អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រឈមនឹងបរិបទភូមិសាស្រ្តនយោបាយតានតឹង ជប៉ុនបង្កើនវិនិយោគលើវិស័យសឺមីកុងឌុចទ័រ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃទី១១វិច្ឆិកា​កន្លងទៅ រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​ឲ្យដឹង អំពី​គម្រោង​វិនិយោគ បង្កើត​ក្រុមហ៊ុន​ដ៏ធំមួយ ក្នុងគោលដៅ​បង្កើន​សមត្ថភាព​ក្នុងការ​ផលិត​សឺមីកុងឌុចទ័រ ហើយ​កាត់បន្ថយ​ការពឹងផ្អែក​លើ​ការនាំចូល​ពី​បរទេស ជាពិសេស តៃវ៉ាន់ ដែលកំពុង​ប្រឈម​នឹង​ស្ថានភាព​តានតឹងខ្លាំង​ជាមួយចិន។ តាមគម្រោង ជប៉ុន​ចង់​បង្កើន​សមត្ថភាព​​ក្នុងការ​ស្រាវជ្រាវ និង​ផលិត​សឺមីកុងឌុចទ័រ ដើម្បី​អាច​ប្រកួតប្រជែង​ជាមួយ​នឹង​តៃវ៉ាន់ និង​កូរ៉េ​ខាងត្បូង នៅ​ក្នុង​រយៈពេល ៥ឆ្នាំ​ខាងមុខ។

ប្រភពផ្គត់ផ្គង់​សឺមីកុងឌុចទ័រ​​ដ៏ចម្បងមួយ សម្រាប់​ទីផ្សារពិភពលោក​បច្ចុប្បន្ន គឺ​តៃវ៉ាន់ ដែល​កំពុង​មាន​បញ្ហា​តានតឹង​ជាមួយចិន
ប្រភពផ្គត់ផ្គង់​សឺមីកុងឌុចទ័រ​​ដ៏ចម្បងមួយ សម្រាប់​ទីផ្សារពិភពលោក​បច្ចុប្បន្ន គឺ​តៃវ៉ាន់ ដែល​កំពុង​មាន​បញ្ហា​តានតឹង​ជាមួយចិន REUTERS - FLORENCE LO
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​សឺមីកុងឌុចទ័រ (Rapidus) ដែលជប៉ុន​ទើបនឹង​ប្រកាស​បង្កើតឡើង​នេះ គឺ​ជា​ក្រុមហ៊ុន​វិនិយោគរួម ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់ក្រុមហ៊ុន​​ធំៗ​ចំនួន ៨ របស់​ជប៉ុន ក្នុងនោះ​រួមមាន​ជាអាទិ៍ Toyota និង​ Sony ជាដើម ដោយ​ក្រុមហ៊ុន​នីមួយៗ​ត្រូវ​ចេញទុនម្នាក់ៗ ៧លានដុល្លារ ចំណែក​​ជិត ៥០០លានដុល្លារ​ផ្សេងទៀត ត្រូវ​ចេញ​ពី​កញ្ចប់​ថវិកា​របស់​រដ្ឋាភិបាល។

យោងតាម​ក្រសួង​ឧស្សាហកម្ម​ជប៉ុន ក្រុមហ៊ុន​ថ្មី​នេះ​ដាក់ចេញ​នូវ​គោលដៅ ធ្វើយ៉ាងណា​សិក្សាស្រាវជ្រាវ និង​ផលិត​បន្ទះឈីប​​ជំនាន់ថ្មី ដែល​មាន​ទំហំតូច​ត្រឹម ២ណាណូម៉ែត្រ នៅត្រឹម​ឆ្នាំ២០៣០​ខាងមុខ។

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ក្យូដូ នៅ​ក្នុង​បច្ចេកវិទ្យា​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​ជប៉ុន​អាច​ផលិត​បន្ទះឈីប​បាន​យ៉ាងតូច​បំផុត​ត្រឹម ៤០ណាណូម៉ែត្រ​តែ​ប៉ុណ្ណោះ ក្នុងពេល​ដែល​ក្រុមហ៊ុន​ Samsung របស់​កូរ៉េ​ខាងត្បូងចាប់ផ្តើម​​ផលិតឈីប​តូចរហូតដល់​ទំហំ ៣ណាណូម៉ែត្រ​តាំង​ពី​ខែមិថុនា​ឆ្នាំ២០២២ ចំណែក​ក្រុមហ៊ុន​សឺមីកុងឌុចទ័រ​របស់​តៃវ៉ាន់ គ្រោង​ផលិត​បន្ទះឈីប ២ណាណូម៉ែត្រ​នៅ​ត្រឹម​ឆ្នាំ២០២៥​ខាងមុខ។

គួរបញ្ជាក់ថា ណាណូម៉ែត្រ​គឺ​ជា​ទំហំ​មួយ​ដ៏តូចបំផុត ដោយ​ ១លាន​ណាណូម៉ែត្រ​ទើប​បាន​ស្មើ​នឹង​​១មីល្លីម៉ែត្រ។ សឺមីកុងឌុចទ័រ ២ណាណូម៉ែត្រ គឺ​ជា​ប្រភេទ​សឺមីកុងឌុចទ័រ​ចាំបាច់​សម្រាប់​បច្ចេកវិទ្យា​អនាគត ជាពិសេស ​បច្ចេកវិទ្យា​បញ្ញាសិប្បនិមិត្ត និង​កុំព្យូទ័រកង់ទិក។

សម្រាប់​ជប៉ុន គម្រោងវិនិយោគ​ស្តារវិស័យសឺមីកុងឌុចទ័រ​នៅពេលនេះ គឺ​ជា​គម្រោង​យុទ្ធសាស្រ្ត​ដ៏​សំខាន់​មួយ ពីព្រោះ​ថា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ជប៉ុន ដែល​ជា​មហាអំណាច​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ដ៏​ចម្បងមួយ​​នៅលើ​ពិភពលោក ក៏ប៉ុន្តែ ពឹងផ្អែក​ខ្លាំង​លើ​ការនាំចូល​ផលិតផល​សឺមីកុងឌុចទ័រ​ពី​បរទេស ហើយ​​ពិសេស​ជាងនេះ​ទៅទៀត ប្រភព​ផ្គត់ផ្គង់​សឺមីកុងឌុចទ័រ​ដ៏​ចម្បងមួយសម្រាប់​ជប៉ុន គឺ​តៃវ៉ាន់ ដែលកំពុង​ជា​ចំណុចក្តៅ​នៃ​ភូមិសាស្រ្ត​នយោបាយ​ពិភពលោក​បច្ចុប្បន្ន។

ការប្រឈមដាក់គ្នា រវាង​ចិន និង​តៃវ៉ាន់ គឺ​ជា​ហានិភ័យ​ដ៏​ធំមួយ ដែល​អាច​នឹង​បង្ក​នូវ​ផលប៉ះពាល់​ដល់​ខ្សែបណ្តាញផ្គត់ផ្គង់​សឺមីកុងឌុចទ័រ ដូចអ្វីដែល​គេ​ឃើញស្រាប់​ចំពោះ​​បណ្តាញផ្គត់ផ្គង់ថាមពល​បច្ចុប្បន្ន ដែល​ត្រូវ​រាំងស្ទះ ដោយសារ​សង្គ្រាម​អ៊ុយក្រែន ហើយ​​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ថាមពល​របស់​រុស្ស៊ី រួមមាន​ដូចជា​​ អាល្លឺម៉ង់ ជាដើម ត្រូវ​ប្រឈម​នឹង​វិបត្តិ​។

ជប៉ុន​មិន​ត្រឹមតែ​ចង់ធានា​ការផ្គត់ផ្គង់​សឺមីកុងឌុចទ័រ​សម្រាប់​ទីផ្សារ​ក្នុងស្រុក​របស់​ខ្លួន​នោះទេ ក៏ប៉ុន្តែ លើសពីនេះ​ទៀត ជប៉ុន​ក៏​មាន​គោលដៅផងដែរ ចង់​ប្រែក្លាយ​ខ្លួន​ទៅជា​ប្រទេស​ផ្គត់ផ្គង់​សឺមីកុងឌុចទ័រ​ចម្បងមួយ នៅ​ក្នុង​ទីផ្សារ​ពិភពលោក ដូចកាលពីមុនវិញ។

គួររំឭកឡើងវិញ​ថា នៅ​ក​្នុងអំឡុងទសវត្សរ៍​ឆ្នាំ៧០ និង៨០ ជប៉ុន​ធ្លាប់​ជា​ប្រទេសផលិត​និង​នាំចេញ​សឺមីកុងឌុចទ័រធំជាងគេ​បង្អស់​នៅលើ​ពិភពលោក ជាពិសេស គឺ​នៅ​ចុងទសវត្សរ៍​ឆ្នាំ​៨០ ដែល​ទីផ្សារ​សឺមីកុងឌុចទ័រ​ពិភពលោក​រហូតដល់​ទៅ​ជាង​ពាក់កណ្តាល ត្រូវ​ស្ថិត​ក្រោម​ការ​កាន់កាប់​ដោយ​​ក្រុមហ៊ុន​របស់​ជប៉ុន។

វិស័យសឺមីកុងឌុចទ័រ​របស់​ជប៉ុន​ចាប់ផ្តើម​ធ្លាក់ចុះ​ជាបន្តបន្ទាប់ ចាប់តាំង​ពី​អំឡុង​ទសវត្សរ៍​ឆ្នាំ៩០ ម្យ៉ាង ដោយសារ​តែ​ជម្លោះពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក​ផង ហើយ​សំខាន់​ជាងនេះ​ទៅទៀត គឺ​ដោយសារ​តែ​ក្រុមហ៊ុន​សឺមីកុងឌុចទ័រ​ជប៉ុន មិន​សូវ​ចំណាយទុន​​វិនិយោគ​លើ​វិស័យស្រាវជ្រាវ ទើប​មិន​អាច​ដើរទាន់​គូប្រជែង​ដែល​ទើប​នឹង​លេចមុខថ្មី ជាពិសេស គឺ​ក្រុមហ៊ុន​តៃវ៉ាន់ និង​កូរ៉េ​ខាង​ត្បូង។

ទំនង​ជា​មើលឃើញ​បទពិសោធន៍​នៃ​បរាជ័យ​កាល​ពីអតីតកាល​នេះហើយ បាន​ជា​នៅ​ក្នុង​ផែនការយុទ្ធសាស្រ្ត​នៅ​ពេលនេះ រដ្ឋាភិបាល​ជប៉ុន មិនត្រឹមតែចំណាយលុយ​បង្កើត​ក្រុមហ៊ុន​ផលិតសឺមីកុងឌុចទ័រតែ​ប៉ុណ្ណោះទេ ក៏ប៉ុន្តែ ក៏​គ្រោង​​នឹង​បង្កើត​មជ្ឈមណ្ឌស្រាវជ្រាវ​បច្ចេកវិទ្យាសឺមីកុងឌុចទ័រ​មួយ​ផងដែរ ដោយគ្រោង​បង្កើត​ឲ្យ​បាន​នៅមុន​ដំណាច់ឆ្នាំ២០២២​នេះ ដោយនឹង​ផ្តោត​លើ​ការស្រាវជ្រាវ​លើ​បច្ចេកវិទ្យា​សឺមីកុងឌុចទ័រ​ជំនាន់ថ្មី ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហរដ្ឋ​អាមេរិក។

ទោះជាយ៉ាងណា ទំហំវិនិយោគ​ត្រឹម ៥០០លានដុល្លារ ដែល​ជប៉ុន​ដាក់ចេញ​នៅពេលនេះ ហាក់ដូចជា​នៅ​តិច​នៅឡើយ បើធៀបទៅនឹង​ប្រទេស​ផ្សេងទៀត ជាអាទិ៍ សហភាព​អឺរ៉ុប​គ្រោង​បង្កើន​ការ​​វិនិយោគ​​ក្នុងវិស័យ​សឺមីកុងឌុចទ័រនេះ​ឲ្យ​បាន​​រហូតដល់​ទៅ​ប្រមាណជា ៤៣ពាន់លាន​អឺរ៉ូ នៅ​ត្រឹម​ឆ្នាំ២០៣០​ខាងមុខ ចំណែក​​អាមេរិក​គ្រោងវិនិយោគ​ដល់​ទៅ​ ៥២ពាន់លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ