អានតួអត្ថបទ
កម្ពុជា-សង្គម

កម្មកររោងចក្រY&W ផ្ទុះការតវ៉ាក្រោយរោងចក្រប្រកាសបិទទ្វារ និងមិនទូទាត់ប្រាក់ខែ

នៅព្រឹកថ្ងៃទី០៩ មីនា កម្មកររោងចក្រវ៉ាយ&ដាប់បែលយូជាង២ពាន់នាក់បានប្រមូលផ្តុំគ្នាតវ៉ានៅពីមុខរោងចក្រដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីក្រសួងការងារ ក្រោយថៅកែរោងចក្រប្រកាសបិទទ្វារ និងនៅមិនទាន់ទូទាត់ប្រាក់សំណងជូនកម្មករឱ្យស្របតាមច្បាប់ការងារ។ ការទាមទារនេះបានធ្វើឡើងក្រោយភាគីរោងចក្រអះអាងថា ខ្លួនពុំមានលទ្ធភាពបង់សងប្រាក់ឈ្មួល និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀតជូនកម្មករ។ 

កម្មកររោងចក្រ Y&W ដង្ហែរក្បួនតវ៉ានៅមុខរោងចក្ររបស់ខ្លួន ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីក្រសួងការងារ ក្រោយថៅកែរោងចក្រប្រកាសបិទទ្វារ
កម្មកររោងចក្រ Y&W ដង្ហែរក្បួនតវ៉ានៅមុខរោងចក្ររបស់ខ្លួន ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីក្រសួងការងារ ក្រោយថៅកែរោងចក្រប្រកាសបិទទ្វារ © សង់ត្រាល់
ផ្សាយពាណិជ្ជកម្ម

លោក ផាន បូរី ប្រធានសហជីពប្រចាំរោងចក្រវ៉ាយ&ដាប់បែលយូ (Y&W) បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា មានកម្មករជាង២៦០០នាក់បានផ្តិតមេដៃលើពាក្យបណ្តឹងមួយដើម្បីផ្ញើទៅកាន់ក្រសួងការងារឱ្យជួយចាត់វិធានការលើករណីបិទរោងចក្រនេះ។

តាមលោក ផាន បូរី បណ្តឹងនោះត្រូវបានកម្មករទាមទារឱ្យភាគីរោងចក្រទូទាត់ប្រាក់ខែលើកទី២សម្រាប់ខែកុម្ភៈដែលភាគីរោងចក្រមិនទាន់បើកជូនកម្មករ រួមនឹងការទូទាត់ប្រាក់អតីតភាព ប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំ ប្រាក់ជួសការជូនដំណឹងជាមុន និងប្រាក់សងជម្ងឺចិត្ត។ 

ប្រធានសហជីពរូបនេះដដែលបានបន្ថែមថា ពាក្យបណ្តឹងដែលផ្ញើទៅកាន់ក្រសួងការងារត្រូវបានតំណាងក្រសួងទទួលយករួចហើយ និងថា ក្រុមការងាររបស់ក្រសួងកំណត់យកថ្ងៃចន្ទ ទី១១ ខែមីនាដើម្បីជួបពិភាក្សាជាមួយតំណាងនិយោជក និងនិយោជិក។

ជុំវិញរឿងនេះ វិទ្យុបារាំងអន្តរជាតិមិនអាចសុំការឆ្លើយបំភ្លឺពីលោក កត្តា អន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាននៅឡើយទេនៅព្រឹកថ្ងៃទី០៩ មីនានេះ។ តែយ៉ាងណា ប្រធានសហជីពលោក ផាន បូរី រំពឹងថា ក្រសួងការងារនឹងជួយដោះស្រាយបញ្ហាប្រឈមរបស់កម្មករ ពិសេសជួយរក្សាផលប្រយោជន៍របស់កម្មកររងគ្រោះទាំងអស់គ្នា។ 

គួរជម្រាបជូនថា កាលពីថ្ងៃទី០១ មីនា ថៅកែរោងចក្រវ៉ាយ&ដាប់បែលយូបានជូនដំណឹងដល់កម្មករថា រោងចក្រនឹងបិទទ្វារទាំងស្រុងដោយសារពុំមានលទ្ធភាពបន្តចង្វាក់ផលិតកម្មរបស់ខ្លួនបានទៀតឡើយ។ ការបិទទ្វារត្រូវបានភាគីរោងចក្របញ្ជាក់ថា ខ្លួនមានបញ្ហាបំណុល និងមានភាពជាប់គាំងនៃការបញ្ជាទិញពីបរទេស។

កន្លងមក តំណាងសហជីពរបស់រោងចក្រវ៉ាយ&ដាប់បែលយូ បានស្នើឱ្យភាគីនិយោជកបំភ្លឺលើករណីកាត់បន្ថយកម្មករជាង១ពាន់នាក់ក្នុងរយៈពេល៣ខែចុងក្រោយនេះ និងការមិនចេញមុខដោះស្រាយវិវាទការងារក្នុងរោងចក្រជាដើម។ តែសំណើទាំងនេះមិនត្រូវបានភាគីនិយោជកអើពើ និងថែមបានប្រកាសបិទទ្វាររោងចក្រតែម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ