អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ខួប​១ឆ្នាំ​​៖ ការស្លាប់​ នាង ​អាមីនី បាន​ប្តូរ​ផ្នត់​គំនិត​សង្គម​​អ៊ីរ៉ង់

ចុះផ្សាយ​នៅ​ថ្ងៃ៖

១ឆ្នាំក្រោយ​ការ​ស្លាប់​នាង អាមីនី និង​ បាតុកម្ម​ពេញ​១ឆ្នាំដែរ​ ទោះបី​គ្មាន​ផ្លាស់ប្តូរ​របប​ដឹកនាំ​នយោបាយក្តី​ និង​​មិនទាន់​មាន​កំណែទម្រង់ធំដុំ​អ្វីឡើយ​ក្នុងជួររដ្ឋាភិបាលក្តី ​ប៉ុន្តែ ​ទិដ្ឋភាព​​ក្នុងសង្គម​​ មាន​របត់​​ផ្លាស់ប្តូរ​​យ៉ាង​ខ្លាំង។ ​​ពាក្យ​ស្លោកតែបីពាក្យ​យ៉ាងខ្លីដ៏​ល្បីល្បាញ គឺ​ «ស្រី ជីវិត និង​សេរីភាព»​ ត្រូវ​​ផ្សព្វផ្សាយ​ច្រើនទៅៗ ហើយ​នារីអ៊ីរ៉ង់​​ក៏​ច្រើន​ឡើងៗ បដិសេធ​​​ទម្លាប់ចាស់ ហ៊ានងើបឈរ​​ប្រឆាំង​ និង​ហ៊ាន​បោះចោលកំណាត់​ទទូល​ក្បាល។​

នាង Mahsa (Jina) Amini ជាតិអ៊ីរ៉ង់ ដើមកំណើតគួដ ត្រូវប៉ូសិលចាប់ឃាត់ខ្លួន ថ្ងៃទី១៦កញ្ញា ឆ្នាំ២០២២ ព្រោះតែមិនបានពាក់កំណាត់ទទូលក្បាល ឲ្យត្រឹមត្រូវ ហើយនាងត្រូវស្លាប់បាត់បង់ជីវិត។
នាង Mahsa (Jina) Amini ជាតិអ៊ីរ៉ង់ ដើមកំណើតគួដ ត្រូវប៉ូសិលចាប់ឃាត់ខ្លួន ថ្ងៃទី១៦កញ្ញា ឆ្នាំ២០២២ ព្រោះតែមិនបានពាក់កំណាត់ទទូលក្បាល ឲ្យត្រឹមត្រូវ ហើយនាងត្រូវស្លាប់បាត់បង់ជីវិត។ © RFI studio graphique
ផ្សាយពាណិជ្ជកម្ម

ថ្ងៃទី​១៦កញ្ញា ឆ្នាំ២០២២ នាង មាហ្សា អាមីនី ​ Mahsa (Jina) Amini ជាតិ​អ៊ីរ៉ង់​ ដើមកំណើត​គួដ​ ត្រូវ​ប៉ូសិល​ចាប់ឃាត់ខ្លួន ​ព្រោះតែ​មិន​បាន​ពាក់​កំណាត់​ទទូលក្បាល ឲ្យ​ត្រឹមត្រូវ​ ហើយ​នាង​ត្រូវ​ស្លាប់​បាត់​បង់​ជីវិត។​ មរណភាព​យុវតី ២២ ឆ្នាំ​រូបនេះ បាន​ធ្វើ​ឲ្យ​ផ្ទុះ​​​បាតុកម្មពេញ​ផ្ទៃ​ប្រទេស​ ស្ទើរតែ​ពេញ​ ១ ឆ្នាំមកហើយ​។​

​រ​ដ្ឋអំណាច​អ៊ីរ៉ង់ គំរាម​កំហែង​ និង ​ធ្វើ​ទុក្ខ​បុកម្នេញ​ជាញឹកញយ ទៅលើគ្រួសារនាង។ នៅថ្ងៃខួប​ស្លាប់​កូនស្រី ១ឆ្នាំ ឪពុក​នាង អាមីនី ត្រូវ​នគរបាលអ៊ីរ៉ង់​ ​ហៅ​ទៅ​សាកសួរ​នៅប៉ូស្តិ៍​ប៉ូលិស និងត្រូវ​​ហាម​ឃាត់​ក្រុម​​គ្រួសារ​មិន​ឲ្យ​រៀបចំ​ធ្វើ​ពិធីបុណ្យ​រំលឹកវិញ្ញាណក្ខន្ធ​  ទោះបីជា ​បុណ្យ​តាម​ប្រពៃណី ឬបុណ្យ​បែប​​សាសនា ​ក៏ដោយ​ក្តី ក៏ត្រូវ​​ហាម​ដែរ​។

បាតុកម្មពេញ​ផ្ទៃ​ប្រទេស​ រងការ​បង្ក្រាប​ ស្លាប់​មនុស្ស ជាង​ ៥០០ នាក់​ ចាប់ខ្លួនរាប់ពាន់​នាក់

រយៈ​ពេល​មួយ​ឆ្នាំ នារី​អ៊ីរ៉ង់ ចេញ​មុខ​ច្រើន​ឡើងៗ​ រិះគន់​រដ្ឋអំណាច និងថ្កោលទោស​​ថ្នាក់ដឹកនាំប្រទេស ​ជាចំហ​។ ស្រីៗ​ បដិសេធ មិនពាក់​ក្រណាត់​ទទូល​ក្បាល​​ និង​ថែមទាំង​ នាំគ្នា​កាត់​សក់ បង្ហោះ​ផ្សព្វផ្សាយ​តាម​បណ្តាញសង្គម និង​ទីសាធារណៈ ជាការសម្តែង​មតិ​ប្រឆាំង​នឹង​កម្លាំង​រដ្ឋអំណា​ច​។ ចលនា​បាតុកម្ម​ផុសផុល​ពេញ​ផ្ទៃ​ប្រទេស។​

កម្លាំង​គនរបាល​ឆ្មាំបដិវត្តិ​អ៊ីរ៉ង់ ក៏​បាន​ប្រើ​កម្លាំង​បាយ ​បង្ក្រាប​បាតុករ និង​​បាន​បណ្តាល​ឲ្យ​​ ​ស្លាប់​មនុស្ស​យ៉ាងតិច​ ៥៥០ នាក់។​ ក្នុងចំណោម​អ្ន​កស្លាប់បាត់បង់​ជីវិត​ ក៏មាន​ក្មេងៗ ប្រមាណ​​៧០នាក់ ស្រីៗ​ ជិត​ ៥០ ​នាក់ដែរ​។​ នេះបើយោង​តាម​ អង្គការ​សិទ្ធិម​នុស្ស​អ៊ីរ៉ង់​ IHR។ ក្រៅ​ពីស្លាប់​ គឺត្រូវ​ចាប់ខ្លួន។​ បាតុករ​ ប្រុសស្រី ប្រមាណ ២ម៉ឺន ២ពាន់នាក់ ត្រូវ​ប៉ូលិសរដ្ឋអំណាច អ៊ីរ៉ង់​ចាប់ខ្លួនឃុំ​ខ្លួន​។ ​អង្គការ​ការពារសិទ្ធមនុស្ស Amnesty International   ​ បាន​បញ្ជាក់ថា បាតុករ​ប្រុសៗ ៧​ នាក់​ ត្រូវ​កាត់ទោស​ប្រហារ​ជីវិត​។

ចំណែក អ្នក​កាសែត ដែល​តាម​ស៊ើប​​អង្គេត​ករណី​ឃាតកម្ម​លើ​យុវតី អាមីនី ក៏​ត្រូវ​នគរបាល​អ៊ីរ៉ង់​ចាប់ឃុំខ្លួន។ សូម្បីតែ មេធាវី ការពារក្តីឲ្យ​គ្រួសារ​នាង អាមីនី ក៏ត្រូវ​រងបណ្តឹង​ពីការ​ឃោសនា​ប្រឆាំងរដ្ឋាភិបាល​ និង​អាចប្រឈម​មុខ​ជាប់​ពន្ធនាគារ​ យ៉ាង​ហោច ៣ ឆ្នាំ​។

ប្រទេស​លោក​ខាង​លិច​ ផុសផល​គាំទ្រ​បាតុករ តែរដ្ឋអំណាច​អ៊ីរង់​ចាត់ទុក​ជាសត្រូវ​

ខួប​១ឆ្នាំ​ បាតុកម្ម​និងការ​សម្តែង​មតិ​ផ្សេងៗ​ ត្រូវ​រៀបចំ​ធ្វើឡើង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ផ្ទាល់ ហើយ​នៅ​បរទេស។ បាតុកម្ម​គាំទ្របាតុករ​​ មាន​នៅប្រទេស​​កាណាដា អាមេរិក អូស្ត្រាលី អង់គ្លេស  និង​បណ្តាល​ប្រទេស​ជាច្រើន​ក្នុង​រង្វង់​សហភាព​អឺរ៉ុប ដែល​ប្រទេស​ទាំងនោះ សុទ្ធតែ​បាន​ចូលរួម​ចំណែក​ដាក់​ទណ្ឌកម្ម​លើពួក​​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់​។ ហើយ​ពេលនេះ បាតុករ​​ក៏​នៅតែ​ស្នើ​ឲ្យ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត ទៅលើ​រដ្ឋាភិបាល​អ៊ីរ៉ង់។

នៅក្នុង​ឱកាស​​ខួប​១ឆ្នាំនេះ ក្រៅពីមិន​ទៅ​យកចិត្ត​គ្រួសារ​ជន​រងគ្រោះ​ ប្រធានាធិបតី​អ៊ីរ៉ង់ Ebrahim Raïssi បែរ​ជា​ជ្រើស​រើស​ទៅ​គោរពវិញ្ញាណក្ខន្ធ​ ខាង​គ្រួសារ​ប៉ូលិស​ ដែល​ធ្លាក់​ខ្លួន​ស្លាប់ ​​​ក្នុងហេតុការណ៍​​បង្ក្រាប​​បាតុករ​។ ប្រមុខរដ្ឋ​អ៊ីរ៉ង់​ថែមទាំង​​ថ្លែង​ចំហក​ទៀត​ថា «គម្រោង​ការ​​​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ ពី​សំណាក់​សត្រូវ​ គឺត្រូវ​បរាជ័យ»។ «ពួក​សត្រូវ​អ៊ីរ៉ង់ ដែល​បាន​ផ្សំ​គំនិត​ ​​បញ្ឆេះ​កម្លាំង​បាតុករ​ មាន​ចេតនា​បង្កអស្ថិរភាពក្នុង​ប្រទេស​​​ តែទីបំផុត ​ត្រូវ​ធ្លាក់​ខ្លួន អស់សង្ឃឹម​ និង​បរាជ័យ​ធ្លាក់​ទឹក​។»​

​បង្កើន​សាមគ្គីភាព​ជាមួយ​ស្ត្រី​អ៊ីរ៉ង់

ការ​ផុសផុលបាតុកម្ម មិនមែន​តែស្រីៗ​ទេ គឺ ប្រុសៗដែរ ដេល​ចូលរួម​ចលនា​បាតុកម្ម ហើយ​និង​ចូលរួម​ជ្រោម​ជ្រែងកម្លាំង​​ស្រ្តី​។ មួយ​វិញទៀត​ ក្រុមអ្នក​​សិល្បៈ អ្នកចេះ​ដឹង​ មនុស្ស​ជាច្រើន​ស្រទាប់​វណ្ណៈ​សង្គម បាន​ផ្តុំ​គ្នា​នៅលើ​គំនិត​១​ថា «ស្រី​ត្រូវមាន​ជីវិតរស់​នៅ​ក្នុងសេរីភាព​»។ ដូច្នេះហើយ​ ម្នាក់ៗ​ប្រឹង​​សម្តែង​មតិ តស៊ូ​តាម​គ្រប់​មធ្យោបាយ​ដែល​ខ្លួន​អាច​ធ្វើ​ទៅបាន​។ ជាក់ស្តែង​ វិចិត្រករខ្លះ គាំទ្រ​ខាង​បាតុករ​ ​ បាន​បញ្ចេញគំនូរ​​ដែល​បង្កប់​ន័យ​ប្រឆាំង​រដ្ឋអំណាច​ ហើយចំណែក​ ​ផលិតករភាព​យន្ត​ និង​អ្ន​កដឹកនាំ​រឿង ក៏​ផលិតធ្វើ​​កុន​ ដែល​មិនតម្រូវ​ឲ្យ​ នារីៗ ​តួសម្តែង​ ពាក់​ក្រណាត់​ទទូល​ក្បាល​ ទេ។​ ករណីនេះ​ ក៏​មាន​ប៉ូលិស​អ៊ីរ៉ង់ បាន​ទៅរំខាន​ដល់​កន្លែង​កំពុង​ថត​ក៏មាន។​

នៅ​អ៊ីរ៉ង់ អ្នកកាសែត​បរទេស​ ​កត់​សម្គាល់​ថា ​បាតុកម្ម​១ឆ្នាំមកនេះ នារី​ក្មេងៗ​ ជំទង់ៗ ហាក់​កែប្រែផ្នត់​គំនិត​ និងផ្លាស់ប្តូរ​ទម្លាប់​ ជា​​ច្រើ​ន​។ ពួក​​ស្រី​ៗ​កាន់តែច្រើនៗឡើង បាន​ ហ៊ាន​ផ្គើន​នឹង​វិធានការ​រដ្ឋអំណាច​។ ​នៅ​កន្លែងធ្វើការក្រុម​ហ៊ុន​ខ្លះ​ នារីៗ​​ ហ៊ាន​ដល់​ស្លៀក​ខោខៅប៊យ ពាក់អាវយឺត និង​មិន​ពាក់​ក្រណាត់​ទទូល​ក្បាល​ទេ។​ ក្រុមហ៊ុនដែល​ករណី​បែបនេះ ត្រូវ​រងការព្រមានពីសមត្ថកិ​ច្ច ហើយ​ ហាង​កាហ្វេ មួយ​ចំនួន​ នៅ​​អ៊ីរ៉ង់ ត្រូវ​ប៉ូលិស​ បង្ខំ​ឲ្យ​បិទទ្វារ​ ព្រោះតែ​បាន​ទទួល​ភ្ញៀវ​ស្រីៗ​ដែល​មិន​ពាក់​ក្រណាត់​ទទូល​ក្បាល។​

​នៅថ្ងៃទី​១៦កញ្ញា ខួប​១ឆ្នាំ ដែល​នាង អាមីនី ស្លាប់ យុវបុរសម្នាក់ ត្រូវ​នគរបាល​បាញ់​ស្លាប់ ។​ បុរសនេះ គឺត្រូវ​គេ​ដឹង​ថា បាន​អំពាវនាវ​ឲ្យ​គេ​ឯង​ឲ្យ​តស៊ូ​បាតុកម្ម​តទៅ​ ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ