ក្រសួងអប់រំដាក់វិធានការ ៥ចំណុចទប់ស្កាត់រូបភាពអវិជ្ជមាននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ
នៅថ្ងៃទី០៧ ឧសភា ក្រសួងអប់រំបានដាក់ចេញនូវវិធានការចំនួន០៥ចំណុចដើម្បីទប់ស្កាត់នឹងបាតុភាពអវិជ្ជមានដែលអាចកើតមាននៅតាមបណ្តាគ្រឹះស្ថានសិក្សាសាធារណៈនៅទូទាំងប្រទេស។ ការដាក់ចេញវិធានការទាំងនេះធ្វើឡើង បន្ទាប់ពីក្រសួងអប់រំសង្កេតឃើញមានករណីត្អូញត្អែររបស់អាណាព្យាបាលសិស្សមួយចំនួនជុំវិញផលវិបាកលើការចំណាយថ្លៃសិក្សារៀនគួរ រួមនឹងបញ្ហាស្តង់ដារប្រព័ន្ធអប់រំ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៥២
យោងតាមសេចក្តីការណ៍របស់ក្រសួងអប់រំនៅរសៀលថ្ងៃទី០៧ ឧសភានេះ វិធានការដាក់ចេញទាំង០៥ចំណុចរួមមមាន តម្រូវឱ្យគ្រូបង្រៀននិងគណៈគ្រប់គ្រងសាលារៀនត្រូវធានាឱ្យបាននូវការបង្រៀនប្រកបដោយសមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងនាមជាគ្រូបង្រៀន។ ចំណែកគ្រឹះស្ថានសិក្សាសាធារណៈ ក៏ត្រូវរៀបចំ និងអនុវត្តនូវតេស្តស្តង់ដារសម្រាប់ការប្រឡងគ្រប់ប្រភេទដើម្បីលើកកម្ពស់គុណភាពអប់រំ។ បន្ថែមពីនេះ គ្រឹះស្ថានសិក្សាសាធារណៈទាំងអស់មិនត្រូវបង្ខំឱ្យសិស្សរៀនគួរក្រៅម៉ោង និងមិនត្រូវយកមេរៀនឬលំហាត់ក្នុងម៉ោងគួរទៅធ្វើជាវិញ្ញាសាប្រឡងឡើយ។
ផ្ទុយមកវិញ ក្រសួងអប់រំតម្រូវឱ្យគ្រឹះស្ថានសិក្សាសាធារណៈត្រូវអនុវត្តកម្មវិធីក្រៅម៉ោងសិក្សាតាមរយៈការបង្កើតម៉ោងស្វ័យសិក្សាយ៉ាងតិច ២ម៉ោងបន្ថែម ខណៈអាណាព្យាបាលត្រូវពិនិត្យ និងលើកទឹកចិត្តឱ្យកូនធ្វើស្វ័យសិក្សា និងរៀនសូត្រនៅតាមផ្ទះ។ សម្រាប់ក្រសួងអប់រំ ការដាក់ចេញវិធានការខាងលើនេះគឺដើម្បីពង្រឹងប្រសិទ្ធភាព និងទប់ស្កាត់បាតុភាពអវិជ្ជមានដែលបាន និងកំពុងកើតមាននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ មិនថាកម្រិតបឋមសិក្សា និងមធ្យមសិក្សា។ កន្លងមក អាណាព្យាបាលសិស្សមួយចំនួនបានត្អូញត្អែរជុំវិញការចំណាយលើការរៀនគួរក្រៅម៉ោង ពិសេសករណីចេញវិញ្ញាសាប្រឡងប្រចាំខែ ឬឆមាសតាមមេរៀនដែលបង្រៀននៅម៉ោងគួរ។
បញ្ហាទាំងនេះត្រូវបានអាណាព្យាបាលសិស្សចាត់ទុកជារូបភាពអវិជ្ជមាន និងបង្កើតឱ្យមានគម្លាតវិសមភាពក្នុងសង្គម ពិសេសចំពោះសិស្សក្រីក្រដែលពុំមានលទ្ធភាពបង់ថ្លៃរៀនគួរក្រៅម៉ោងបាន។ លោកស្រី អ៊ុក ឆាយាវី ប្រធានសមាគមគ្រូបង្រៀនឯករាជ្យបានបញ្ជាក់មកវិទ្យបារាំងអន្តរជាតិ RFI ថា ការបង្កើតឱ្យមានការរូបភាពបង្រៀនគួរក្រៅម៉ោងឆ្លុះបញ្ចាំងឱ្យឃើញពីកម្សោយនៃប្រព័ន្ធអប់រំនៅកម្ពុជា និងបញ្ហាពុករលួយក្នុងវិស័យអប់រំ។ អ្វីដែលអ្នកស្រីចង់ឃើញនាពេលនេះ គឺក្រសួងអប់រំត្រូវដាក់ចេញនូវវិធានការតឹងរឹង និងម៉ឺងម៉ាត់ដោយតម្រូវឱ្យបញ្ឈប់ការបើកបង្រៀនគួរក្រៅម៉ោង ហើយត្រូវពង្រឹងការបង្រៀនក្នុងម៉ោងរដ្ឋវិញ។
សូមជម្រាបថាកន្លងមក ក្រសួងអប់រំធ្លាប់បានដាក់ចេញនូវយន្តការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សតាមរយៈការអនុវត្តនូវស្តង់ដារសាលារៀនគំរូនៅទូទាំងប្រទេសដោយតម្រូវឱ្យអនុវត្តនូវកម្មវិធីក្រៅម៉ោងសិក្សាចំនួនយ៉ាងតិច ២ម៉ោងនៅតាមគ្រឹះស្ថានសិក្សាបឋមសិក្សា និងមធ្យមសិក្សាគំរូ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ