អានតួអត្ថបទ
កម្ពុជា-កសិកម្ម

អ្នកជំនាញចង់ឲ្យមានការទប់ស្កាត់ការលក់លាមកសត្វទៅវៀតណាម

សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ជំរុញឱ្យរដ្ឋាភិបាលបង្កើតរោងចក្រផលិត និងកែច្នៃជីធម្មជាតិដើម្បីបំពេញតម្រូវការរបស់កសិករក្នុងស្រុក និងទប់ស្កាត់ការលក់លាមកសត្វ គោ ក្របី ទៅឲ្យវៀតណាម។ ការជំរុញនេះ ធ្វើឡើងក្រោយសមាគម សង្កេតឃើញថា កសិករខ្មែរត្រូវចំណាយថ្លៃដើមខ្ពស់ក្នុងការទិញជីពីក្រៅប្រទេស ដែលជីទាំងនោះមានប្រភពដើមពីការលក់លាមកគោក្របីរបស់កសិករខ្មែរទៅឲ្យវៀតណាមក្នុងតម្លៃថោក។

ពលរដ្ឋនាំគ្នាប្រមូលលាមកសត្វច្រកចូលការ៉ុងសម្រាប់ដឹកចេញទៅប្រទេសវៀតណាម
ពលរដ្ឋនាំគ្នាប្រមូលលាមកសត្វច្រកចូលការ៉ុងសម្រាប់ដឹកចេញទៅប្រទេសវៀតណាម © AKP
ផ្សាយពាណិជ្ជកម្ម

ថ្លែងមកវិទ្យុបារាំងអន្តរជាតិRFIនៅថ្ងៃទី២៧​ មករា លោកថេង សាវឿន ស្នើរដ្ឋាភិបាលកៀរគរអ្នកវិនិយោគលើសិប្បកម្មកែច្នៃផលិតជីធម្មជាតិឱ្យបានច្រើន មិនថាសិប្បកម្មខ្នាតតូច ឬមធ្យមដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ ម្យ៉ាង ដើម្បីផលិតលក់ឱ្យពលរដ្ឋខ្មែរក្នុងតម្លៃសមរម្យក្រោមទីផ្សារ បើធៀបនឹងតម្លៃជីធម្មជាតិនាំចូលពីបរទេស។

បើតាមប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជារូបនេះ ការដែលកម្ពុជាមានរោងចក្រកែឆ្នៃ និងផលិតជីធម្មជាតិដោយខ្លួនឯង នឹងចូលរួមចំណែកបង្កើតការងារនិងប្រាក់ចំណូលដល់ពលរដ្ឋតាមរយៈការប្រមូលទិញលាមកគោ ក្របី ឬវត្ថុធាតុដើមផ្សេងៗយកទៅផលិត។  

សម្រាប់លោក ថេង សាវឿន កម្ពុជាហាក់ដូចជាចាញ់ប្រៀបវៀតណាមលើការផលិតជីធម្មជាតិសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម។ ចាញ់ប្រៀបត្រង់ថា វៀតណាមមកប្រមូលទិញលាមកគោ ក្របីពីពលរដ្ឋខ្មែរក្នុងតម្លៃថោក រួចផលិតជាជីធម្មជាតិដើម្បីលក់មកឱ្យពលរដ្ឋខ្មែរវិញក្នុងតម្លៃខ្ពស់។ ម្ល៉ោះហើយ លោកថេង សាវឿន លើកទឹកចិត្តឱ្យមានការផលិតជីដោយខ្លួន​ឯង គឺដើម្បីរក្សាផលប្រយោជន៍របស់កសិករ។ 

គួរបញ្ជាក់ថា នៅរៀងរាល់​រដូវប្រាំង ប្រជាពលរដ្ឋខ្មែររស់តាមបណ្តាខេត្តជិតព្រំដែនវៀតណាមដូចជា ខេត្តស្វាយរៀង កំពត ព្រៃវែង បាននាំគ្នាប្រមូលលាមកគោក្របីស្ងួត លក់ឱ្យឈ្មួញខ្មែរ និងវៀតណាម ដើម្បីដឹកចេញទៅវៀតណាមជារៀងរាល់ថ្ងៃ។ តាមពលរដ្ឋ លាមកគោក្របីស្ងួតក្នុងមួយការ៉ុងដែលមានទម្ងន់១៧គីឡូ ពួកគេអាចលក់បានតម្លៃ២៥០០រៀល ហើយកសិករខ្លះអាចប្រមូលលាមកគោក្របីលក់បានពី៥០ទៅ១៥០ការ៉ុងក្នុងមួយខែ ដោយគិតជាទឹកប្រាក់ ចន្លោះពី១២ម៉ឺនរៀល ដល់៣៧ម៉ឺនរៀល៕  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ