អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ហ៊ុន ម៉ាណែត ឲ្យបន្តយកចិត្តទុកដាក់ផ្នែកសុខាភិបាល ខណៈអ្នកទៅព្យាបាលក្រៅប្រទេសថយចុះ

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃពុធ ទី១៣មីនានេះ បានដាក់បញ្ជាឲ្យក្រសួងសុខាភិបាល បន្តយកចិត្តទុកដាក់ការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។ បទបញ្ជារបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ធ្វើឡើងនាពេលដែលលោកទៅសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យតេជោសែនកោះធំ ក្នុងខេត្តកណ្តាល ខណៈដែលលោកអះអាងថា ពលរដ្ឋខ្មែរទៅព្យាបាលនៅក្រៅប្រទេសនៅមានចំនួនតិចតួចប៉ុណ្ណោះ។

លោក ហ៊ុន ម៉ាណែត ថតរូបជាមួយក្រុមគ្រូពេទ្យ
លោក ហ៊ុន ម៉ាណែត ថតរូបជាមួយក្រុមគ្រូពេទ្យ © STPM
ផ្សាយពាណិជ្ជកម្ម

ថ្លែងនៅចំពោះមុខមន្ត្រីរាជការក្នុងវិស័យសុខាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា គណបក្សប្រជាជនកម្ពុជាដែលឈ្នះការបោះឆ្នោត គឺបាននិងកំពុងបន្តអនុវត្តគោលនយោបាយរបស់ខ្លួនដោយគ្មានការ​ភូតកុហក់នោះឡើយ។ ក្នុងនោះវិស័យសុខាភិបាល ត្រូវបានប្រមុខរដ្ឋាភិបាលចាត់ទុកថា ជាវិស័យអាទិភាពរបស់រដ្ឋាភិបាល ដើម្បីថែទាំសុខាមាលភាពរបស់ប្រជាពលរដ្ឋ។

តាមលោក ហ៊ុន ម៉ាណែត មូលធនមនុស្ស គឺទាមទារឱ្យមានសុខភាពល្អ។ ការលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ គឺជានយោបាយអាទិភាពមួយរបស់រដ្ឋាភិបាលនីតិកាលថ្មី។ ប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះ បានអះអាងទៀតថា ការផ្តល់សេវាសុខាភាពល្អទៅបាន គឺអាស្រ័យទៅលើមន្ទីរពេទ្យ និងគុណភាពរបស់គ្រូពេទ្យ នៅគ្រប់ថ្នាក់។

ជាការកត់សម្គាល់ ការថ្លែងរបស់ប្រមុខរដ្ឋាភិបាល ដោយបញ្ជាឲ្យមានការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ ធ្វើឡើងនាគ្រាដែលប្រជាពលរដ្ឋមួយចំនួន បានបង្ហាញពីក្តីកង្វល់នៃគុណភាពព្យាបាលក្នុងស្រុក ដោយអ្នកមានលទ្ធភាពមួយចំនួន ជ្រើសយកសេវាថែទាំ និងត្រួតពិនិត្យសុខភាពនៅក្រៅប្រទេស។

ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានអះអាងថា ពលរដ្ឋខ្មែរដែលទៅព្យាបាលនៅក្រៅប្រទេសមានចំនួនតិចតួចប៉ុណ្ណោះ។  ដោយផ្ទុយមកវិញ លោកថា ប្រជាពលរដ្ឋខ្មែរ បានជ្រើសរើសការព្យាបាលជាមួយមន្ទីរពេទ្យក្នុងស្រុក មានចំនួនរាប់លាននាក់។

តាម លោក ហ៊ុន ម៉ាណែត បុគ្គលិកមន្ទីរពេទ្យនៅកម្ពុជាគឺមានសមត្ថភាព និងជំនាញគ្រប់គ្រាន់ តែលោកទទួលស្គាល់ថានៅខ្វះខាតតែផ្នែកឧបករណ៍ទំនើបៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ