អានតួអត្ថបទ

អត្រាស្លាប់ដោយជំងឺរបេងនៅកម្ពុជាធ្លាក់ចុះ៤៥%គិតត្រឹមឆ្នាំ២០២២

អត្រា​ស្លាប់​ដោយ​សារ​ជំងឺ​របេង​បាន​ថយ​ចុះ​៤៥% ​ពោល​ស្លាប់​៤២​ករណី​ នៅ​ឆ្នាំ​២០០០​ ធ្លាក់​ចុះ​មក​នៅ​តែ​២៣​ករណី​នៅ​ឆ្នាំ​២០២២ ​នៅ​ក្នុង​ចំ​ណោម​ពលរដ្ឋ​ចំនួន​១០​ម៉ឺន​នាក់​។​ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​នៅ​ក្នុង​សារ​លិខិត​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​ចេញ​ផ្សាយ​នៅ​ក្នុង​ទិវាពិភព​លោក​កម្ចាត់​រោគ​របេង ​ថ្ងៃ​ទី​២៤​ខែ​មីនា។​ ប៉ុន្តែបើ​ប្រៀប​ធៀប​ចំនួន​អ្នក​ស្លាប់​ដោយ​សារតែ​ជំងឺ​របេង​នៅឆ្នាំ២០២១ ធៀប​នឹង​ឆ្នាំ​២០២២​ គឺមាន​ការ​កើន​ឡើង​ខណៈ​អត្រា​ឆ្លង​វិញ​ក៏​មាន​ការ​កើន​ឡើង​ដែរ​។

ស្ថានភាពពលរដ្ឋមានជំងឺរបេងនៅកម្ពុជា
ស្ថានភាពពលរដ្ឋមានជំងឺរបេងនៅកម្ពុជា © FB
ផ្សាយពាណិជ្ជកម្ម

បើតាម​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា អត្រាឆ្លង​ជំងឺ​របេង​បានធ្លាក់ចុះពី៥៧៩ករណី​នៅឆ្នាំ​២០០០ មកនៅសល់តែ​៣២០​ករណី​នៅឆ្នាំ​២០២២ ក្នុង​ចំណោម​ប្រជាជន​១០ម៉ឺននាក់​ដូចគ្នា។ ការ​ធ្លាក់​ចុះ​នេះ ត្រូវបាន​លោក ហ៊ុន ម៉ាណែត ​ពន្យល់ថា ដោយសារតែ​ការ​ស្រាវជ្រាវ និងការ​ផ្តល់​សេវាព្យាបាល​ជូន​ពលរដ្ឋ​ដែល​កើត​ជំងឺ​របេង​ដោយ​ឥតគិតថ្លៃ។

យោងតាម​លទ្ធផលនេះ នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​សម្រេច​គោលដៅអភិវឌ្ឍន៍​សហស្សវត្សរ៍​ពាក់​ព័ន្ធ​នឹង​អត្រា​ឈឺ និង​ស្លាប់​ដោយ​សារ​របេង​ នៅមុន​កាល​កំណត់​៤ឆ្នាំ ដែលមានប្រទេស​តិចតួច​នៅលើ​ពិភពលោក​សម្រេច​បាន។ នេះគឺជាការអះអាង​នៅ​ក្នុង​សារលិខិតរបស់​នាយក​រដ្ឋមន្ត្រីកម្ពុជា នៅក្នុង​ទិវាពិភពលោក​កម្ចាត់​រោគ​របេង ក្រោម​ប្រធានបទ​«មែនហើយ! យើងអាចបញ្ចប់​ជំងឺ​របេងបាន»។

ប៉ុន្តែបើប្រៀបធៀប​ចំនួន​អ្នកស្លាប់ដោយ​សារតែជំងឺរបេង​នៅឆ្នាំ២០២១ ធៀបនឹងឆ្នាំ​២០២២ គឺមានការ​កើនឡើង១ករណី ខណៈអត្រាឆ្លងវិញក៏មានការកើនឡើង៣២ករណី។

 

យោងតាមសារលិខិតរបស់ លោក ហ៊ុន​ សែន ក្នុងទិវាពិភពលោកម្ចាត់រោគរបេង កាលពីឆ្នាំ២០២៣ ក្នុងចំណោមប្រជាជន១០ម៉ឺននាក់ អត្រាស្លាប់ដោយជំងឺរបេងមាន៤២ករណី នៅឆ្នាំ២០០០ ធ្លាក់ចុះមកនៅ២១ករណី ក្នុងឆ្នាំ២០២១ គឺធ្លាក់ចុះ៥០%។ ចំណែក អត្រា​ឆ្លងវិញ មាន៥៧៩ករណី នៅឆ្នាំ២០០០ ធ្លាក់ចុះមកនៅ២៨៨ករណី នៅឆ្នាំ២០២១ ដែលធ្លាក់ចុះ៥០%។

ទោះជាយ៉ាងនេះក្តី ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន ម៉ាណែត នៅឆ្នាំ២០២៤នេះ លើកឡើងថា នៅមានបញ្ហាប្រឈមមួយចំនួន​ដែលត្រូវ​បង្កើន​ល្បឿន​ដើម្បីកាត់​បន្ថយ​ឲ្យបានខ្ពស់​បំផុត​នូវ​អត្រា​ឈឺ និង​ស្លាប់​ដោយសារតែ​ជំងឺ​របេងនេះ។

នៅចំពោះមុខ​បញ្ហាប្រឈម ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បានជំរុញឲ្យបង្កើន​ល្បឿន​ប្រយុទ្ធជំងឺ​របេង តាម​ផែន​ការជាតិ និង​ផែនការ​សកល ដោយខិត​ខំ​ស្រាវ​ជ្រាវ​រក​ជំងឺ​របេង​នៅតាម​សហគមន៍ និង​វត្តអារ៉ាម និង​ជំរុញ​ការ​ព្យាបាល​ជំងឺរបេង​ឲ្យជោគជ័យលើស​៩០%។

បើតាមអង្គការសុខភាពពិភពលោក កម្ពុជាត្រូវបានរួចផុតពីបញ្ជីនៃប្រទេសចំនួន​៣០ ដែលមានកើតជំងឺរបេងធ្ងន់ធ្ងរ ក្នុងពិភពលោក សម្រាប់រយៈពេល៥ឆ្នាំ ពីឆ្នាំ២០២១ ដល់ឆ្នាំ ២០២៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ