សមាជិកសភាអូស្ត្រាលី ព្រមានមេដឹកនាំកម្ពុជាមិនឱ្យលូកលាន់សកម្មភាពតវ៉ារបស់ពលរដ្ឋខ្មែរនៅអូស្តា្រលី
សមាជិកសភាសហព័ន្ធអូស្ត្រាលីលោក Julian Hill បានព្រមានមកកាន់មេដឹកនាំកម្ពុជាមុនកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី ថា មិនត្រូវធ្វើសកម្មភាពបំភិតបំភ័យដល់ពលរដ្ឋខ្មែរសញ្ជាតិអូស្រ្តាលីដែលកំពុងចេញមកតវ៉ានោះទេ។ ការព្រមានពីសមាជិកសភារូបនេះ ធ្វើឡើងក្រោយពលរដ្ឋខ្មែររស់នៅអូស្ត្រាលីមួយចំនួនអះអាងពីករណីតាមឃ្លាំមើលដោយអ្នកគាំទ្ររបស់បក្សកាន់អំណាច និងក្តីកង្វល់ពីការសងសឹកចំពោះសកម្មភាពតស៊ូមតិរបស់ពួកគេនៅក្រៅប្រទេស។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៤០
លោក Julian Hill បានថ្លែងប្រាប់សារព័ត៌មានរបស់រដ្ឋាភិបាលអូស្ត្រាលីABC Newsថា ទីភ្នាក់ងារស៊ើបអង្កេតការណ៍សម្ងាត់ និងប៉ូលីសអូស្ត្រាលីកំពុងតាមដានក្រុមគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងដិតដល់ ដើម្បីឃ្លាំមើលពីសកម្មភាពគំរាមកំហែងទៅកាន់ក្រុមអ្នកតវ៉ាប្រឆាំងនឹងវត្តមានរបស់លោក ហ៊ុន ម៉ាណែតនៅអូស្ត្រាលី។
តាមសមាជិកសភារូបនេះ រដ្ឋាភិបាលអូស្ត្រាលី នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹង ចំពោះបុគ្គលណាដែលពាក់ព័ន្ធនឹងការបំភិតបំភ័យក្រុមអ្នកតវ៉ា ដោយលោកយល់ថា ការចេញតវ៉ារបស់សហគមន៍ខ្មែររស់នៅប្រទេសអូស្តា្រលី គឺជាសិទ្ធិក្នុងការបញ្ចេញមតិ និងសិទ្ធិធ្វើបាតុកម្ម។
ចំណែក អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណាមិនបានប្រតិកម្មទៅនឹងអ្វីដែលសមាជិកសភាសហព័ន្ធអូស្ត្រាលីព្រមានឡើយ។ តាមការបញ្ជាក់មកវិទ្យុបារាំងអន្តរជាតិRFIនៅព្រឹកថ្ងៃទី០៤ មីនា លោក ប៉ែន បូណាអះអាងថា ពលរដ្ឋ គាំទ្រវត្តមានរដ្ឋាភិបាលមិនបាននិយាយអ្វីប៉ះពាល់ដល់ក្រុមអ្នកប្រឆាំងនោះទេ។
ផ្ទុយមកវិញ លោកសង្កេតឃើញក្រុមអ្នកប្រឆាំងវត្តមានរបស់ប្រមុខរដ្ឋាភិបាលទេ ដែលបំពានមកលើក្រុមអ្នកគ្រាំទ្រ និងដោយបានចោទរដ្ឋាភិបាលថា បានជួលមនុស្សមកសម្តែងផង។ ទង្វើទាំងនេះ សម្រាប់លោក ប៉ែន បូណា គឺជាការចោទប្រកាន់ទាំងបំពានដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរអ្នកគាំទ្ររាជរដ្ឋាភិបាល។ តាមអ្នកនាំពាក្យរូបនេះ មានតែរដ្ឋាភិបាលអូស្ត្រាលីប៉ុណ្ណោះដែលដឹងច្បាស់។
សូមរំលឹកថា កាលពីថ្ងៃទី០២ មីនា ប្រជាពលរដ្ឋខ្មែរមួយចំនួនរស់នៅប្រទេសអូស្ត្រាលីបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅពីមុខវិមានរដ្ឋសភាអូស្ត្រាលី ប្រឆាំងនឹងវត្តមានរបស់ លោក ហ៊ុន ម៉ាណែតដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលីដែលចាប់ផ្តើមពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ មីនា។
កម្មវត្ថុនៃការធ្វើបាតុកម្ម ពលរដ្ឋខ្មែរទាំងនោះជំរុញឱ្យរដ្ឋាភិបាលកម្ពុជាស្តារលទិ្ធប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ដោះលែងអ្នកទោសនយោបាយ និងបើកលំហរសេរីភាពបញ្ចេញមតិនៅកម្ពុជា។
កាលពីយប់ថ្ងៃអាទិត្យ ទី០៣ មីនា លោក ហ៊ុន ម៉ាណែតបានជួបសំណេះសំណាលជាមួយសហគមន៍ពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវ៉ែលសេឡង់ ដែលពួកគេសុទ្ធសឹងជាអ្នកគាំទ្រលោក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ