អានតួអត្ថបទ
កម្ពុជា-ច្បាប់

តំណាងកម្ពុជានៅUN៖សំណើឲ្យដោះលែងកញ្ញាឈឹម ស៊ីថរជាការមើលងាយតុលាការខ្មែរ

ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិចាត់ទុកការអំពាវនាវឱ្យដោះលែងប្រធានសហជីពក្រុមហ៊ុនណាហ្គាវើលដ៍កញ្ញាឈឹម ស៊ីថរជាការមើលងាយដល់សមត្ថកិច្ច និងសុច្ចរិតភាពរបស់តុលាការកម្ពុជា។ ប្រតិកម្មដូចនេះរបស់តំណាងកម្ពុជានៅអង្គការសហប្រជាជាតិជាការឆ្លើយតបទៅនឹងស្ថាប័នអន្តរជាតិ និងអង្គការផ្នែកសិទ្ធិមនុស្សក្រៅស្រុក រួមនឹងសង្គមស៊ីវិលក្នុងស្រុកជាច្រើនដែលកំពុងទាមទារឱ្យអាជ្ញាធរកម្ពុជាលុបចោលការផ្តន្ទាទោសទាំងអស់លើកញ្ញាឈឹម ស៊ីថរ និងសកម្មជនសហជីពណាហ្គាវើលផ្សេងទៀត។

ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិចាត់ទុកការអំពាវនាវឱ្យដោះលែងប្រធានសហជីពក្រុមហ៊ុនណាហ្គាវើលដ៍កញ្ញាឈឹម ស៊ីថរជាការមើលងាយដល់សមត្ថកិច្ច និងសុច្ចរិតភាពរបស់តុលាការកម្ពុជា។ ប្រតិកម្មដូចនេះរបស់តំណាងកម្ពុជានៅអង្គការសហប្រជាជាតិជាការឆ្លើយតបទៅនឹងស្ថាប័នអន្តរជាតិ និងអង្គការផ្នែកសិទ្ធិមនុស្សក្រៅស្រុក រួមនឹងសង្គមស៊ីវិលក្នុងស្រុកជាច្រើនដែលកំពុងទាមទារឱ្យអាជ្ញាធរកម្ពុជាលុបចោលការផ្តន្ទាទោសទាំងអស់លើកញ្ញាឈឹម ស៊ីថរ និងសកម្មជនសហជីពណាហ្គាវើលផ្សេងទៀត។
ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិចាត់ទុកការអំពាវនាវឱ្យដោះលែងប្រធានសហជីពក្រុមហ៊ុនណាហ្គាវើលដ៍កញ្ញាឈឹម ស៊ីថរជាការមើលងាយដល់សមត្ថកិច្ច និងសុច្ចរិតភាពរបស់តុលាការកម្ពុជា។ ប្រតិកម្មដូចនេះរបស់តំណាងកម្ពុជានៅអង្គការសហប្រជាជាតិជាការឆ្លើយតបទៅនឹងស្ថាប័នអន្តរជាតិ និងអង្គការផ្នែកសិទ្ធិមនុស្សក្រៅស្រុក រួមនឹងសង្គមស៊ីវិលក្នុងស្រុកជាច្រើនដែលកំពុងទាមទារឱ្យអាជ្ញាធរកម្ពុជាលុបចោលការផ្តន្ទាទោសទាំងអស់លើកញ្ញាឈឹម ស៊ីថរ និងសកម្មជនសហជីពណាហ្គាវើលផ្សេងទៀត។ © CCHR
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃទី៦ឧសភា ឆ្នាំ២០២៤នេះ សង្គមស៊ីវិលនៅកម្ពុជាចំនួន៥០ស្ថាប័នបានរួមគ្នាចេញសេចក្តីថ្លែងការណ៍ស្នើឲ្យដោះលែងកញ្ញាឈឹម ស៊ីថរ រួមនឹងសមាជិកសហជីពផ្សេងទៀតជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។ សម្រាប់សង្គមស៊ីវិលក្នុងស្រុកទាំងនោះ ការសម្រេចតម្កល់សាលដីកាផ្តន្ទាទោសនៅតុលាការកំពូលថ្ងៃទី៣ឧសភាដោយតម្រូវឱ្យកញ្ញាឈឹម ស៊ីថរបន្តជាប់ពន្ធនាគារចំនួន២ឆ្នាំដដែលក្រោមបទចោទ «ញុះញង់» គឺជារឿងអយុត្តិធម៌ និងជាការបំពានតាមប្រព័ន្ធតុលាការ។

សង្គមស៊ីវិលទាំង៥០ស្ថាប័នយល់ថា ការដោះលែងសកម្មជនសហជីពណាហ្គាវើលដ៍ជាមធ្យោបាយចុងក្រោយដើម្បីផ្តល់នូវដំណោះស្រាយចំពោះការចោទប្រកាន់និងការធ្វើទុក្ខបុកម្នេញលើសមាជិកសហជីពមួយចំនួនដែលកំពុងតស៊ូមតិដើម្បីសិទិ្ធកម្មករ។ ក្នុងថ្ងៃទី៦ឧសភានេះដែរ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch ចាត់ទុកសេចក្តីសម្រេចរបស់តុលាការជាន់ខ្ពស់កម្ពុជាក្នុងសំណុំរឿងសកម្មជនសហជីពណាហ្គាវើលដ៍ ធ្វើឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវ និងជាការរឹតត្បិតសេរីភាពបញ្ចេញមតិរបស់សហជីព និងសិទ្ធិការងារនៅកម្ពុជា។

នៅក្នុងសេចក្តីថ្លែងការណ៍ Human Right Watch បានជំរុញឱ្យសមាជិកអង្គការសហប្រជាជាតិដាក់សម្ពាធរដ្ឋាភិបាលកម្ពុជានៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអន្តរជាតិក្រុងហ្សឺណែវប្រទេសស្វីសនាថ្ងៃទី៨ ឧសភាខាងមុខឱ្យ​គោរពសិទ្ធិមនុស្សឱ្យបានពេញលេញ និងត្រូវបើកលំហសិទ្ធិសេរីភាពពលរដ្ឋដោយគ្មានការគំរាមកំហែង។ ក្នុងសំណុំរឿងនេះដដែល អ្នកនាំពាក្យការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោកជេរឺមី ឡូរែនស៍ (Jeremy Laurence) បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៣ឧសភា ដោយហៅសេចក្តីសម្រេចរបស់តុលាការជាន់ខ្ពស់កម្ពុជាចំពោះកញ្ញាឈឹម ស៊ីថរថា ជារឿងអយុត្តិធម៌។

សម្រាប់លោកជេរឺមី ឡូរែនស៍ កម្ពុជាត្រូវតែដោះលែងកញ្ញាឈឹម ស៊ីថរ និងត្រូវទម្លាក់ចោលរាល់បទចោទប្រកាន់លើសកម្មជនសហជីពណាហ្គាវើលដ៍ទាំងអស់ជាបន្ទាន់។ កម្ពុជាតាមរយៈស្ថានបេសកកម្មអចិន្ត្រៃយ៍ប្រចាំនៅអង្គការសហប្រជាជាតិ បានបញ្ចេញប្រតិកម្មតាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ដោយចាត់ទុកសំណើឱ្យដោះលែងកញ្ញាឈឹម ស៊ីថរ ឬឱ្យលុបចោលការផ្តន្ទាទោសទាំងអស់ជាការមើលងាយដល់សមត្ថកិច្ច និងសុច្ចរិតភាពរបស់តុលាការកម្ពុជា។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែល តំណាងកម្ពុជានៅអង្គការសហប្រជាជាតិបានបញ្ជាក់ពីជំហរការពារចំណាត់ការលើកញ្ញាឈឹម ស៊ីថរ ដោយអំណាចឆន្ទានុសិទ្ធិតុលាការកម្ពុជាដែលផ្អែកលើភស្តុតាងជាក់ស្តែង និងស្របតាមនីតិវិធីច្បាប់។

គួររម្លឹកថា កញ្ញាឈឹម ស៊ីថរដែលជាម្ចាស់ពានរង្វាន់អ្នកធ្វើការតស៊ូផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យផ្តល់ដោយរដ្ឋាភិបាលស៊ុយអែត និងអាមេរិក បានរងបទចោទប្រកាន់ពីបទ «ញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ជុំវិញសកម្មភាពធ្វើកូដកម្មនៅពីមុខអគារកាស៊ីណូណាហ្គាវើលដ៍កាលពីអំឡុងឆ្នាំ២០២១។ កញ្ញា ឈឹម ស៊ីថរ និងសហជីព៦នាក់ទៀតត្រូវចាប់ខ្លួនកាលពីដើមខែមករា ឆ្នាំ២០២២។ បន្ទាប់មក កញ្ញា ឈឹម ស៊ីថរ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ខណៈថ្នាក់ដឹកនាំសហជីពផ្សេងទៀតត្រូវបានតុលាការសម្រេចឱ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ៦ខែ តែអនុវត្តព្យួរទោស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ