អានតួអត្ថបទ
កម្ពុជា-សង្គម

តុលាការទីក្រុងញូវយ៉ក ប្រគល់វត្ថុបុរាណចំនួន២៧មកឲ្យកម្ពុជាវិញ

វត្ថុបុរាណខ្មែរចំនួន២៧ ដែលមានតម្លៃសរុបប្រមាណជិត៣លានដុល្លារ នឹងត្រូវបញ្ចូនមកកម្ពុជាវិញនាពេលដ៏ឆាប់ខាងមុខ។ នេះបើតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៦មេសារបស់រដ្ឋអាជ្ញាអាមេរិក ប្រចាំតំបន់មាហាតាន់ លោក AlVin Bragg។ វត្ថុបុរាណខ្មែរទាំង២៧នេះ ត្រូវបានគេលួចយកចេញពីកម្ពុជា មុននឹងធ្លាក់ក្នុងដៃរបស់ឈ្មួញជួញដូរវត្ថុបុរាណខុសច្បាប់ ក្នុងទីក្រុងញូវយ៉ក។ នៅក្នុងពិធីប្រគល់វត្ថុបុរាណដល់អ្នកតំណាងកម្ពុជានៅទីក្រុងញូវយ៉ក លោករដ្ឋអាជ្ញា Braggអះអាងថា អាជ្ញាធរអាមេរិកនឹងបន្តបើកការស៊ើបអង្កេត ស្វែងរកវត្ថុបុរាណរបស់កម្ពុជាបន្ថែមផ្សេងទៀត។

វត្ថុបុរាណខ្មែរដែលស្ថិតនៅសហរដ្ឋអាមេរិក និងកំពុងត្រៀមបញ្ចូនមកកម្ពជាវិញ
វត្ថុបុរាណខ្មែរដែលស្ថិតនៅសហរដ្ឋអាមេរិក និងកំពុងត្រៀមបញ្ចូនមកកម្ពជាវិញ © Manhattan District Attorney's Office
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋអាជ្ញាក្រុងញូវយ៉ក កាលពីថ្ងៃសុក្រទី ២៦ គេមិនបានបញ្ជាក់លម្អិតពីប្រភេទវត្ថុបុរាណខ្មែរដែលអាជ្ញាធរអាមេរិកសម្រេចប្រគល់មកឲ្យប្រទេសកម្ពុជាវិញទេ។ ប៉ុន្តែរដ្ឋអាជ្ញាក្រុងញូវយ៉ក លោក AlVin Braggបាននិយាយត្រួសៗថា វត្ថុបុរាណទាំង២៧នោះ មានប្រភេទជាបដិមាព្រះសិវៈធ្វើឡើងពីស្ពាន់ បដិមាត្រឹមព្រះកេសនៃព្រះបាទជ័យវរ័្មនទី៧ និងបដិមាអាទិទេពផ្សេងៗទៀត ក្នុងសាសនាហិណ្ឌូដែលគេបានលួចយកចេញពីកម្ពុជាអំឡុងឆ្នាំ២០០០។

តុលាការញូវយ៉កបានរឹបអូសយកវត្ថុបុរាណខាងលើ ពីសារមន្ទីរDenver Art និងខ្លះទៀតរឹបអូសបានពីទីតាំងវិចិត្រសាលរបស់ឈ្មួញជួញដូរវត្ថុបុរាណ ឈ្មោះNancy Wiener ក្នុងទីក្រុងញូវយ៉ក។ Nancy Wiener និងឈ្មួញជួញដូរវត្ថុបុរាណអាមេរិក១នាក់ទៀតត្រូវអាជ្ញាធរអាមេរិកចាប់ខ្លួន និងកាត់ទោស ពីបទជួញដូរវត្ថុបុរាណខុសច្បាប់ដែលភាគច្រើនមានប្រភពចេញមកពីតំបន់អាស៊ីអាគ្នេយ៍រួមមានកម្ពុជា ឥណ្ឌូណេស៊ី និងថៃ ជាដើម។

បើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋអាជ្ញាក្រុងញូវយ៉ក ឈ្មួញជួញដូរវត្ថុបុរាណ លោកស្រី Nancy Wiener បានព្យាយាមលក់រូបបដិមាព្រះសិវៈដែលគេលួចយកចេញដោយខុសច្បាប់ពីកម្ពុជា នៅក្នុងវិចិត្រសាលរបស់លោកស្រី ប៉ុន្តែ ដោយសារលក់មិនចេញ លោកស្រីក៏បានប្រគល់ទៅឱ្យសារមន្ទីរDenver Art ជាទីដែលអាជ្ញាធរអាមេរិកបានចុះរឹបអូសក្រោយការស៊ើបអង្កេតអស់ជាច្រើនឆ្នាំ ។ 

នៅក្នុងពិធីប្រគល់វត្ថុបុរាណមកកម្ពុជា នៅទីក្រុងញូវយ៉ក កាលពីថ្ងៃសុក្រ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិកលោក កែវ ឈា បានស្វាគមយ៉ាងកក់ក្តៅចំពោះការវិលត្រឡប់មកវិញនូវវត្ថុបុរាណរបស់ខ្មែរទាំង២៧ និងចាត់ទុកថា នេះជាការបេ្តជ្ញាចិត្តនៃប្រទេសទាំងពីរដើម្បីការពារដួងព្រលឹង និងសម្បត្តិមរតករួមរបស់ជាតិ។

សូមជម្រាបថា កម្ពុជាតែងទទួលបានជាបន្តបន្ទាប់ វត្ថុបុរាណដែលគេបានលួចយកចេញដោយខុសច្បាប់កន្លងមក។ ជាក់ស្តែង ក្នុងឆ្នាំ២០២៣ កម្ពុជាបានចុះកិច្ចព្រមព្រៀងស្តីពីការបញ្ជូនត្រឡប់មកកម្ពុជាវិញ នូវវត្ថុបុរាណយ៉ាងតិច៤៧រូបពីអាមេរិក និងគ្រឿងអលង្ការបុរាណយ៉ាងតិច៧៧គ្រឿងពីចក្រភពអង់គ្លេស។ វត្ថុបុរាណទាំងនេះជាសម្បត្តិវប្បធម៌បុរាណខ្មែរ ដែលត្រូវបានឈ្មួញនាំចេញដោយខុសច្បាប់ អំឡុងពេលដែលកម្ពុជាជួបអសន្តិសុខ ក្នុងសម័យសង្គ្រាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ