អានតួអត្ថបទ

ក្រសួងមហាផ្ទៃស្នើឲ្យពិនិត្យឡើងវិញករណីផ្កាយ៣ម្នាក់ធ្វើតេស្តមានសារធាតុញៀន

លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឯកភាពឲ្យពិនិត្យឡើងវិញលើករណីលោកឧត្តមសេនីយឯកម្នាក់ឈ្មោះយិន គារដែលបដិសេធថា ខ្លួនមិនដែលពាក់ព័ន្ធនឹងគ្រឿងញៀនទាល់តែសោះ ស្រាប់តែធ្វើតេស្តរកឃើញមានសាធាតុញៀននៅក្នុងខ្លួនទៅវិញ។ ការបញ្ជាឲ្យពិនិត្យឡើងវិញនេះធ្វើឡើង បន្ទាប់ពីមានលិខិតស្នើសុំអន្តរាគមន៍ពីសាមីខ្លួនផ្ទាល់ដែលអះអាងពីការគ្មានជាប់ពាក់ព័ន្ធជាមួយគ្រឿងញៀនទេ។

ក្រសួងមហាផ្ទៃស្នើឲ្យពិនិត្យឡើងវិញករណីផ្កាយ៣ម្នាក់ធ្វើតេស្តមានសារធាតុញៀន
ក្រសួងមហាផ្ទៃស្នើឲ្យពិនិត្យឡើងវិញករណីផ្កាយ៣ម្នាក់ធ្វើតេស្តមានសារធាតុញៀន © ក្រសួងមហាផ្ទៃ
ផ្សាយពាណិជ្ជកម្ម

តាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុខៈ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានចាឯកភាពឲ្យពិនិត្យឡើងវិញលើករណីឧត្តមសេនីយឯក យិន គារ តែត្រូវរង់ចាំអគ្គនាយកដ្ឋានជំនាញផ្តល់យោបល់មកកាន់ក្រសួងមហាផ្ទៃជាមុនសិន មុននឹងសម្រេចលើករណីនេះ។ ការទុកពេលឲ្យពិនិត្យឡើងវិញលើករណីសង្ស័យមានសារធាតុញៀនក្នុងខ្លួនផ្កាយ៣រូបនេះត្រូវបាន លោក ទូច សុខៈ ចាត់ទុកជាគុណធម៌មួយ និងថា រាល់ការសម្រចចិត្តនានាគឺផ្អែកលើហេតុផលត្រឹមត្រូវ និងមិនធ្វើដូចផ្តាច់ការនោះឡើយ។

 

សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ មីនា លោក យិន គារ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍បានដាក់លិខិតមួយទៅកាន់ក្រសួងមហាផ្ទៃ បន្ទាប់ពីលទ្ធផលនៃការធ្វើតេស្តបង្ហាញថា រូបលោកមានសារធាតុញៀន។ ឧត្តមសេនីយ៍ផ្កាយ៣រូបនេះបានអះអាងនៅក្នុងលិខិតថា នៅថ្ងៃទី២៣ មករា លោកបានយកទឹកមូតចេញពីបន្ទប់ទឹកទៅឲ្យក្រុមការងារដោយមិនបានបិទលេខកូដដោយខ្លួនឯងទេ ពោលពឹងក្រុមការងារឲ្យបិទលេខកូដជំនួស។ នៅពេលនោះ រូបលោកប្រញាប់ចូលទៅបន្ទប់ធ្វើការវិញ ដោយមិនបានឃើញលទ្ធផលដោយផ្ទាល់ថាមានសារធាតុញៀននោះដែរ។

គឺទើបនៅមួយថ្ងៃក្រោយមកដែលប្រធាននាយកដ្ឋានរដ្ឋបាលបានមកជួបលោក និងប្រាប់ពីលទ្ធផលនៃការធ្វើតេស្តថា មានវិជ្ជមានសារធាតុញៀនក្នុងខ្លួន ហើយក៏បានធ្វើតេស្ត២ដងទៀត និងស្រាប់តែមានលទ្ធផលអវិជ្ជមានទៅវិញ។ ទោះជាយ៉ាងណា នៅថ្ងៃទី១១ មីនា លោកបែរជាទទួលបានព័ត៌មានថា រូបលោកត្រូវបានអង្គភាពជំនាញរាយការណ៍ជូនថ្នាក់ដឹកនាំពីការមានសារធាតុញៀនក្នុងខ្លួនដែលត្រូវដាក់វិន័យបកស័ក្តិ និងអនុវត្តច្បាប់ទៅវិញ។

សូមបញ្ជាក់ថា នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត បានដាក់បញ្ជាឲ្យក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិបណ្ដេញចេញនគរបាល ឬយោធាណាដែលរកឃើញមានផ្ទុកសារធាតុញៀនក្នុងខ្លួនដោយសង្កត់ធ្ងន់ថា បញ្ហាគ្រឿងញៀនគួរត្រូវបានដោះស្រាយដោយផ្ដើមចេញពីអ្នកអនុវត្តច្បាប់មុនគេ។

 

លោក ហ៊ុន ម៉ាណែត បានថ្លែងកាលពីខែធ្នូ ឆ្នាំ២០២៣ថា នៅអំឡុងឆ្នាំ ២០១៩ លោកធ្លាប់បានបណ្តេញកងទ័ពដែលពាក់ព័ន្ធគ្រឿងញៀនចេញពីក្របខ័ណ្ឌចំនួន ៤៨ នាក់។ មួយវិញទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំមកទៀត អគ្គបញ្ជាការដ្ឋានកងទ័ពជើងគោកក៏បានបណ្តេញចេញចំនួន ៨០នាក់ទៀត។

 តាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅក្នុងយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនកន្លងមកនេះ មាននគរបាលជិត៥០នាក់ត្រូវបានបណ្តេញចេញពីក្របខណ្ឌ និងត្រូវបានបកស័ក្តិពីលើស្មាជាបន្តបន្ទាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ