អានតួអត្ថបទ

វៀតណាមគោរពការជីកព្រែករបស់កម្ពុជា តែស្នើឲ្យកម្ពុជាធ្វើការជិតស្និទ្ធ និងផ្តល់ព័ត៌មានបន្ថែម

ប្រទេស​វៀតណាម​បាន​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ​និង​គោរពផលប្រយោជន៍​ស្របច្បាប់​របស់​កម្ពុជា​តាម​កិច្ចព្រមព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥​។ ​នេះបើតាម​ការលើកឡើង​របស់អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម​លោកស្រី ​Pham Thu Hang ​កាលពី​ថ្ងៃទី​៥ ខែ​ឧសភា​។ ប្រតិកម្ម​របស់មន្ត្រី​ផ្លូវការ​វៀតណាម​ពេលនេះ​ ធ្វើឡើង​ក្រោយពី​មានភាព​ចម្រូងចម្រាស​ជុំវិញ​គម្រោង​ព្រែកជីក​មួយនេះ​ដោយភាគី​វៀតណាម​ត្រូវការ​ព័ត៌មាន​ពិស្តារ​បន្ថែមទៀត​។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមប្រតិកម្មរឿងព្រែកជីកកម្ពុជា
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមប្រតិកម្មរឿងព្រែកជីកកម្ពុជា © VNA
ផ្សាយពាណិជ្ជកម្ម

ឆ្លើយតប​ចំពោះ​សេចក្តីថ្លែងការណ៍​កាលពីពេលថ្មីៗនេះ​របស់កម្ពុជា​ស្តីពី​ការអនុវត្តន៍​គម្រោងព្រែកជីក​ហ្វូណន អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀតណាមលោកស្រី ​Pham Thu Hang ​បញ្ជាក់ប្រាប់​អ្នកកាសែតថា ​វៀតណាមតែង​ផ្តល់តម្លៃ និង​អាទិភាពខ្ពស់​ចំពោះអ្នកជិតខាង​ខ្លួន​ទាក់ទងទៅនឹង​មិត្តភាព​ជាប្រពៃណី ​កិច្ចសហប្រតិបត្តិការ​ប្រកបដោយការយល់គ្នា ​និង​និរន្តរភាព​យូរអង្វែងនៅក្នុង​នយោបាយការបរទេស​។

នៅក្នុង​ន័យនេះ ​លោកស្រី ​Pham Thu Hang​ ចង់ឲ្យកម្ពុជា​បន្តធ្វើការ​យ៉ាងជិតស្និទ្ធ​ជាមួយ​វៀតណាម និង​បណ្តាប្រទេសផ្សេងទៀត​នៃ​សមាជិកគណៈកម្មការ​ទន្លេមេគង្គ(MRC) ​ដើម្បីចែករំលែក​ព័ត៌មាន និងវាយតម្លៃ​យ៉ាងពេញលេញ​ពី​ផលប៉ះពាល់នៃ​គម្រោងព្រែកជីក​ជុំវិញបញ្ហាធនធាន​ទឹក និង​បរិស្ថានអេកូឡូស៊ី​នៃ​អនុតំបន់មេគង្គ ​រួមនឹងវិធានការ​គ្រប់គ្រងសមស្រប​ ដើម្បីធានា​ផលប្រយោជន៍​ប្រកបដោយ​សុខដុមរមនា​ដល់ប្រទេស​ជាប់​ទន្លេមេគង្គ​។

ការលើកឡើង​ជាសាធារណៈ​របស់ភាគីវៀតណាម​ដូចនេះ​ ធ្វើឡើង​ស្របពេលដែល​កម្ពុជាកំពុង​សកម្មក្នុងការពន្យល់​ផ្សព្វផ្សាយដល់​ប្រជាពលរដ្ឋ និស្សិត ​ប្រព័ន្ធផ្សព្វផ្សាយ​នានា និង​អ្នកការទូតបរទេស​ជុំវិញគម្រោង​ព្រែកជីកហ្វូណន​តេជោ​ ដែលមានប្រវែង​១៨០គីឡូម៉ែត្រ​ និង​ចំណាយថវិកា​ជិត ២​ពាន់លានដុល្លារ។ ​ចាប់តាំងពី​នាយករដ្ឋមន្ត្រី ​អតីតនាយក​រដ្ឋមន្ត្រីកម្ពុជា ​និង​មន្ត្រីជំនាញ​សុទ្ធតែបាន​អះអាងដូចគ្នាថា​ ការជីកព្រែកហ្វូណន​នេះ​ មិនប៉ះពាល់​ជា​អវិជ្ជមាន​ដល់បរិស្ថាន ​និង​ប្រព័ន្ធអេកូឡូស៊ី​របស់ទឹកទន្លេទេ​។ រីឯធារទឹកសាប​ដែលហូរទៅកាន់​សមុទ្រ គឺមាន​តិចតួចបំផុត​ ពោលមាន​ត្រឹម ០,០៦%​ប៉ុណ្ណោះ។ ​

គួររម្លឹកថា​កាលពីថ្ងៃទី០៣​ ខែឧសភាកន្លងទៅ ​លោកឧបនាយករដ្ឋមន្ត្រី ​ស៊ុន ចាន់ថុល​ បានថ្លែងនៅក្នុងសន្នីសីទ​កាសែតមួយថា ​កម្ពុជាបានប្រគល់​ឯកសារស្តីពីផល​ប៉ះពាល់ពីគម្រោងព្រែកជីក​មួយនេះ​ដល់គណៈកម្មការ​ទន្លេមេគង្គអន្តរជាតិ​រួចរាល់ហើយ។​ ដូច្នេះវៀតណាម​អាចស្នើគណៈកម្មការ​ទន្លេមេគង្គ​អន្តរជាតិ​ដើម្បីពិនិត្យមើល​ឯកសារ​ទាំងនោះបាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ