អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រវត្តិនៃឧស្សាហកម្មវាយនភណ្ឌ និងសម្លៀកបំពាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់តាំងពីសម័យបដិវត្តន៍ឧស្សាហកម្មនៅក្នុងសតវត្សរ៍ទី១៨ វិស័យវាយនភណ្ឌ និងសម្លៀកបំពាក់បានរួមចំណែកយ៉ាងចម្បង នៅក្នុងគ្រឹះសេដ្ឋកិច្ចនៃប្រទេសយ៉ាងច្រើន  ជាពិសេសនៅពេលប្រទេសមួយស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍ។ នាពេលបច្ចុប្បន្ន ឧស្សាហកម្មនេះបានវិវត្តន៍ពីការប្រើប្រាស់មនុស្សច្រើន និងមានជំនាញបច្ចេកទេសទាប មកក្លាយជាឧស្សាហកម្មដែលប្រើប្រាស់គ្រឿងយន្ដ និងការច្នៃប្រឌិតម៉ូតម៉ាកច្រើន។ នៅក្នុងសង្គមកម្ពុជា វិស័យកាត់ដេរ វាយនភណ្ឌ និងស្បែកជើង បានរួមចំណែកដល់កំណើនសេដ្ឋកិច្ច រួមទាំងការបង្កើតការងារ និងកាត់បន្ថយភាពក្រីក្រ។

កម្មការិនី​ជា​ច្រើន​កំពុង​តែ​កាត់ដេរ​នៅ​រោងចក្រ​ក្នុង​ស្រុក។​
កម្មការិនី​ជា​ច្រើន​កំពុង​តែ​កាត់ដេរ​នៅ​រោងចក្រ​ក្នុង​ស្រុក។​ សហការី
ផ្សាយពាណិជ្ជកម្ម

ការវិត្ដន៍នៃឧស្សាហកម្មវាយនភណ្ឌ និងសម្លៀកបំពាក់

ចាប់តាំងពីសម័យបដិវត្តន៍ឧស្សាហកម្មក្នុងសតវត្សរ៍ទី១៨ ឧស្សាហកម្មវាយនភណ្ឌ និងសម្លៀកបំពាក់ បាន​លេចឡើងជារូបរាងយ៉ាងខ្លាំងក្នុងការគាំទ្រគ្រឹះសេដ្ឋកិច្ច ជាពិសេសនៅពេលប្រទេសមួយស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍ។

នៅក្នុងប្រវត្តិសាស្រ្ដ គំរូពាណិជ្ជកម្មក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរគឺស្រដៀងគ្នាពីប្រទេសមួយទៅប្រទេសមួយ។

ពីមុនមក វិស័យផលិតសម្លៀកបំពាក់គឺពឹងផ្អែកលើកម្លាំងពលកម្មច្រើន ហើយជាធម្មតាគឺពឹងផ្អែកលើកម្លាំងពលកម្មដែលមានបច្ចេកទេសទាប។ ក៏ប៉ុន្តែ ឥឡូវ ឧស្សាហកម្មនេះបានវិវត្តន៍ទៅប្រើប្រាស់គ្រឿងយន្ដច្រើន ដើមទុនខ្ពស់ និងការច្នៃប្រឌិតម៉ូតម៉ាកច្រើន។ លើសពីនេះ ដោយសារថ្លៃកម្លាំងនៅក្នុងប្រទេសជឿនលឿនបានកើនឡើង ក្រុមហ៊ុនធំៗយ៉ាងច្រើនបានផ្លាស់ទីផលិតកម្មរបស់ខ្លួនទៅកាន់ប្រទេសផ្សេងៗ តួយ៉ាង ប្រទេសចិន ឥណ្ឌា វៀតណាម និងកម្ពុជាផងដែរ។ នៅកម្ពុជា គេអាចសង្កេតឃើញម៉ាកល្បីៗដែលកំពុងតាំងទីផលិតកម្មរបស់ខ្លួននៅក្នុងប្រទេស ដូចជាក្រុមហ៊ុន Adidas H&M Zara Puma និងក្រុមហ៊ុនជាច្រើនទៀត។

ឧស្សាហកម្ម ពាណិជ្ជកម្មអន្ដរជាតិ ការងារ និងភាពក្រីក្រ

យោងតាមការចេញផ្សាយរបស់ ធនាគារពិភពលោក (World Bank) ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរសកល បានរួមចំណែកយ៉ាងសំខាន់នៃលំហូរពាណិជ្ជកម្មពិភពលោក ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍ និងប្រទេសអភិវឌ្ឍតិចតួច ដែលវិស័យសម្លៀកបំពាក់រួមចំណែកនៃនាំចេញសរុបក្នុងភាគរយច្រើន។

នៅក្នុងប្រទេសកំពុងអភិវឌ្ឍ ឧស្សាហកម្មសម្លៀកបំពាក់គឺរួមចំណែកក្នុងភាគរយខ្ពស់ខ្លាំងនៃការនាំចេញសរុបរបស់ប្រទេសទាំងនោះ បើទោះជាតម្លៃនាំចេញមានទំហំទាបធៀបនឹងប្រទេសធំៗ។ ក៏ប៉ុន្តែ គេសង្កេតឃើញថា ការពឹងផ្អែកបែបនេះលើឧស្សាហកម្មកាត់ដេរសម្រាប់ទាំងការងារ និងប្រាក់ចំណូលពីការនាំចេញ បានធ្វើឱ្យប្រទេសទាំងនេះ និងប្រជាជនរបស់ពួកគេងាយរងគ្រោះយ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរទម្រង់ពាណិជ្ជកម្មមិនល្អដែលជះឥទ្ធិពលដល់វិស័យទាំងនេះ ជាឧទាហរណ៍ ផលប៉ះពាល់លើវិស័យកាត់ដែរជាកម្រិតសកល ពីវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨។

ឧស្សាហកម្មនេះបានរួមចំណែកផ្ដល់ការងារដល់ប្រជាជនរាប់លាននាក់ និងបានរួមចំណែកកាត់បន្ថយភាពក្រីក្រ។ ផ្អែកតាមតួលេខផ្លូវការចុងក្រោយ ឧស្សាហកម្មនេះប្រើប្រាស់កម្លាំងពលកម្មក្នុងចំនួនជាង ៧៥លាននាក់នៅទូទាំងពិភពលោក។

ប្រទេសធំៗក្នុងវិស័យវាយនភណ្ឌ និងសម្លៀកបំពាក់

យោងតាមសារព័ត៌មាន VietNam Breaking News អឺរ៉ុប សហរដ្ឋអាមេរិក និងជប៉ុន គឺជាប្រទេសទាំងបីដែលនាំចូលផលិតផលវាយនភណ្ឌ និងកាត់ដេរ ដ៏ធំបំផុតក្នុងពិភពលោកផងដែរ ដោយបានរួមចំណែក ៣៤,១ ភាគរយ (អឺរ៉ុប) ១៦,៨ភាគរយ (សហរដ្ឋអាមេរិក) និង ៥,៣ភាគរយ (ជប៉ុន) នៃចំណែកទីផ្សារពិភពលោក។ ប្រទេស​ចិន បង់ក្លាដែស វៀតណាម និង​ឥណ្ឌា គឺជា​ប្រទេស​នាំចេញ​សម្លៀក​បំពាក់​ធំជាងគេ​ទាំង​បួន​ក្នុង​ពិភពលោក។

វិស័យកាត់ដេរ វាយនភណ្ឌ និងស្បែកជើង៖ វិស័យដ៏សំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា

ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ការនាំចេញនៅក្នុងវិស័យកាត់ដេរ វាយនភណ្ឌ និងស្បែកជើងបានកើនឡើងយ៉ាងខ្លាំង។ យោងតាមគេហទំព័រ investincambodia-eu.org នាពេលបច្ចុប្បន្ន ឧស្សាហកម្មកាត់ដេរ និងស្បែកជើងរបស់កម្ពុជាបានក្លាយជាសសរស្តម្ភមួយនៃសេដ្ឋកិច្ចកម្ពុជា រួមជាមួយនឹងវិស័យទេសចរណ៍ សំណង់ និងកសិកម្ម។ ក្នុងឆ្នាំ២០១៦ ឧស្សាហកម្មកាត់ដេរតែមួយរួមចំណែកប្រមាណ ១៦%នៃផលិតផលក្នុងស្រុកសរុបជាតិ (GDP)។

ក្នុង​ឆ្នាំ២០១៨ វិស័យ​កាត់ដេរ និង​ស្បែកជើងរួមចំណែក ៧៤%នៃ​ចំណូល​នាំចេញសរុប​របស់​កម្ពុជា។ យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា គិតត្រឹមដំណាច់ឆ្នាំ២០១៨ មានរោងចក្រនាំចេញសម្លៀកបំពាក់សរុបចំនួន៦២៥ និងនាំចេញស្បែកជើងចំនួន ៨៣នៅកម្ពុជា។ ជាលទ្ធផល វិស័យនេះប្រើប្រាស់កម្មករជាង ៧៥៤,០០០នាក់។

ផ្អែកតាម ធនាគារពិភពលោក នាពេលបច្ចុប្បន្ន ការនាំចេញទំនិញកំពូលទាំងបី ដែលជាផលិតផលកាត់ដេរ វាយនភណ្ឌ និងស្បែកជើង បានកើនឡើងដល់ ៣,១ពាន់លានដុល្លារអាមេរិក។ ធៀបនឹងការនាំចេញសរុប ការនាំចេញផលិតផលទាំងនេះបានធ្លាក់ចុះមកត្រឹម ៦៤,៥ភាគរយនៃការនាំចេញទំនិញសរុប ក្នុងឆ្នាំ២០២២ ពី៧៧,៦ភាគរយក្នុងឆ្នាំ២០១៩។ ក្នុងពេលជាមួយ ការនាំចេញផលិតផលផ្សេងៗមិនមែនផលិតផលកាត់ដេរ វាយនភណ្ឌ និងស្បែកជើង រួមមានកង់ យានជំនិះ និងគ្រឿងបន្លាស់អេឡិចត្រូនិច និងខ្សែកាបក៏បានបង្កើនល្បឿនផងដែរ និងកើនទំហំទឹកប្រាក់ដល់ ៤២៦លានដុល្លារអាមេរិក។

ទោះជាយ៉ាងណា ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​គឺ​ផ្អែក​លើ​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញបច្ចេកទេស​ទាប។ កម្មករភាគច្រើនជាស្ត្រីដែលមានកម្រិតអប់រំទាបមកពីជនបទ។ ប្រាក់ចំណូលរបស់ពួកគេពីការងាររោងចក្រជាទូទៅបានផ្ញើទៅផ្គត់ផ្គង់គ្រួសារនៅទីជនបទ។ ផ្អែកតាមរដ្ឋាភិបាលកម្ពុជា វិស័យនេះបានរួមចំណែកយ៉ាងច្រើនដល់ការកាត់បន្ថយអត្រាភាពក្រីក្រជាតិ និងរក្សាកំណើនសេដ្ឋកិច្ចផងដែរ។

សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក នៅតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់កម្ពុជាក្នុងវិស័យនេះ ដែលស្មើនឹងជិត៧០ភាគរយនៃការនាំចេញតាមវិស័យរបស់កម្ពុជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ