អានតួអត្ថបទ

កម្ពុជា-ចិន នឹងធ្វើ​សមយុទ្ធ​នាគមាស​លើកទី៦​ ឲ្យធំ​ជាងមុន​នៅ​ពាក់កណ្តាល​ខែ​ឧសភា​នេះ

សមយុទ្ធ​នាគមាស​រវាង​យោធាចិន និង​កម្ពុជា​លើកទី៦ គ្រោង​ធ្វើ​ពីថ្ងៃទី​១៦ ដល់ថ្ងៃ​ទី៣០​ ខែ​ឧសភា ​ឆ្នាំ២០២៤ នេះ​នៅក្នុងភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង ​និង​ខេត្តព្រះសីហនុ​ដោយមាន​ការចូលរួមពី​កងទ័ពនៃប្រទេស​ទាំងពីរច្រើនជាង​មុន​រហូតដល់​ជាង២ពាន់នាក់។​ អ្នកវិភាគ​នយោបាយ​សម្តែងការ​សាទរ​ចំពោះសមយុទ្ធចិន-​កម្ពុជា ​តែ​សម្តែងការ​សោកស្តាយ​ចំពោះ​អវត្តមាន​សមយុទ្ធកម្ពុជា-​អាមេរិក និង​កម្ពុជា-អូស្ត្រាលី​ដែលធ្លាប់​មាន​កន្លងមក​។

កងទ័ពចិន និងកម្ពុជា នៅលើទីលានសមយុទ្ធកន្លងមកក្នុងប្រទេសកម្ពុជា
កងទ័ពចិន និងកម្ពុជា នៅលើទីលានសមយុទ្ធកន្លងមកក្នុងប្រទេសកម្ពុជា © សហការី
ផ្សាយពាណិជ្ជកម្ម

តាមគម្រោង ​កងទ័ពកម្ពុជា និង​ចិននឹងធ្វើសមយុទ្ធ​នាគមាសរួមគ្នាឆ្នាំ​២០២៤ នៅលើ​ទីតាំងចំនួនពីរ​ គឺក្នុងខេត្ត​កំពង់ឆ្នាំង និង​ខេត្តព្រះសីហនុ​ក្រោមប្រធានបទ​«ប្រតិបត្តិការ​ប្រឆាំងភេរវកម្ម​រួមគ្នា និង​ការងារសង្គ្រោះ​មនុស្សធម៌»។ ​សមយុទ្ធនៅលើដីគោក​នឹងធ្វើឡើងនៅក្នុង​ភូមិសាស្ត្រស្រុកសាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​ ហើយសមយុទ្ធនៅលើផ្ទៃ​សមុទ្រ និងលើអាកាស​នឹងត្រូវធ្វើឡើង​នៅក្នុងខេត្ត​ព្រះសីហនុ។

នាយឧត្តមសេនីយ៍​ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរងនៃ​កងទ័ពកម្ពុជា និង​ជាប្រធានគណៈកម្មការ​ដឹកនាំរួមសមយុទ្ធ​នាគមាស​បានប្រាប់អ្នក​កាសែតនៅខេត្ត​កំពង់ឆ្នាំងកាលពី​ថ្ងៃទី០២ ខែ​ឧសភា ឆ្នាំ​២០២៤ ​ថា សមយុទ្ធ​នាគមាសកម្ពុជា-​ចិន ឆ្នាំ២០២៤ នេះ​មានទំហំធំជាង​ឆ្នាំមុនៗ ទាំង​ចំនួន​កងទ័ព និង​ចំនួន​សព្វាវុធ។

តែលោក​ ឥត សារ៉ាត់មិនភ្លេច​បញ្ជាក់ថា ​សមយុទ្ធនាគមាស​ឆ្នាំ២០២៤នេះ​ មិនមែនជាការ​គំរាមកំហែងដល់​ប្រទេសណា ឬ​បុគ្គលណាមួយឡើយ ​ពោលជាសមយុទ្ធដើម្បី​ផ្លាស់ប្តូរបទពិសោធន៍គ្នា​រវាងកងទ័ពនៃប្រទេស​ទាំងពីរ និងក៏ដើម្បី​ពង្រឹងសមត្ថភាព​ដល់កងទ័ពកម្ពុជា​។

ចំណែកលោក ​ឯម សុវណ្ណារ៉ា អ្នកវិភាគ ​និងជាសាស្ត្រាចារ្យ​ផ្នែកវិទ្យាសាស្ត្រ​នយោបាយបានប្រាប់​វិទ្យុបារាំងRFI ​នៅថ្ងៃអង្គារ ទី៧ ​ខែ​ឧសភានេះថា ​ជាការល្អក្នុងការ​ពង្រឹងសមត្ថភាពកងទ័ព​កម្ពុជាតាមរយៈសមយុទ្ធ​នានា និងថា​វារឹតតែប្រសើរ​ជាងនេះទៅទៀត ​ប្រសិនបើកម្ពុជានៅមាន​ «សមយុទ្ធ​ឆ្មាំអង្គរ» ជាមួយ​សហរដ្ឋអាមេរិក ​និងនៅមាន ​«សមយុទ្ធគោព្រៃ»​ ជាមួយ​យោធាអូស្ត្រាលី​។

តាមលោក ​ឯម សុវណ្ណារ៉ា បើកម្ពុជា​មានសមយុទ្ធយោធាជាមួយ​ប្រទេសលោកខាងលិច​ទាំងនេះឡើងវិញ​នឹងជួយទាញ​ទំនាក់ទំនងវិស័យ​ការទូត និង​យោធាកម្ពុជា​ឲ្យនៅជាអព្យាក្រឹត។​

សូមរំលឹកថា​ សមយុទ្ធរួមគ្នា​រវាងកងទ័ព​ទាំងពីរកម្ពុជា-​ចិន ត្រូវបានប្រទេស​ទាំងពីរចាប់ផ្តើម​តាំងពីឆ្នាំ២០១៦​ មកម្ល៉េះ។ តែត្រូវបាន​អាក់ខានរយៈពេល ​២ឆ្នាំ គឺឆ្នាំ​២០២១ និង២០២២​ ដោយសារការឆ្លង​រាតត្បាតជំងឺកូវីដ-​១៩។ ដោយឡែក ​សមយុទ្ធរួមគ្នាជាមួយ​អាមេរិក និងអូស្ត្រាលី​ដែលកម្ពុជាធ្លាប់មាន​ក្នុងអំឡុងឆ្នាំ​២០១៦ ដែរនោះ​ ត្រូវបានបាត់ទៅវិញ​ដោយសារភាព​ចម្រូងចម្រាស​នយោបាយ និង​ការទូត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ