អានតួអត្ថបទ

ក្រសួងសុខាភិបាល៖ឡេលាយបំផ្លាញសុខភាពកំពុងដាក់លក់យ៉ាងអនាធិបតេយ្យក្នុងបណ្តាញសង្គម

នៅថ្ងៃទី១៥ មីនា ឆ្នាំ២០២៤ ក្រសួងសុខាភិបាលបានអំពាវនាវឱ្យពលរដ្ឋកម្ពុជាបញ្ឈប់ការប្រើប្រាស់ឡេលាយ គ្មានបទដ្ឋានបច្ចេកទេសច្បាស់លាស់ដែលបំផ្លាញសុខភាព ឬអាចឈានដល់ការបាត់បង់អាយុជីវិត។ សេចក្តីអំពាវនាវនេះធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលមើលឃើញថា ឡេលាយទាំងអស់នោះកំពុងដាក់លក់យ៉ាងអនាធិបតេយ្យនៅកម្ពុជាតាមបណ្តាញសង្គមដូចជាហ្វេសប៊ុក តិកតក់ ឬតេឡេក្រាមជាដើម។

ក្រសួងសុខាភិបាល៖ឡេលាយបំផ្លាញសុខភាពកំពុងដាក់លក់យ៉ាងអនាធិបតេយ្យក្នុងបណ្តាញសង្គម
ក្រសួងសុខាភិបាល៖ឡេលាយបំផ្លាញសុខភាពកំពុងដាក់លក់យ៉ាងអនាធិបតេយ្យក្នុងបណ្តាញសង្គម © FB
ផ្សាយពាណិជ្ជកម្ម

ការអំពាវពាវរបស់ក្រសួងសុខាភិបាលត្រូវបានធ្វើឡើងតាមរយៈសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១៥មីនា ឆ្នាំ២០២៤ ដោយកត់សម្គាល់ឃើញថា បច្ចុប្បន្ននេះ មានបុគ្គលគ្មានជំនាញបាននិងកំពុងផលិត និងផ្សព្វផ្សាយលក់ឡេលាយ គ្មានបទដ្ឋានបច្ចេកទេសនៅតាមបណ្តាញទំនាក់ទំនងសង្គមដូចជា ហ្វេសប៊ុក តិកតក់ ឬតេឡេក្រាមយ៉ាងអនាធិបតេយ្យ។ តាមសេចក្តីជូនដំណឹងដដែល បុគ្គលគ្មានជំនាញទាំងនោះបានធ្វើកិច្ចការនេះដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលកម្ពុជាឡើយ និងថា កំណើនចរាចរណ៍នៃការលក់ឡេលាយលាបស្បែកឱ្យសនៅក្នុងប្រទេសកម្ពុជាមិនត្រឹមតែធ្វើឱ្យពលរដ្ឋកម្ពុជាខាតបង់ប្រាក់កាសប៉ុណ្ណោះទេ តែវាក៏កំពុងបំផ្លាញសុខភាព និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពួកគេទៀតផង។

ទន្ទឹមគ្នានេះ ឡេលាយលាបឱ្យស្បែកសគ្មានបច្ចេកទេសទាំងនោះនឹងបង្កឱ្យអ្នកប្រើប្រាស់កើតមហារីកស្បែក ជំងឺសើស្បែក ឡើងស្នាមប្រេះលើស្បែក អាឡែស៊ីស្បែក ភាពស៊ាំនឹងឱសថអង់ទីប៊ីយ៉ូទិក និងមេរោគផ្សិត ។ល។ ប្រឈមនឹងផលប៉ះពាល់ទាំងនេះ ក្រសួងសុខាភិបាលបានអំពាវនាវឱ្យពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ឡេលាយដែលគ្មានបទដ្ឋានបច្ចេកទេសទាំងនោះជាបន្ទាន់។ ទន្ទឹមគ្នានេះ ក្រសួងសុខាភិបាលក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុន ឬបុគ្គលណាដែលផលិត ចែកចាយ លក់ ឬផ្សព្វផ្សាយឡេលាយទាំងនោះ។

គួរបញ្ជាក់ថា បើតាមគោលការណ៍មគ្គុទេសក៍គ្រឿងសម្អាងអាស៊ាន ការចុះបញ្ជីផលិតផលគ្រឿងសម្អាងដែលហៅថាស្របច្បាប់ត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស គឺតម្រូវឱ្យការផលិតផលគ្រឿងសម្អាងទាំងអស់ត្រូវផលិតឡើងតាមរូបមន្តច្បាស់លាស់ និងត្រូវធ្វើតេស្តបញ្ជាក់ការប្រើប្រាស់លើស្បែកដើម្បីធានាគុណភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ មុននឹងដាក់លក់ជាផ្លូវការនៅលើទីផ្សារ។ ចំណែករូបមន្តផលិតផលគ្រឿងសម្អាងមិនត្រូវដាក់សារធាតុគីមីហាមឃាត់ដែលរួមមាន បារត អីដ្រូគីណូន ឱសថអង់ទីប៊ីយ៉ូទិក ឱសថប្រឆាំងនឹងមេរោគផ្សិត ឱសថប្រឆាំងការរលាក ហើយសារធាតុគីមីមួយចំនួនទៀតដូចជាអាល់កុល ឬមេតាណុលជាដើមក៏ត្រូវប្រើប្រាស់ឲ្យមានកម្រិតកំណត់ដែរ។

គួរជ្រាបថា ក្រៅពីមានដាក់លក់នៅតាមបណ្តាញសង្គម ឡេលាយស្បែកឱ្យសបំផ្លាញសុខភាពក៏មានដាក់លក់នៅតាមតូបលក់គ្រឿងសម្អាងនានានៅស្ទើរតែគ្រប់ផ្សារទាំងអស់នៅតាមបណ្តារាជធានី ខេត្តនៅកម្ពុជា។ កន្លងមក មានអ្នកប្រើប្រាស់ជាច្រើននាក់បានរងគ្រោះដោយសារតែការលាបឡេលាយធ្វើឱ្យស្បែកសទាំងនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ