អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ការសិក្សាបង្ហាញថាការប្រែប្រួលអាកាសធាតុធ្វើឲ្យប៉ះពាល់ខ្លាំង​ដល់ប្រភពទឹកទន្លេនៅអាស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការសិក្សា​ ចុះផ្សាយ​នៅ​ក្នុងទស្សនាវដ្តីវិទ្យាសាស្រ្ត « Nature » កាល​ពីថ្ងៃទី១៥​សីហា​កន្លងទៅ បង្ហាញឲ្យឃើញ​ថា ប្រឈម​នឹង​ការឡើងកម្តៅផែនដី​ ធនធានទឹក​នៅ​ក្នុង​តំបន់​ខ្ពង់រាបទីបេ​ត្រូវ​ធ្លាក់ចុះ ហើយ​អាច​នឹង​បន្ត​ធ្លាក់ចុះ​កាន់តែខ្លាំង​ថែម​ទៀត​ ទៅថ្ងៃ​អនាគត។ ការបាត់បង់​ប្រភពទឹក ដែល​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាជន​រាប់ពាន់លាននាក់ ដែល​រស់​នៅ​ក្នុង​តំបន់​អាស៊ី។

ខ្ពង់រាបទីបេ ដែល​ជា​ប្រភពទឹក​នៃ​ទន្លេសំខាន់ៗ​នៅ​អាស៊ី ប្រឈម​នឹង​ការបាត់បង់​បរិមាណទឹក ដោយសារ​ឥទ្ធិពល​នៃ​ការ​ឡើងកម្តៅផែនដី
ខ្ពង់រាបទីបេ ដែល​ជា​ប្រភពទឹក​នៃ​ទន្លេសំខាន់ៗ​នៅ​អាស៊ី ប្រឈម​នឹង​ការបាត់បង់​បរិមាណទឹក ដោយសារ​ឥទ្ធិពល​នៃ​ការ​ឡើងកម្តៅផែនដី ASSOCIATED PRESS - ELIZABETH DALZIEL
ផ្សាយពាណិជ្ជកម្ម

ខ្ពង់រាបទីបេ ដែល​មានផ្ទៃក្រឡា​សរុប​ប្រមាណ​ជា ២,៥លាន​គីឡូម៉ែត្រ​ក្រឡា ហើយ​កម្ពស់​គិតជាមធ្យម​រហូត​ដល់​ទៅ​ ៤៥០០ម៉ែត្រ គឺ​ជា​ខ្ពង់រាប​ធំជាងគេ និង​ខ្ពស់​ជាងគេ​នៅលើ​ពិភពលោក ហើយ​ពេលខ្លះ​ក៏​ត្រូវ​បាន​គេ​ផ្តល់​រហស្សនាម​ផងដែរ​ថា​ជា “តំបន់​ប៉ូលទី៣” ដោយសារ​តែ​​ខ្ពង់រាបទីបេ​នេះ គឺ​ជា​តំបន់​ដែល​សម្បូរ​ផ្ទាំងទឹកកក​ច្រើន​ជាងគេ​លំដាប់ទី៣​នៅលើ​ពិភពលោក បន្ទាប់​ពី​តំបន់​អាកទិក​នៅ​ប៉ូល​ខាងជើង និង​អង់តាកទិក​នៅ​ប៉ូល​ខាងត្បូង។

ដូចជា​តំបន់អាកទិក និង​អង់តាកទិកដែរ តំបន់​ខ្ពង់រាប​ទីបេ ស្ថិត​ក្នុង​ចំណោម​តំបន់​ដែល​ត្រូវ​ប្រឈម​ខ្លាំងជាងគេនឹង​ការ​ឡើងកម្តៅផែនដី ហើយ​ក្រុមអ្នកស្រាវជ្រាវ​មួយក្រុម​ទើបនឹង​បានទាញសញ្ញាអាសន្ន ជុំវិញ​អត្រា​នៃ​ការ​​រលាយផ្ទាំងទឹកកក និង​បាត់បង់​បរិមាណ​ទឹក នៅ​ក្នុង​តំបន់​ខ្ពង់រាបទីបេនេះ។

តាមរយៈ​លទ្ធផល​សិក្សា​​​ចុះផ្សាយ ក្នុង​ទស្សនាវដ្តី Nature ក្រុមអ្នក​វិទ្យាសាស្រ្ត ដែល​មាន​សមាសភាព​ចម្រុះ ពី​​អាមេរិក និង​ចិន បានរកឃើញ​ថា កំណើន​នៃ​សីតុណ្ហភាព​​បាន​ធ្វើ​ឲ្យ​ផ្ទាំងទឹកកក​នៅ​តំបន់​ខ្ពង់​រាបទីបេ​​ត្រូវ​រលាយ​ក្នុង​អត្រា​មួយលឿន​ខ្លាំង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ ​ស្តុកទឹក​ត្រូវ​បាត់បង់​អស់​​ប្រមាណ​ជាង ១០ពាន់លាន​តោន​ក្នុងមួយឆ្នាំៗ រាប់គិត​ចាប់តាំង​ពី​ឆ្នាំ២០០២​រហូត​មកទល់​នឹង​ពេល​បច្ចុប្បន្ននេះ។

ប្រសិនបើ​ការ​បញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់​នៅតែ​បន្ត​ធ្វើ​ដូចសព្វថ្ងៃ ឬ​ក៏​មាន​ការ​កាត់បន្ថយដែរ ក៏ប៉ុន្តែ កាត់បន្ថយ​មិនបានច្រើន ឬ​មិនបានទាន់ពេល សីតុណ្ហភាព​អាច​នឹង​ត្រូវ​កើនឡើង​លើស​ពី ២អង្សា នៅ​ត្រឹមឆ្នាំ២១០០​ខាងមុខ ហើយ​ការរលាយផ្ទាំងទឹកកក​នៅ​ក្នុង​តំបន់​ខ្ពង់រាប​ទីបេ​នេះ​នឹង​នៅតែ​បន្ត​កើតមាន ហើយ​កើតមាន​ក្នុង​អត្រា​កាន់តែ​លឿន​ជាង​សព្វថ្ងៃ​នេះ​ទៅទៀត។

យើងដឹងថា តំបន់ខ្ពង់រាបទីបេនេះ ដែល​ពេលខ្លះ​ត្រូវ​បាន​គេ​ហៅ​ថា “អាងទឹកអាស៊ី” គឺ​ជា​ប្រភពទឹក​ដ៏​ចម្បង​បំផុត​មួយ ដែល​ផ្គត់ផ្គង់​ទឹក​ទៅដល់​ទន្លេ​សំខាន់ៗ​ជាច្រើន​នៅ​អាស៊ី រួមមាន​ជាអាទិ៍ ទន្លេមេគង្គ ទន្លេយ៉ាងសេ (ឆាងជាំង) ទន្លេលឿង (ហ័ងហឺ) ទន្លេឥណ្ឌុស ជាដើម។ ទន្លេ​ដែល​សុទ្ធតែ​ហូរកាត់​តាម​ប្រទេស​ដែល​​​សម្បូរ​ប្រជាជន​រស់នៅ ជាពិសេស គឺ​ចិន និង​ឥណ្ឌា ដែល​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាងគេ​លំដាប់ទី១ និងទី២ នៅលើ​ពិភពលោក (ប្រជាជន​សរុប​បូកបញ្ចូលគ្នា​រវាង​ប្រទេស​ទាំងពីរ រហូតដល់​ទៅ​ជិត ៣ពាន់លាននាក់ ពោលគឺ ប្រមាណជា ៤០% ​នៃ​ប្រជាជន​សរុប​នៅទូទាំងពិភពលោក​ទាំងមូល)។

តាមការ​ប៉ាន់ស្មាន ការរលាយផ្ទាំងទឹកកក​នៅ​ក្នុង​តំបន់​ខ្ពង់រាប​ទីបេ​នេះ អាច​នឹង​បង្ក​នូវ​ផលប៉ះពាល់​ទៅដល់​ប្រជាជនក្នុងចន្លោះ​ពី ១ពាន់លាន ទៅ២ពាន់លាន​នាក់​ ដោយ​ផលប៉ះពាល់​នេះ​អាច​នឹង​កើតមានឡើង នៅ​ក្នុង​ទម្រង់​ពីរ។

ទីមួយ នៅពេលដែល​ផ្ទាំងទឹកកក​រលាយ​​លឿន វាធ្វើ​ឲ្យទឹក​ត្រូវ​ហូរ​ចូលច្រើនភ្លាមៗ​​​ទៅ​ក្នុង​ទន្លេ បង្កើត​ទៅជា​ទឹកជំនន់គំហុក បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ផ្ទះសម្បែង ក៏ដូចជា ដំណាំដាំដុះ​របស់​ប្រជាជន​ដែល​រស់​នៅ​តាម​បណ្តោយ​ដងទន្លេ​នៅប៉ែក​ខាង​ក្រោម។

ទីពីរ ការរលាយផ្ទាំងទឹកកក វា​ធ្វើ​ឲ្យ​បរិមាណទឹក​ក្នុង​ស្តុក នៅ​ក្នុង​តំបន់​ខ្ពង់រាប​ទីបេ​នេះ​ត្រូវ​ធ្លាក់ចុះ ចំណែក​ឯ​ទឹក​ទន្លេ​ដែល​មាន​ប្រភព​ចេញ​ពី​តំបន់​នេះ​ក៏​ត្រូវ​​ធ្លាក់ចុះ ធ្វើ​ឲ្យ​ប្រជាជន​ដែល​រស់​នៅ​តាម​តំបន់​ជាប់នឹង​ដងទន្ល ហើយ​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ទឹកទន្លេ​ក៏​ត្រូវ​ប្រឈម​នឹង​បញ្ហា​ខ្វះទឹកប្រើប្រាស់។

និយាយសរុប​ជារួម​ទៅ ការរលាយផ្ទាំងទឹកកក នៅ​ក្នុង​តំបន់​ខ្ពង់រាប​ទីបេ​នេះ​​ធ្វើ​ឲ្យ​ប្រជាជន​ដែល​រស់​នៅ​តាម​ដងទន្ល​ប៉ែក​ខាង​ក្រោម ពេលខ្លះ​​ត្រូវ​ប្រឈម​នឹង​បញ្ហា​ទឹកជំនន់​គំហុក​ផង ហើយ​ពេលខ្លះ​ទៀត​ក៏​​ត្រូវ​ប្រឈម​​ផងដែរ​នឹង​កង្វះទឹកប្រើប្រាស់​។

បន្ថែម​ពីលើ​នេះ​ទៅទៀត ដោយសារ​តែ​ទន្លេ​ខ្លះ ដែល​មាន​ប្រភព​ចេញ​ពី​ខ្ពង់រាបទីបេនេះ ត្រូវ​ហូរ​ឆ្លងកាត់​ប្រទេស​ច្រើន ដូចជា ទន្លេមេគង្គ ជាដើម បញ្ហា​ខ្វះទឹក​អាច​នឹង​បង្កើត​ជា​បញ្ហា​ប្រឈម​ដ៏​ចម្បងមួយ​ទៀត គឺ​បញ្ហា​ភូមិសាស្រ្ត​នយោបាយ ជាពិសេស នៅពេលដែល​ប្រទេស​ដែល​នៅ​លើទឹក​ធ្វើ​ទំនប់​ទប់ទឹក ឬ​សាងសង់​រចនាសម្ព័ន្ធអ្វីផ្សេងទៀត ដើម្បី​បង្វែរ​ទឹក​យក​ទៅ​ប្រើ​ខ្លួនឯង ធ្វើ​ឲ្យ​ប្រទេស​ក្រោមទឹក​អត់ទឹកប្រើប្រាស់ ហើយ​​អាច​បង្ក​ទៅជា​ជម្លោះ រវាង​ប្រទេស​ ដែល​ស្ថិតនៅ​តាម​ដងទន្លេ។

នៅ​ក្នុង​លទ្ធផល​សិក្សា ចុះផ្សាយ កាល​ពីថ្ងៃទី១៥សីហា​នេះ អ្នក​ជំនាញ​អាកាសធាតុ​​ក៏​បាន​លើកឡើង​ផងដែរ​ថា ​ការ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័នកាបូនិក​ឲ្យ​បាន​ច្រើន និង​ឲ្យ​បាន​ឆាប់​ គឺ​ជា​រឿង​ចាំបាច់ ដើម្បី​បង្កា​កុំ​ឲ្យ​ផ្ទាំងទឹកកក​នៅ​តំបន់​ខ្ពង់រាប​ទីបេ​ត្រូវ​បាត់បង់​ស្តារលែងបាន។ ក៏ប៉ុន្តែ បើទោះជា​មាន​ការ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​​បានច្រើន​​ក៏ដោយ ការរលាយផ្ទាំងទឹកកក​នៅ​ខ្ពង់រាប​ទីបេ​នេះ​នឹង​នៅតែ​បន្ត​កើតមាន​ដោយ​មិន​អាច​ចៀសរួចនោះទេ ហើយ​បញ្ហា​ខ្វះទឹក​នៅ​ក្នុង​តំបន់ នៅតែ​ត្រូវ​កើតមាន​នៅ​ក្នុង​កម្រិតណាមួយ ដែល​ចាំបាច់​តម្រូវ​ឲ្យ​អាជ្ញាធរ​តាម​បណ្តា​ប្រទេស​ជាប់នឹង​ដងទន្លេ ត្រូវ​ចាប់ផ្តើម​គិតគូរតាំង​ពីពេលនេះ​ទៅ ដើម្បី​រិះរក​វិធី​ទប់ទល់​នឹង​បញ្ហា​ខ្វះទឹកប្រើប្រាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ