អានតួអត្ថបទ
កម្ពុជា-សង្គម

តុលាការចេញដីការឹបអូសទ្រព្យសម្បត្តិរោងចក្រ Y&W ក្រោយថៅកែរត់ចោលមិនទូទាត់ប្រាក់ឈ្មួលជូនកម្មករ

តុលាការសម្រេចចេញដីការឹបអូសទ្រព្យសម្បត្តិរបស់រោងចក្រវ៉ាយ&ដាប់បែលយូហ្គាមេន(Y&W Garment)ជាបណ្តោះអាសន្ន ក្រោយថៅកែរោងចក្រប្រកាសក្ស័យធន និងមិនព្រមទូទាត់ប្រាក់ខែជូនកម្មករ។ ការចេញដីការឹបអូសរបស់តុលាការនេះទៀតសោធ ធ្វើឡើងបន្ទាប់ពីក្រសួងការងារកាលពីថ្ងៃទី០៩ មីនា ប្តឹងក្រុមហ៊ុននេះទៅតុលាការ ដើម្បីស្នើសុំដីការចាត់ចែងរក្សាការពារទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន និងលក់ឡៃឡុងទ្រព្យសម្បតិ្តរោងចក្រសម្រាប់ទូទាត់ប្រាក់ខែជូនកម្មករ ដែលរងគ្រោះប្រមាណ ៤ ៥០០នាក់។

កម្មកររោងចក្រY&W ចេញមកតវ៉ាក្រោយទទួលដំណឹងថា ថៅកែរោងចក្រប្រកាសបិទទ្វារ និងមិនព្រមទូទាត់សងប្រាក់ឈ្មួលនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតកាលពីថ្ងៃទី០៩ ខែមីនា
កម្មកររោងចក្រY&W ចេញមកតវ៉ាក្រោយទទួលដំណឹងថា ថៅកែរោងចក្រប្រកាសបិទទ្វារ និងមិនព្រមទូទាត់សងប្រាក់ឈ្មួលនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតកាលពីថ្ងៃទី០៩ ខែមីនា © សង់ត្រាល
ផ្សាយពាណិជ្ជកម្ម

 

ដីកាសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១២ ខែមីនា ឆ្នំា២០២៤ បានឱ្យដឹងថាតុលាការសម្រេចរឹបអូសជាបណ្តោះអាសន្ននូវទ្រព្យសម្បត្តិ សម្ភារៈ និងភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុន Y&W Garment និងតម្រូវឱ្យចៅកែក្រុមហ៊ុនផ្ញើប្រាក់ប្រមាណ ៣,២លានដុល្លារអាមេរិក ជាប្រាក់រំដោះការលុបចោលដីការឹបអូសបណ្តោះអាសន្ន។

ការបង្គាប់ឱ្យម្ចាស់ក្រុមហ៊ុនផ្ញើលុយជាង ៣,២លានដុល្លារនេះ បើតាមការបញ្ជាក់ពីតុលាការ គឺជាចំនួនទឹកប្រាក់ដែលថៅកែក្រុមហ៊ុនត្រូវទូទាត់សងទៅកាន់កម្មកររោងចក្រចំនួនជាង ៤ ៥០០នាក់។ ប្រាក់ដែលត្រូវទូទាត់សងកម្មករនោះរួមមានប្រាក់ឈ្នួលលើកទី២នៃខែកុម្ភៈ ប្រាក់បំណាច់ជួសការឈប់សម្រាកប្រចាំឆ្នាំ ប្រាក់ជួសការជូនដំណឹងមុន និងប្រាក់បំណាច់អតីតភាពការងារក្នុងឆមាសទី១ ឆ្នាំ២០២៤។

តាមតុលាការ ប្រសិនបើភាគីថៅកែមិនព្រមចូលខ្លួនមកដោះស្រាយ ឬផ្ញើប្រាក់ដើម្បីរំដោះដីការឹបអូសទ្រព្យសម្បត្តិទេនោះ នីតិវិធីលក់ឡៃឡុងនឹងចាប់ផ្តើមតាមការស្នើសុំរបស់ម្ចាស់បំណុលដែលជាក្រសួងការងារ។ 

គួរកត់សម្គាល់ដែរថា ក្រោយតុលាការចេញដីការរឹបអូសទ្រព្យក្រុមហ៊ុនរួច ក្រសួងការងារនៅថ្ងៃទី១២ ខែមីនាដដែលក៏បានចេញសេចក្តីជូនដំណឹងមួយស្តីពីដំណោះស្រាយដល់កម្មកររោងចក្រវ៉ាយ&ដាប់បែលយូ។

ដំណោះស្រាយនៅចំពោះមុខ គឺក្រសួងការងារអះអាងថា ខ្លួនបានបញ្ចូនមជ្ឈមណ្ឌលការងារចល័តនៃទីភ្នាក់ងារជាតិមុខរបរ និងការងារទៅផ្តល់ការងារថ្មីជូនកម្មកររោងចក្រ និងស្នើឱ្យម្ចាស់ផ្ទះជួលទាំងអស់ពន្យារពេលយកថ្លៃឈ្នួលផ្ទះក្នុងអំឡុងពេលកម្មកររង់ចាំប្រាក់ឈ្នួល។ ចំណែកការប្រើប្រាស់បណ្ណបេឡាជាតិសន្តិសុខសង្គម(ប.ស.ស)វិញ ក្រសួងការងារបញ្ជាក់ថា កម្មករទាំងអស់អាចបន្តទទួលបានអត្ថប្រយោជន៍រហូតដល់៣ខែទៀត។ ​

សូមជម្រាបជូនថា កាលពីថ្ងៃទី០១ មីនា ថៅកែរោងចក្រវ៉ាយ&ដាប់បែលយូបានជូនដំណឹងដល់កម្មករថា រោងចក្រនឹងបិទទ្វារទាំងស្រុង និងពុំមានលទ្ធភាពទូទាត់ប្រាក់សំណងជូនកម្មករទាំងអស់បានឡើយ។ នាពេលនោះ ភាគីរោងចក្រអះអាងថា ខ្លួនមិនអាចបន្តចង្វាក់ផលិតកម្មបានទៀតឡើយដោយហេតុថា រោងចក្រកំពុងជួបបញ្ហាបំណុលធ្ងន់ធ្ងរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ