ក្រសួងរ៉ែ បេ្តជ្ញាបញ្ចប់អាជីវកម្មរ៉ែខុសច្បាប់ដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន
ក្រសួងរ៉ែនិងថាមពល ប្តេជ្ញាជាថ្មីទៀត បញ្ចប់សកម្មភាពធ្វើអាជីវកម្មរ៉ែខុសច្បាប់អណាធិបតេយ្យ ដើម្បីជំរុញការធ្វើអាជីវកម្មរ៉ែស្របច្បាប់វិញសម្រាប់ទាញចំណូលចូលជាតិបន្ថែម និងទប់ស្កាត់ផលប៉ះពាល់ដល់បរិស្ថាន។ នេះបើតាមការជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី០៤ ឧសភា។ តាមក្រសួងរ៉ែ ចំពោះទីតាំងដែលបង្ក្រាបបាន ក្រុមការងារបច្ចេកទេសកំពុងរកវិធីសាស្ត្របន្សាបជាតិអាស៊ីត និងសារធាតុពុលផ្សេងទៀតដើម្បីទប់ស្កាត់នូវផលប៉ះពាល់នានា។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២៦
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា មួយរយៈពេលចុងក្រោយនេះ សកម្មភាពជីករ៉ែអណាធិបតេយ្យបានកើតឡើងយ៉ាងច្រើន ហើយកាន់តែធ្ងន់ធ្ងរថែមទៀតនៅពេលដែលទីតាំងធ្វើអាជីវកម្មទាំងនោះប្រើប្រាស់សារធាតុគីមី រំសេវជាតិផ្ទុះ និងការជីករូងអណ្តូងរ៉ែក្រោមដីដែលគ្មានបច្ចេកទេសត្រឹមត្រូវ។
ការធ្វើអាជីកម្មខុសច្បាប់ បើតាមក្រសួងរ៉ែគឺបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងបង្កហានិភ័យខ្ពស់ចំពោះសុខភាព និងសុវត្ថិភាពរបស់អ្នកធ្វើអាជីវកម្មរ៉ែខ្លួនឯង រួមនឹងពលរដ្ឋដែលរស់នៅទាំងក្នុងនិងក្រៅមូលដ្ឋាន។ មួយទៀតសកម្មភាពខុសច្បាប់ទាំងនេះ ក៏បណ្តាលឱ្យមានការបាត់បង់ប្រាក់ចំណូលចូលជាតិតាមរយៈការបង់ពន្ធចូលរដ្ឋ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។
លោក ហេង គឹមហុង ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា គាំទ្រចំពោះការប្តេជ្ញាចិត្តរបស់ក្រសួងរ៉ែក្នុងការបង្ក្រាបទីតាំងធ្វើអាជីវកម្មរ៉ែខុសច្បាប់នៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តមណ្ឌលគិរី ខេត្តត្បួងឃ្មុំ ជាដើម។
ប៉ុន្តែលោក គឹមហុង ចង់ឃើញរដ្ឋាភិបាលបង្ក្រាបទីតាំងទាំងនោះឱ្យបានលឿន និងទាន់ពេលវេលាដើម្បីបង្កាពីផលប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់ធនធានធម្មជាតិ និងបរិស្ថាន។ ទន្ទឹមនឹងនេះ សកម្មជនការពារបរិស្ថានរូបនេះ ក៏ស្នើឱ្យក្រសួងបើកការស៊ើបអង្កេតឱ្យបានហ្មត់ចត់ចំពោះទីតាំងអាជីវកម្មលក្ខណៈគ្រួសារមួយចំនួនដែលលោកសង្ស័យថា មានក្រុមហ៊ុនឯកជនឈរកាងពីក្រោយ ហើយអាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយផង។
សូមជម្រាបថា គិតមកទល់នេះពុំទាន់មានរបាយការណ៍លម្អិតណាមួយពាក់ព័ន្ធនឹងចំនួនទីតាំងអាជីវកម្មរ៉ែខុសច្បាប់ដែលក្រសួងរ៉ែ និងថាមពលបានចុះបង្ក្រាបនៅឡើយទេ។ ក៏ប៉ុន្តែនៅក្នុងសេចក្តីប្រកាសព័ត៌មានខាងលើ ក្រសួងបានបញ្ជាក់ថា ក្រុមការងារបច្ចេកទេស កំពុងបង្ក្រាបជាបន្តបន្ទាប់ ហើយកំពុងរកវិធីសាស្ត្របន្សាបជាតិអាស៊ីត និងសារធាតុពុលផ្សេងៗទៀតដែលមាននៅទីតាំងធ្វើអាជីវកម្មខុសច្បាប់ទាំងនោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ