អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ការ​​កាត់បន្ថយឧស្ម័​នកាបូនិក ជាការ​ល្បងសមត្ថភាពដ៏លំបាក សម្រាប់វិស័យ​ឧស្សាហកម្ម​​សម្លៀក​បំពាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

សន្និសីទអន្តរជាតិស្តីពីអាកាសធាតុ ដែលកំពុងប្រព្រឹត្តិធ្វើទៅ នៅទីក្រុង Charm-el-Cheikh ប្រទេស​អេហ្ស៊ីប ជិតដល់ថ្ងៃបិទបញ្ចប់ហើយ។ ប្រមាណជាងមួយសប្តាហ៍មកនេះ ក្រុមអ្នកជំនាញ និងតំណាងវិស័យនានា បាន​និយាយ​ដោះដូរ​យោបល់គ្នា ស្តីអំពីវិធានការចាំបាច់ ដើម្បីឈានទៅកាត់បន្ថយ​ការបញ្ចេញឧស្ម័ន​កាបូនិក​ ដែលជាប្រភពនៃការកើន​ឡើងកំដៅផែនដី​។ ក្នុងនោះដែរ វិស័យឧស្សាហកម្ម​ផលិតសម្លៀក​បំពាក់ គឺជា​អ្នកចូលរួម​បញ្ចេញ​ឧស្ម័ន​កាបូនិកទៅក្នុង​បរិយាកាស ដ៏សំខាន់ម្នាក់ដែរ។ ម៉ូដសម្លៀកបំពាក់​ថោកៗ ប្រើ​១ដង ២ដងបោះចោល បានជះឥទ្ធពល ជាទំលាប់អាក្រក់ដល់អ្នកប្រើប្រាស់ ដែលដូរម៉ូតញឹកញាប់ ដោយ​មិនគិតពី​​ផល​វិបាក​ផ្នែកបរិស្ថាន ដែលស្ថិតនៅពីក្រោយ​ការផលិតសម្លៀកបំពាក់ទាំងនោះ។ ទោះបីជា​មានចេតនា​ចង់កាត់បន្ថយ​ការបញ្ចេញឧស្ម័នកាបូនិក តែ​តំណាង​ក្រុ​មហ៊ុន​ឧស្សាហកម្មផលិត​សម្លៀក​បំពាក់ បានទទួលស្គាល់ថា ការងារនេះជារឿងលំបាកខ្លាំងណាស់​។

មនុស្សម្នាដើរនៅខាងមុខហាងលក់សម្លៀក​បំពាក់ Zara ផ្លូវ Oxford ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស
មនុស្សម្នាដើរនៅខាងមុខហាងលក់សម្លៀក​បំពាក់ Zara ផ្លូវ Oxford ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស REUTERS - SIMON DAWSON
ផ្សាយពាណិជ្ជកម្ម

អព្យាក្រិត្យភាពកាបូននៅឆ្នាំ​២០៥០

កាលពី​ឆ្នាំ​២០១៨ ក្នុងក្របខណ្ឌសន្និសីទCOP24 ក្រុមហ៊ុន​ម៉ាកសម្លៀក​បំពាក់ប្រមាណ​ជាង​៣០ បានចូលរួមចុះហត្ថលេខា លើ​ធម្មនុញ្ញនៃឧស្សាហកម្មសម្លៀកបំពាក់ ដើម្បីជួយដោះស្រាយ​វិបត្តិអាកាសធាតុពិភពលោក តាមរយៈ ការកាត់បន្ថយ​ការបញ្ចេញឧស្ម័ន​កាបូនិក ឲ្យ​បាន៣០% ពីនេះដល់ឆ្នាំ​២០៣០។ ក្រោយ​មកនៅឆ្នាំ២០២១ កម្មវត្ថុនេះ ត្រូវបាន​ទាញដំឡើងបន្ថែម ឲ្យ​ដល់៥០%។

គិតមកត្រឹមពេលនេះ មាន​ក្រុមហ៊ុន​ម៉ាកសម្លៀក​បំពាក់ជាង១០០ហើយ ដែលបានចូលរួមសន្យា ឈានទៅមានអព្យាក្រឹត្យភាពកាបូន​នៅឆ្នាំ​២០៥០។ ក្នុងនោះមានដូចជាក្រុមហ៊ុនស៊ុយអែត​ H&M ក្រុមហ៊ុនអេស្ប៉ាញ Inditex ម្ចាស់​ម៉ាក Zara ព្រមទាំងក្រុមហ៊ុនផលិតសម្លៀក​បំពាក់​កីឡាល្បីៗផ្សេងទៀត ដូចជា Adidas Nike Puma ជាដើម។

តែយ៉ាងណា​កម្មវត្ថុ​ សម្រេចឲ្យ​បាន​នូវអព្យាក្រិត្យភាពកាបូន នៅរវាង​ឆ្នាំ​២០៥០នេះ​ គឺជា​ការល្បង​សមត្ថភាពដ៏ធំបំផុត សម្រាប់វិស័យ​ឧស្សាហកម្មសម្លៀក​បំពាក់ ព្រោះវិស័យ​នេះប្រើប្រាស់​បណ្តាញផលិត និង​បណ្តាញ​​ផ្គត់ផ្គង់ នៅរាយប៉ាយ​ពាសពេញពិភពលោក​។ តើវិស័យឧស្សាហកម្ម​ផលិតសម្លៀក​បំពាក់ អាចធ្វើកិច្ចការនេះបានសម្រេចដែរឬទេ? នៅក្នុង​ពេលប្រជុំតុមូល នៅ​សន្និសីទ COP27 លោក Stefan Seidel អ្នកទទួលបន្ទុក​ផ្នែក​អភិវឌ្ឍន៍ប្រកបដោយចីរភាព របស់​ក្រុមហ៊ុនPuma បានទទួលស្គាល់ថា ប្រហែលជាឧស្សាហកម្មផលិត​សម្លៀក​បំពាក់ មិនអាចឈានទៅ​មានអព្យាក្រិត្យ​ភាពកាបូន​បានទេ នៅឆ្នាំ​២០៥០។

បណ្តាញ​ផលិត​និង​ផ្គត់ផ្គង់ នៅ​រាយប៉ាយពេញពិភពលោក

យោងតាមការិយាល័យវិភាគ McKinsey វិស័យ​ឧស្សាហកម្ម​ផលិតសម្លៀក​បំពាក់ ចូលរួម​បញ្ចេញឧស្ម័ន​កាបូនិក​ចំនួន​ប្រមាណ​៤% ក្នុងមួយឆ្នាំ​ នៃទំហំរួម​របស់​ពិភពលោក។ ពោល​គឺស្មើនឹងទំហំឧស្ម័ន​បញ្ចេញ​ដោយ បារាំង អង់គ្លេស និងអាល្លឺម៉ង់រួមគ្នា​។​ ៩០%នៃ​ឧស្ម័ន​កាបូនិករបស់​វិស័យផលិតសម្លៀក​បំពាក់ គឺត្រូវបានបញ្ចេញ​ដោយក្រុមហ៊ុនសហគ្រាសផលិតនិងផ្គត់ផ្គង់វត្ថុធាតុដើម។ នេះបើផ្អែកតាមតួលេខ របស់អង្គការ​ Global Fashion Agenda។

ដំណើរការផ្លាស់ប្តូរទាំងស្រុង ទៅលើបណ្តាញ​ផលិតនិងផ្គត់ផ្គង់ទាំងនេះ តាមរយៈការ​ដាក់កំហិត​បទដ្ឋានថ្មីដែលគោរពបរិស្ថាន វាគឺជាការងារដ៏ធំមហាសាល និងស្មុគស្មាញបំផុត។ លោកស្រី Leyla Ertur អ្នកទទូល​បន្ទុក​ផ្នែអភិវឌ្ឍន៍​ប្រកបដោយចីរភាព របស់ក្រុមហ៊ុន H&M បាន​លើកឡើងថា ក្រុមហ៊ុនលោកស្រី​ធ្វើការជាមួយ​ក្រុមហ៊ុន​​ ផ្គត់ផ្គង់​ដល់ទៅ​ជាង​៨០០ក្រុមហ៊ុន​ផ្សេងគ្នា​។​ ដូចគ្នាដែរ តំណាង​ក្រុមហ៊ុន Kering ដែលជាម្ចាស់ម៉ាក Gucci និង​Yves Saint Laurent បានទទួលស្គាល់ថា ក្រុមហ៊ុនលោកស្រីធំប៉ុណ្ណេះ ក៏នៅតែគ្មានទំងន់គ្រប់គ្រាន់ ដើម្បី​ទៅបញ្ជាឲ្យមាន​ការផ្លាស់ប្តូរទាំងស្រុងដែរ។ វាចាំបាច់ទាល់តែមានការសហការគ្នា​។

ខ្វះ​វិញ្ញាបនកម្ម​បរិស្ថាន​ និងស្តង់ដារ​បទដ្ឋានច្បាប់ខុសៗគ្នា

ដោយ​ឡែក លោក Ali Nouira ម្ចាស់ក្រុមហ៊ុន​ផលិតសម្លៀក​បំពាក់មួយនៅអេហ្ស៊ីប បានត្អូញត្អែរពីបញ្ហា ដែល​នៅតំបន់ខ្លះ​តួយ៉ាងនៅ​អាហ្ស៊ីបតែម្តង ដែលពុំមាន​អង្គភាព​ត្រួតពិនិត្យ​ និងធ្វើវិញ្ញាបនកម្ម​។ ឧទាហរណ៍​ វិញ្ញាបនកម្ម​ ស្តីអំពីស្លាកស្នាម​កាបូន ដែលមានតម្លៃថ្លៃហើយ​ដែល​ក្រុមហ៊ុន​ផលិតតូចតាចភាគច្រើន មិនអាចមានលទ្ធភាពចំណាយ​។​ លោក​ម្នាក់នេះបានអះអាងថា ក្រុមហ៊ុន​លោក ផលិតសម្លៀក​បំពាក់ផ្គត់ផ្គង់ទៅឲ្យ​ម៉ាកធំៗនៅអឺរ៉ុប ហើយគេបានដាក់កំហិតច្រើនណាស់ ទាមទារឲ្យ​មានវិញ្ញាបនបត្រផ្នែកបរិស្ថាន។

ក្រៅពីបញ្ហា​ធ្វើវិញ្ញាបនកម្មនេះ ក្រុមហ៊ុនផលិត​ បានត្អូញត្អែរផងដែរ អំពី​ភាពខុសៗគ្នា នៃ​វិធាន​បទដ្ឋានច្បាប់ ពីប្រទេសមួយទៅប្រទេសមួយ។ បញ្ហានេះបានបង្កើតជាឧបសគ្គ​ច្រើនរាប់មិនអស់ ដល់សកម្មភាព​ផលិត ព្រមទាំង​ស្តង់ដារតម្លៃ។​ នេះបើផ្អែកតាម​លោក Delman Lee អគ្គនាយករងក្រុមហ៊ុន Tal Apparel ដែលមាន​ទីតាំងនៅហុងកុង តែមានសាខានៅវៀតណាម និងនៅអេត្យ៉ូពី​ជាដើម។ លោក​ម្នាក់នេះបាន​ លើកឡើងថា បំណងចង់សម្រេច​ឲ្យ​បាននូវអព្យាក្រិត្យភាពកាបូន វាគឺជា​ជំនឿចិត្តមួយ ដែលសឹងតែគ្មានថ្ងៃអាចក្លាយជាការពិត។

កម្ចីការប្រាក់ទាប ជួយជំរុញលើកទឹកចិត្តការវិនិយោគ

ជាការងារលំបាក តែយ៉ាងណា វាជាការងារចាំបាច់ដែលត្រូវតែធ្វើ ដើម្បីស្រោចស្រង់ផែនដីពី​មហន្តរាយអាកាសធាតុ។ លោក Nicolas Mazzei ប្រធានផ្នែក​ការអភិវឌ្ឍន៍​ប្រកប​ដោយចីរភាព​ របស់ក្រុមហ៊ុន Zalando ដែលជាក្រុមហ៊ុន​លក់ផលិតផល​អនឡាញ​ដ៏ធំមួយ បាន​លើកឡើងថា ទំនោរផ្នត់គំនិតបាន​ប្រែប្រួលកាន់តែច្រើនហើយ ជាពិសេសនៅតាមបណ្តាប្រទេសជឿនលឿន។ លោក​បាន​អះអាងថា ធនាគារធំៗ បាន​បង្កើនការផ្តល់កម្ចី​ក្នុងការប្រាក់​ទាប ទៅដល់ក្រុមហ៊ុន​ណា ​ដែល​សន្យាឈានទៅ​កាត់បន្ថយ​ ការបញ្ចេញឧស្ម័ន​កាបូនិកទាំងស្រុង។ មានន័យថា នៅទីបំផុតប្រសិន​បើក្រុមហ៊ុន​ហ៊ានសន្យាផ្លាស់ប្តូរដើម្បី​គោរព​បរិស្ថាន នៅ​ការប្រាក់នឹងកាន់តែទាបខ្លាំង ឬសឹងតែគ្មានសោះក៏មាន​។​

តែយ៉ាងណាក៏ដោយ​ ដំណើរការវិវឌ្ឍន៍​ផ្លាស់ប្តូរនេះ វានៅវែងឆ្ងាយ​ទៅទៀត។ លោកស្រី Catherine Chiu អគ្គនាយករងផ្នែក​អភិវឌ្ឍន៍​ប្រកបដោយចីរភាព របស់ក្រុមហ៊ុនហុងកុង Crystal International Group បាន​លើកឡើងថា វិស័យ​ឧស្សាហកម្ម​សម្លៀក​បំពាក់ ត្រូវការ​ប្រភពថាមពលដែលមិនចេះរីងស្ងួត ឲ្យបានច្រើនបន្ថែមទៀត។ លោក​ស្រីបាន​អះអាងថា ទោះក្រុមហ៊ុន​លោកស្រី ដាក់ឲ្យដំណើរការ​ផ្ទាំងសូឡាផលិតចរន្តអគ្គិសនី នៅតាមរោងចក្រផលិតសម្លៀក​បំពាក់ទាំង​២០ របស់ក្រុមហ៊ុន​លោកស្រីក៏ដោយ តែកម្រិតនេះមាន​ទំហំត្រឹមតែ​១៧%ប៉ុណ្ណោះ នៃ​ការ​ប្រើប្រាស់ថាមពល​ របស់​ក្រុមហ៊ុនទាំងមូល​។​

ជាចុងក្រោយ​ លោក Delman Lee បានសង្កត់បន្ថែមថា វិស័យឯកជនប្រឹងបានប្រែង​ច្រើនពិតមែន តែ​ផ្នែក​អង្គភាពសម្របសម្រួលសាធារណៈ ធ្វើដំណើរ​ក្នុងល្បឿនមួយផ្សេងរបស់គេ ដែល​ចាប់ទាញឲ្យវិស័យឯកជន ផ្នែក​​ផលិតសម្លៀក​បំពាក់នេះ ត្រូវដើរ​យឺតយ៉ាវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ