អានតួអត្ថបទ

លោក ហ៊ុន ម៉ាណែត ​មិនជឿ​ថា​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ល្ងង់​ទៅ​រិះគន់​រឿង​ព្រែកជីក​ហ្វូណន

ឆ្លើយតប​ទៅនឹង​ការផ្សព្វផ្សាយ​របស់​វិទ្យុមួយ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​​មិនជឿថា​មានមន្ត្រី​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​កម្ពុជា ដែលមិនយល់​ពី​ហេតុផល​នៃ​ការ​កសាង​ព្រែកជីក​ហ្វូណន​ទេ​។ ការថ្លែង​របស់លោក​នាយករដ្ឋមន្ត្រី​ដូច្នេះ ​ធ្វើឡើង​អំឡុងពេល​ដែល​លោក​ចុះពិនិត្យ​ការសាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​តេជោ ​ស្ថិតនៅ​ក្នុង​​ស្រុក​កណ្តាលស្ទឹង ​ខេត្ត​កណ្តាល ​នាថ្ងៃ​អង្គារ ​ទី​១២​ ខែ​មីនា ​ឆ្នាំ​២០២៤​នេះ​។

គម្រោងសិក្សារបស់ក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងការកសាងព្រែកជីកហ្វូណនតេជោ
គម្រោងសិក្សានៃការកសាងព្រែកជីកហ្វូណនតេជោ © MoT
ផ្សាយពាណិជ្ជកម្ម

ជាថ្មីម្តងទៀត ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​បានហៅការ​ផ្សាយរបស់​វិទ្យុមួយ​ដែលលោក​មិនបញ្ចេញ​ឈ្មោះថាទី១ ​ជាការ​លាបពណ៌​ដល់មន្ត្រីរបស់​លោក និង​ទី២ លោកមិនជឿថា​មានមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ដែលមិនយល់​ហេតុផល ​ខណៈមានការ​លើកឡើងថា​កម្ពុជាជំពាក់លុយ​គេវ័ណ្ឌក ​និង​ឥតប្រយោជន៍​ពាក់ព័ន្ធនឹង​ការសាងសង់​ព្រែកជីក​ហ្វូណន​។

សូមរំលឹកថាកាលពីខែ​ធ្នូ ឆ្នាំទៅ លោក គឹម សុខ ​អ្នកវិភាគ​នយោបាយ និង​សង្គមនៅប្រទេស​ហ្វាំងឡង់​ បានលើកឡើង​​ថា​កម្ពុជានឹងរង​នូវការខាតបង់​អធិបតេយ្យភាព​ជាមួយវៀតណាម​។ តាមលោក ​គឹម សុខ កម្ពុជា​ក៏នឹងជាប់​អន្ទាក់ជាមួយ​ចិនដែរ​ ជុំវិញបំណុលដែលយកមកសាងសង់​ព្រែកជីកនេះ​ ក្នុងនោះមាន​អន្ទាក់ភូមិសាស្ត្រ​នយោបាយ និង​អន្ទាក់សេដ្ឋកិច្ច​ជាដើម។

ក៏ប៉ុន្តែ​លោក ហ៊ុន ម៉ាណែត ​ពន្យល់ថា​រដ្ឋាភិបាលកម្ពុជា​មិនបាន​ខ្ចីលុយគេ​មកធ្វើព្រែកជីក​នេះទេ ​ពោលជាគម្រោង ​BOT ដែល​ក្រុមហ៊ុនឯកជន​ជាអ្នកខ្ចី​ហើយយកមក​វិនិយោគជីកព្រែក ​ដើម្បីធ្វើ​អាជីវកម្ម​រកប្រាក់ចំណេញ ​ដូចជាករណី​ផ្លូវល្បឿនលឿន ​និង​ព្រលានយន្តហោះ​ដែរ​។

សូម​បញ្ជាក់ថា​គម្រោងព្រែកជីក​ហ្វូណនតេជោ​ នឹងត្រូវសាងសង់​ឡើងរយៈពេល៤ឆ្នាំ ​ដោយក្រុមហ៊ុន​សាជីវកម្មស្ពាន​ថ្នល់ចិន។​ ការសាងសង់​នឹងចាប់ផ្តើម​ពីឆ្នាំ ២០២៤ ​និងចំណាយថវិកា​ចំនួន ១,៧​ពាន់លានដុល្លារ។​ គម្រោងនេះមានប្រវែង ​១៨០គីឡូម៉ែត្រ ចាប់ពី​ព្រែកតាកែវ ​នៃទន្លេមេគង្គ ​ឆ្លងកាត់តាមព្រែក​តាឯក ព្រែកតាហ៊ីង​នៃទន្លេបាសាក់ ​ស្រុកកោះធំ ​និងបន្តរហូត​ដល់សមុទ្រខេត្ត​កែប ដោយឆ្លងកាត់​ខេត្តចំនួន៤ គឺ​ខេត្តកណ្តាល ​តាកែវ កំពត​ និងខេត្ត​កែប ដែលមាន​ប្រជាជនសរុប​ ១,៦លាននាក់ ​រស់នៅអម​សងខាងផ្លូវទឹក​នេះ​។

ជាមួយគ្នានេះ​ លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​បានបញ្ជាក់​បន្ថែមថា ​កម្ពុជា​នឹងទាញបាន​នូវសក្តានុពល​ធំធេង​ពីព្រែកជីក​នេះ ​ដូចជា​ការធ្វើរោងចក្រ ​និង​ផ្តល់អត្ថប្រយោជន៍​ដល់ប្រជាជន​ដែលរស់នៅ​តាមដង​ព្រែកជីក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ