ​១៩​មិន​ទាន់​ទៅ​ផុត​ផង Nipahបាន​មក​ដល់​ទៀត តើ​នឹង​មាន​ជំងឺ​ប្លែកៗ​ច្រើន​លេច​ឡើង​ប៉ុន្មាន​មុខ​ទៀត​ នៅថ្ងៃអនាគត? ហេតុ​អ្វី​មេរោគ​របស់​សត្វ​ស្រាប់​តែ​អាច​ចម្លង​មក​មនុស្ស​បាន​កាន់​តែ​ច្រើនឡើងៗ​យ៉ាង​ដូច្នេះ? Zoonoses លេច​ឡើង​តាំងពី​រាប់ពាន់​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ជំងឺ​សត្វ​ឆ្លងអាច​​មក​មនុស្ស បាន​​កើន​ឡើង​ខ្លាំង​​នា​រយៈ​ពេល​២០ទៅ​៣០​ឆ្នាំ​ចុងក្រោយ​នេះ។ វឌ្ឍនភាព​នៃ​ការ​ធ្វើ​ដំណើរ​ឆ្លង​ស្រុក​ ឆ្លង​ទ្វីប​ ជាកត្តា​នាំ​ឱ្យ​មាន​ការ​រីក​រាលដាល​ចម្លង​យ៉ាង​លឿន​រហ័ស។ ការ​ពង្រីក​​ផ្ទៃ​ដី​រស់​នៅ ការ​វាតទី​ រុករុល​​ភព​ផែនដី​​ ... ទង្វើ​របស់​មនុស្សទាំងអស់​​នេះ​មាន​ចំណែក​បំផ្លាញ​ប្រព័ន្ធ​អេក្រូសាស្ត្រ​ធំណាស់​ និង​ជា​ការ​បង្កើន​​ប្រូបាលីតេ​នៃ​ការ​បំប្លែង​ខ្លួន​របស់​វីរ៉ុស​ ដែល​អាច​ចម្លងពី​សត្វ​​មក​មនុស្ស​។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​អ្នក​ជំនាញ។

កសិកម្ម​បែប​ឧស្សាហកម្ម​ក៏​បាន​បង្កើន​ហានិភ័យ​ចម្លង​រីករាល​ដាល​របស់មេរោគ​និង​ភ្នាក់ងារ​ចម្លង​ជំងឺ​​រវាង​សត្វ​និង​សត្វ​។ ឯ​ការ​កាប់​ព្រៃ​ឈើ​បាន​ជំរុញ​ឱ្យ​សត្វ​ព្រៃ​ សត្វ​ស្រុក និង​មនុស្ស​​បាន​ជួប​​និង​មានទំនាក់ទំនង​កាន់​តែ​ច្រើន​ជាង​មុន។ ការ​រស់​នៅ​កាន់​តែ​ច្របូក​ច្របល់ លាយ​លំ​គ្នា​កាន់​តែ​ខ្លាំង ការ​ចម្លង​មេរោគ​ពី​ប្រភេទ​សត្វ​មួយ​ទៅ​សត្វ​ ឬ​ពី​មនុស្ស​ទៅ​សត្វ​ ពីសត្វ​មក​មនុស្ស​ក៏​កាន់​តែ​ងាយ​ និង​បាតុភូត​ដែល​សម្រួល​ឱ្យ​ងាយ​លេច​ឡើង​នូវ​ជំងឺថ្មី ប្លែក​មាន​សក្តានុពល​​ឆ្លង​និង​រាតត្បាត​មក​មនុស្ស​កាន់​តែ​ខ្លាំង​ដែរ។

ជា​ចុងក្រោយ​ គឺ​ការ​ប្រែប្រួល​អាកាសធាតុ។ មិន​ខុស​ពី​មនុស្ស ការ​ប្រែប្រួល​អាកាសធាតុ​បាន​រុញ​ច្រាន​សត្វ​ជា​ច្រើនឱ្យ​រត់​គេច​ពី​ទ្រនំ​ គេច​​ប្រព័ន្ធ​អេក្រូសាស្ត្រ​ចាស់​របស់ខ្លួន​ទៅ​រក​ទឹក​ដី​ថ្មីដែល​អនុគ្រោះ​និង​​ងាយ​ស្រួល​រស់​ជាង​មុន​។ នេះ​បើ​តាមការ​សិក្សា​មួយ​ចេញ​ផ្សាយ​កាលពី​ឆ្នាំ​២០២២។ បើ​ការ​ប៉ាន់​ស្មាន​ចុះ​ផ្សាយ​ក្នុង​ទំព័រ​ទស្សនាវដ្តី​វិទ្យាសាស្ត្រ​ឆ្នាំ​២០១៨ មាន​​វីរ៉ុស​នៅ​លើ​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ​និង​សត្វ​ស្លាប​​ប្រមាណ​ជាង​១,៧​លាន​ ដែល​មនុស្ស​មិន​ស្គាល់ ក្នុង​នោះពី​​៥៤០០០០​ទៅ​៨៥០០០០​ទំនង​ជា​មាន​សមត្ថភាព​ឆ្លង​មក​មនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ