អានតួអត្ថបទ
កម្ពុជា-សុខភាព

លោក​ ឈាង រ៉ា៖ប្រព័ន្ធសុខាភិបាលកម្ពុជារីកចម្រើនបាន មិនអាស្រ័យតែលើក្រសួង

នៅថ្ងៃទី១៨ មីនានេះ ក្រសួងសុខាភិបាលបានរៀបចំសន្និបាតលើកទី៤៣ ដោយមានការចូលរួមផ្ទាល់ពីរដ្ឋមន្រ្តីលោកឈាង រ៉ា។ ថ្លែងនៅក្នុងសន្និសីទកាសែត រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជារូបនេះបានលើកឡើងថា ប្រព័ន្ធសុខាភិបាលកម្ពុជាអាចរីកចម្រើនទៅបាន មិនមែនអាស្រ័យតែលើក្រសួងសុខាភិបាលមួយប៉ុណ្ណោះទេ។ តាមលោកឈាង រ៉ា  ប្រព័ន្ធសុខាភិបាលរីកចម្រើនទៅបាន ល្គឹកណាសង្គមកម្ពុជារីកចម្រើន។

លោក ឈាង រ៉ា៖ប្រព័ន្ធសុខាភិបាលកម្ពុជារីកចម្រើនបាន មិនអាស្រ័យតែលើក្រសួង
លោក ឈាង រ៉ា៖ប្រព័ន្ធសុខាភិបាលកម្ពុជារីកចម្រើនបាន មិនអាស្រ័យតែលើក្រសួង © ក្រសួងសុខាភិបាល
ផ្សាយពាណិជ្ជកម្ម

ជំងឺឆ្លង ជំងឺរ៉ាំរ៉ៃ ជំងឺមហារីក និងសុខភាពកុមារនៅតែជាបញ្ហាប្រឈមចម្បងសម្រាប់វិស័យសុខាភិបាលកម្ពុជា។ នៅក្នុងន័យនេះ លោក ឈាង រ៉ាមិនបានបដិសេធ និងថែមទាំងទទួលស្គាល់ផងដែរថា សេវាថែទាំសុខភាពនៅកម្ពុជានៅមិនទាន់ទូលំទូលាយនៅឡើយ ពោលពលរដ្ឋនៅតាមបណ្តាខេត្តនៅពុំទាន់ទទួលបានសេវាសុខភាពពេញលេញ។ តាមលោក ឈាង រ៉ា ក្រុមគ្រូពេទ្យដល់ទៅ ៤០% កំពុងបម្រើវិជ្ជាជីវៈនៅទីក្រុងភ្នំពេញ ខណៈពលរដ្ឋរស់នៅភ្នំពេញវិញមានតែ ២៥% នៃពលរដ្ឋសរុប។

លោករដ្ឋមន្រ្តីបានលើកឡើងបន្ថែមថា កម្ពុជាកំពុងប្រឈមនឹងបញ្ហាហិរញ្ញប្បទាននៅក្នុងការអភិវឌ្ឍវិស័យសុខាភិបាល។ តាមលោកឈាង រ៉ា  ការចូលរួមរបស់រដ្ឋ  និងដៃគូអន្តរជាតិ រួមទាំងការចំណាយថែទាំព្យាបាលសុខភាពរបស់ពលរដ្ឋផ្ទាល់ គឺនៅមានកម្រិតនៅឡើយ។

រដ្ឋមន្ត្រីសុខាភិបាលរូបនេះដដែលមើលឃើញថា ប្រព័ន្ធសុខាភិបាលកម្ពុជាអាចរីកចម្រើនទៅបាន មិនមែនអាស្រ័យតែលើក្រសួងសុខាភិបាលមួយប៉ុណ្ណោះទេ។ តាមលោកឈាង  រ៉ា  វិស័យសុខាភិបាលត្រូវផ្សារភ្ជាប់ជាមួយការអភិវឌ្ឍសង្គម ពោលមិនអាចដើរលឿនជាងសង្គមបានឡើយ។

ទោះយ៉ាងណា លោក ឈាង រ៉ាបានអះអាងពីការធ្វើយ៉ាងណាឱ្យសេវាសុខាភិបាលកម្ពុជា ទាំងឯកជន  និងសាធារណៈដើរទន្ទឹមគ្នា និងស្ថិតក្នុងនិយាមនៃការប្រតិបត្តិបានល្អក្នុងស្ថានភាពប្រទេសកម្ពុជាបច្ចុប្បន្ន។ ក្នុងរយៈពេល៦ខែចុងក្រោយនេះ ក្រសួងសុខាភិបាលបានពង្រឹងសមត្ថភាពមន្ត្រីជំនាញវេជ្ជសាស្រ្ត  និងបច្ចេកទេស លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ  និងបុគ្គលិកសុខាភិបាល ពន្លឿន  និងពង្រឹងការចុះបញ្ជីផ្តល់អាជ្ញាបណ្ណអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងលើកកម្ពស់សុខភាពសុខាភិបាលនៅមណ្ឌលសុខភាពជាដើម។ នេះជាការបញ្ជាក់របស់លោកឈាង រ៉ា។

គួរជម្រាបថា ក្នុងឆ្នាំ២០២៣ ក្រសួងសុខាភិបាលសម្រេចបិទទ្វារមន្ទីរពេទ្យឯកជនចំនួន៩៩ ក្នុងនោះ១៤  ដោយសារកំហុសធ្ងន់ធ្ងរ។ ទន្ទឹមគ្នានេះ ក្រុមហ៊ុននាំចូលថ្នាំ  និងបរិក្ខារពេទ្យជាច្រើនក៏ត្រូវបានផ្អាក  និងកែលម្អផងដែរ។ តាមរបាយការណ៍របស់ក្រសួងសុខាភិបាលដដែល គិតត្រឹមចុងឆ្នាំ២០២៣ កម្ពុជាមានមណ្ឌលសុខភាព១៣០៥ ប៉ុស្តិ៍សុខភាព១៣២ និងមន្ទីរពេទ្យបង្អែក១៣៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ