អានតួអត្ថបទ
កម្ពុជា-ភូមិសាស្ត្រនយោបាយ

ក្រសួងការពារជាតិ៖វត្តមាននាវាកងទ័ពចិននៅមូលដ្ឋានទ័ពរាមគឺដើម្បីត្រៀមសមយុទ្ធនាគមាស

ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យលោកឈុំ សុជាតបានបញ្ជាក់ក្នុងថ្ងៃទី៨ ឧសភានេះថា គ្មានការតាំងមូលដ្ឋានកងទ័ពចិននៅក្នុងប្រទេសកម្ពុជាឡើយ។ តាមលោកឈុំ សុជាត នាវាកងទ័ពចិន ២គ្រឿងដែលរូបភាពផ្កាយរណបអាមេរិកចាប់បានថាមានវត្តមាននៅកំពង់ផែរាមតាំងពីចុងឆ្នាំ២០២៣នោះ គឺជាការសាកល្បងប្រើប្រាស់មូលដ្ឋានទ័ពកំពង់ផែរាមកម្ពុជាដែលចិនកំពុងជួយសាងសង់ និងដើម្បីត្រៀមធ្វើសមយុទ្ធនាគមាសជាមួយកម្ពុជាចាប់ពីថ្ងៃទី១៦ ឧសភាខាងមុខនេះ។

ក្រសួងការពារជាតិ៖វត្តមាននាវាកងទ័ពចិននៅមូលដ្ឋានទ័ពរាមគឺដើម្បីត្រៀមសមយុទ្ធនាគមាស
ក្រសួងការពារជាតិ៖វត្តមាននាវាកងទ័ពចិននៅមូលដ្ឋានទ័ពរាមគឺដើម្បីត្រៀមសមយុទ្ធនាគមាស © South China Morning Post
ផ្សាយពាណិជ្ជកម្ម

តាមរយៈទំព័រហ្វេសប៊ុកក្រសួងការពារជាតិ​ អ្នកនាំពាក្យលោកឈុំ សុជាតិបានអះអាងនៅថ្ងៃពុធ ទី៨ ឧសភានេះថា វត្តមាននាវាកងទ័ពចិន ២គ្រឿងដែលបានចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ គឺជាការសាកល្បងប្រើប្រាស់មូលដ្ឋានទ័ពកំពង់ផែរាមកម្ពុជាដែលចិនកំពុងជួយសាងសង់ និងដើម្បីត្រៀមធ្វើសមយុទ្ធនាគមាសជាមួយកម្ពុជាចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី៣០ ឧសភាខាងមុខនេះ។ តាមលោកឈុំ សុជាតិ វត្តមាននាវាចិនទាំង២គ្រឿងនេះជាការឯកភាពគ្នារវាងក្រសួងការពារជាតិកម្ពុជា និងចិនដើម្បីរួមចំណែកធ្វើទំនើបកម្មកងទ័ពជើងទឹកកម្ពុជា ដោយចិននឹងបណ្តុះបណ្តាលជំនាញបច្ចេកទេសប្រើប្រាស់នាវា និងបច្ចេកវិទ្យាថ្មីៗផ្សេងទៀតដល់កងទ័ពជើងទឹកកម្ពុជា។

ការអះអាងដូច្នេះរបស់លោកឈុំ សុជាតិធ្វើឡើង បន្ទាប់ពីមានរូបភាពប្រព័ន្ធផ្កាយរណបរបស់វិទ្យាស្ថានស្រាវជ្រាវអាមេរិកបង្ហាញឱ្យឃើញវត្តមាននាវាចម្បាំងចិន ២គ្រឿងនៅកំពង់ផែរាមតាំងពីអំឡុងខែធ្នូ ឆ្នាំ២០២៣។ រូបភាពផ្តល់ដោយផ្កាយរណបអាមេរិកមួយនេះបាននាំឱ្យសហរដ្ឋអាមេរិក និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនមានមន្ទិលសង្ស័យកាន់តែខ្លាំងអំពីការតាំងមូលដ្ឋានទ័ពរបស់ចិននៅលើទឹកដីកម្ពុជា និងជាមូលដ្ឋានកងទ័ពចិនទី២នៅលើពិភពលោក។ ត្រង់ចំណុចនេះត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាច្រានចោលដោយចាត់ទុកភាពមន្ទិលសង្ស័យជាការមួលបង្កាច់ និងជាការបំផ្លើសបំភ្លៃព័ត៌មាន។

ទន្ទឹមគ្នានេះ លោកឈុំ សុជាតិមិនភ្លេចបញ្ជាក់ជាថ្មីម្តងទៀតថា កម្ពុជាគ្មានការតាំង​មូលដ្ឋានទ័ពបរទេសណាមួយនៅលើទឹកដីខ្លួនឡើយ។ តាមអ្នកនាំពាក្យរូបនេះដដែល កម្ពុជាគ្មានមហិច្ឆតា គ្មានគោលគំនិត ភាពក្លាហានក្នុងការប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់ខ្លួន និងថា កម្ពុជាមិនអនុញ្ញាតឱ្យប្រទេសណាមួយដាក់មូលដ្ឋានទ័ពនៅលើទឹកដីខ្លួនជាដាច់ខាត ហើយកម្ពុជាក៏មិនប្រើប្រាស់ប្រទេសណាមួយជាមូលដ្ឋានប្រឆាំងនឹងប្រទេសណា មិនថាជាមូលដ្ឋានទ័ព និងជាសកម្មភាពផ្សេងៗ។ ​

គួររម្លឹកថា រដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ជាក់ច្រើនលើកច្រើនសារថា មូលដ្ឋានជើងទឹករាមមិនអាចក្លាយជាទីតាំងផ្តាច់មុខរបស់កងទ័ពចិន ទោះបីជាមូលដ្ឋាននេះបានសាងសង់ដោយក្រុមកងទ័ពរំដោះប្រជាជនចិន និងទោះបីជាកម្ពុជាទទួលជំនួយឥតសំណងពីរដ្ឋាភិបាលចិនក្តី។ រដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាក់ដែរថា មូលដ្ឋានជើងទឹករាមដដែលនេះត្រូវតែក្លាយជាទីតាំងធ្វើសមយុទ្ធយោធារវាងកងទ័ពកម្ពុជា និងប្រទេសផ្សេងទៀតដែលជាសមយុទ្ធបែបសង្គ្រោះបន្ទាន់នៅពេលមានគ្រោះអាសន្នកើតឡើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ