តុលាការយុត្តិធម៌អន្តរជាតិបើកសវនាការលើបណ្តឹងអ៊ីរ៉ង់ដែលទាមទារយកលុយដែលអាមេរិកបង្កកជិត ២ ០០០លានដុល្លារ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:១៧
នៅថ្ងៃចន្ទ ទី១៩ កញ្ញា តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេចាប់ផ្តើមសវនាការលើបណ្តឹងរបស់អ៊ីរ៉ង់កាលពីពាក់កណ្តាលឆ្នាំ ២០១៦។ នៅក្នុងបណ្តឹង អ៊ីរ៉ង់បានទាមទារឲ្យអាមេរិកប្រគល់ឲ្យខ្លួននូវប្រាក់ជិត ២ ០០០លានដុល្លារដែលតុលាការកំពូលអាមេរិកទើបបានបង្កកទុក។ តុលាការយុត្តិធម៌អន្តរជាតិត្រូវសម្រេចថា តើអាមេរិកមានសិទ្ធិបង្កកលុយរបស់អ៊ីរ៉ង់ក្នុងឆ្នាំ ២០១៦ ឬអត់។ តើរឿងរ៉ាវមួយនេះមានដំណើរដើមទងយ៉ាងម៉េចខ្លះ?។
គឺជារឿងរ៉ាវមួយដែលបានចាប់ផ្តើមកាលពីពាក់កណ្តាលឆ្នាំ ២០១៦ ដែលកាលណោះ រដ្ឋាភិបាលអ៊ីរ៉ង់បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ។ កម្មវត្ថុនៃពាក្យបណ្តឹងនោះ គឺទាមទារយកលុយរបស់ខ្លួនចំនួនជិត ២ ០០០លានដុល្លារដែលតុលាការកំពូលអាមេរិកបានអនុញ្ញាតឲ្យរដ្ឋបាលក្រុងវ៉ាស៊ីនតោនបង្កកទុក។ ការសម្រេចរបស់តុលាការកំពូលអាមេរិកបានធ្វើឡើង ក្រោយពីតុលាការអាមេរិកបានសម្រេចថា ទឹកលុយរបស់អ៊ីរ៉ង់ទាំងជិត ២ ០០០លានដុល្លារត្រូវតែបង្កកទុកសម្រាប់សងជំងឺចិត្តដល់ជនរងគ្រោះជនជាតិអាមេរិកដែលបានរងគ្រោះដោយការវាយប្រហារភេរវកម្មរៀបចំ ឬគាំទ្រដោយអ៊ីរ៉ង់។
តាមតុលាការអាមេរិក ចំនួនទឹកលុយនេះជាទឹកលុយសរុបដែលទាមទារដោយជនរងគ្រោះប្រមាណជា ១ ០០០នាក់ និងក្រុមគ្រួសាររបស់ជនរងគ្រោះ។ ក្រុមគ្រួសាររបស់ជនរងគ្រោះដែលតុលាការអាមេរិកចង់ផ្តោតសំខាន់ គឺក្រុមគ្រួសាររបស់ទាហានអាមេរិកចំនួន ២៤១នាក់ដែលបាត់បង់ជីវិតកាលពីថ្ងៃទី២៣ តុលា ឆ្នាំ ១៩៨៣ ក្នុងទីក្រុងបេរូត ប្រទេសលីបង់។ កាលណោះ ក្បួនរថយន្តរបស់ទាហានអាមេរិក និងបារាំងដែលស្ថិតក្នុងកម្លាំងសន្តិសុខពហុជាតិបានរងការវាយប្រហារភេរវកម្មអត្តឃាត។ អំពើភេរវកម្មអត្តឃាតមួយនេះកាលណោះត្រូវបានអាមេរិកទម្លាក់ការទទួលខុសត្រូវលើអ៊ីរ៉ង់។
នេះហើយជាទឡ្ហីករណ៍ដែលតុលាការកំពូលអាមរិកបានសម្រេចបង្កកលុយអ៊ីរ៉ង់សម្រាប់យកទៅសងជំងឺចិត្តដល់ជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះ។ តែសម្រាប់អ៊ីរ៉ង់ នេះជានីតិវិធីមួយមិនស្របច្បាប់ និងបានស្នើឲ្យតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេជួយរកយុត្តិធម៌ឲ្យខ្លួនកាលពីពាក់កណ្តាលឆ្នាំ ២០១៦។ តែអ៊ីរ៉ង់ត្រូវរង់ចាំដល់ឆ្នាំ ២០១៩ ទើបតុលាការរបស់អង្គការសហប្រជាជាតិមួយនេះយល់ព្រមទទួលយកបណ្តឹងរបស់ខ្លួន និងបញ្ជាក់ពីការមានសមត្ថភាពក្នុងការវិនិច្ឆ័យលើបណ្តឹងមួយនេះដោយច្រានចោលទឡ្ហីករណ៍របស់អាមេរិក។ បន្ទាប់មក អ៊ីរ៉ង់ត្រូវរង់ចាំដល់ថ្ងៃទី១៩ កញ្ញា ឆ្នាំ ២០២២ ទើបតុលាការយុត្តិធម៌អន្តរជាតិបានបើកសវនាការជាផ្លូវការលើកទី១។
ថ្លែងនៅមុខតុលាការក្នុងថ្ងៃបើកសវនាការជាផ្លូវការ អ្នកតំណាងអ៊ីរ៉ង់បានបញ្ជាក់ថា ការដែលអាមេរិកបានរឹបអូសបង្កកលុយរបស់អ៊ីរ៉ង់ និងលុយរបស់រោងចក្រសហគ្រាសអ៊ីរ៉ង់ជារឿងខុសច្បាប់ និងថា អ៊ីរ៉ង់កំពុងត្រូវការលុយទាំងនេះខ្លាំងណាស់ ខណៈដែលប្រទេសកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដោយសារទណ្ឌកម្មអាមេរិក និងកំណើនអត្រាអតិផរណា។ គួរបញ្ជាក់ថា ការដែលតុលាការយុត្តិធម៌អន្តរជាតិបានយល់ព្រមទទួលយកបណ្តឹងរបស់អ៊ីរ៉ង់ដោយសារតែក្រុងតេហេរ៉ង់បានលើកយកទឡ្ហីករណ៍ប្រាប់តុលាការថា ក្រុងវ៉ាស៊ីនតោនបានរំលោភលើសន្ធិសញ្ញាទ្វេភាគីស្តីពីទំនាក់ទំនងសេដ្ឋកិច្ច និងសិទ្ធិកុងស៊ុលដែលចុះហត្ថលេខាក្នុងឆ្នាំ ១៩៥៥។
គឺជាសន្ធិសញ្ញាមួយដែលបានចុះហត្ថលេខានៅមុនបដិវត្តសាសនាអ៊ីស្លាមអ៊ីរ៉ង់ក្នុងឆ្នាំ ១៩៧៩ ដែលជាឆ្នាំនៃការផ្តាច់ទំនាក់ទំនងការទូតរវាងអ៊ីរ៉ង់ និងអាមេរិកមកទល់សព្វថ្ងៃ។ គេនៅមិនទាន់ដឹងថា តើតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេនឹងសម្រេចយ៉ាងណានៅក្នុងបណ្តឹងរបស់អ៊ីរ៉ង់ពេលនេះទេ។ អ្វីដែលគេអាចនិយាយបាន សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិមានលក្ខណៈចាប់បង្ខំដែលភាគីដើមបណ្តឹង និងចុងបណ្តឹងត្រូវតែអនុវត្ត។ ចំណោតនៅត្រង់ថា បើគ្មានភាគីណាមួយមិនព្រមអនុវត្តតាមទេ ក៏តុលាការអន្តរជាតិមួយនេះគ្មានលទ្ធភាពនឹងចាត់វិធានការអ្វីដែរ។
ទោះជាយ៉ាងនេះ និងទោះបីជាតុលាការយុត្តិធម៌អន្តរជាតិសម្រេចយ៉ាងណាក៏ដោយ គេអាចចាត់ទុករឿងរ៉ាវមួយនេះជាជោគជ័យមួយសម្រាប់អ៊ីរ៉ង់បាត់ទៅហើយ ព្រោះទី១ អ៊ីរ៉ង់អាចអូសអាមេរិកឲ្យត តាំងជាមួយខ្លួននៅមុខតុលាការអន្តរជាតិ និងទី២ តុលាការមួយនេះបានទទួលយកបណ្តឹងរបស់អ៊ីរ៉ង់ដោយច្រានចោលទឡ្ហីករណ៍របស់អាមេរិក។ មែនទែនទៅ នេះមិនមែនជាលើកទី១ ទេដែលតុលាការយុត្តិធម៌អន្តរជាតិបានច្រានចោលលើទឡ្ហីករណ៍របស់អាមេរិកនៅក្នុងរឿងរ៉ាវជាមួយអ៊ីរ៉ង់។ ក្នុងឆ្នាំ ២០១៨ ដែលអតីតប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ និងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មីលើអ៊ីរ៉ង់ តុលាការយុត្តិធម៌អន្តរជាតិបានបញ្ជាឲ្យរដ្ឋបាលអាមេរិករបស់លោកត្រាំដកទណ្ឌកម្មចេញពីអ៊ីរ៉ង់វិញ។
តែអាមេរិកបានបន្តធ្វើ គ ធ្វើថ្លង់មកដល់សព្វថ្ងៃ។ ដូច្នេះនៅក្នុងរឿងរ៉ាវលើកនេះ អាមេរិកអាចបន្តធ្វើមិនដឹង មិនឮ ជាថ្មីទៀត បើតុលាការកាត់ក្តីឲ្យអ៊ីរ៉ង់ឈ្នះនោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ