អានតួអត្ថបទ

សមត្ថកិច្ច​ចាប់បាន​គ្រឿងញៀន​ជិត​៣តោន ​ក្នុង​រយៈពេល​មិនដល់​១​សប្តាហ៍

គ្រឿងញៀន​សរុប​ជិត​៣តោន ​ត្រូវសមត្ថកិច្ច​បង្ក្រាបបាន​នៅតាម​ទីតាំង​ផ្សេង​ៗគ្នា ​ក្នុងរយៈពេល​មិនដល់មួយ​សប្តាហ៍​។ ជា​ការកត់សម្គាល់ ​ការ​បង្ក្រាប​គ្រឿងញៀន​ដ៏ច្រើន​សន្ធឹកសន្ធាប់​នៅក្នុង​រយៈពេល​ដ៏ខ្លី​នេះបញ្ជាក់ពី​ករណីជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ ​ក្នុងនោះ ​សមត្ថកិច្ច​រឹបអូស​បាន​នៅ​ខេត្ត​ព្រះសីហនុ​ចំនួនជាង ​១,៥​តោន និង​នៅខេត្ត​ព្រះវិហារ​បាន​ជាង ​១​តោន​ផ្សេង​ទៀត​។

គ្រឿងញៀនខ្ចប់ជាកញ្ចប់ៗចំនួនជាង ២តោន ដែលសមត្ថកិច្ចរិបអូសបានពីទីតាំចំនួន២នៅក្នុងប្រទេសកម្ពុជា
គ្រឿងញៀនខ្ចប់ជាកញ្ចប់ៗចំនួនជាង ២តោន ដែលសមត្ថកិច្ចរិបអូសបាន © FB
ផ្សាយពាណិជ្ជកម្ម

ការ​រឹបអូស​បាន​គ្រឿងញៀន​សរុបជិត ​៣តោន​ ដោយ​ប៉ូលីស​ប្រឆាំងគ្រឿងញៀន ​និង​កងរាជអាវុធហត្ថ​ក្នុងរយៈពេល​ដ៏ខ្លី​ជាករណី​ជួញដូរទ្រង់ទ្រាយ​ធំ​ទី​១នៅឆ្នាំ២០២៤នេះ​ ដែល​ជនល្មើស​បានដឹកតាម​ផ្លូវទឹក​លើលំហ​សមុទ្រពី​ប្រទេសឡាវ​ទៅកាន់កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី​២២ ខែមករា​កន្លងទៅ​។ ជនបរទេស​ចំនួន​៥នាក់ ​ក្នុងនោះ​មាន​ចិនដីគោក​២នាក់ ​តៃវ៉ាន់​២នាក់ ​និង​ជនជាតិ​ហ្វិលីពីន​១​នាក់ ត្រូវបាន​ចាប់ខ្លួន​ជាមួយនឹង​គ្រឿងញៀន​ជាង ​១,៥តោន​ នៅខេត្ត​ព្រះសីហនុ​ក្នុងថ្ងៃ​ទី​២២ ​មករា​។

ដោយឡែក​កាលពីថ្ងៃទី​២០ ខែ​មករា កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​បានរឹបអូស​គ្រឿងញៀន​ជាង​១​តោន ដែលជនល្មើស​យកទៅប្លុងចោល​ក្នុង​រថយន្តមួយគ្រឿង​នៅក្នុង​ស្រុកជ័យសែន​ ខេត្ត​ព្រះវិហារ។ ​តែមិនមាន​មេខ្លោង​ណាម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​បានភ្លាមៗ​ទេ ពោល​ដោយបាន​ត្រឹមបើកការស៊ើប​អង្កេតបន្ទាន់ ​និង​ឃាត់ខ្លួន​ជនសង្ស័យដែល​ពាក់ព័ន្ធ​មួយចំនួន​។ នេះបើតាម​នាយឧត្តមសេនីយ៍​ មាស វីរិទ្ធ ​អគ្គលេខាធិការ​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។

ករណីមួយនេះ​ក៏ត្រូវបាន​សមត្ថកិច្ច​បញ្ជាក់ថា​ជាការ​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយធំ​ ដែលមាន​ប្រភពចេញ​ពីប្រទេស​ឡាវ​ដោយឆ្លងកាត់​ខេត្ត​ព្រះវិហារ​របស់កម្ពុជា​ឆ្ពោះទៅកាន់​គោលដៅផ្សេងៗ​។ ទោះយ៉ាងណា ​សមត្ថកិច្ច​នៅមិនទាន់​បានកំណត់ថា​តើករណីជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយធំ​ទាំងពីរ​នេះ មាន​ជាប់ទាក់ទងគ្នា ​ឬអត់ទេ​។

ក្រៅពីនេះ ​ក៏មានបទល្មើស​ជួញដូរគ្រឿងញៀន​ទ្រង់ទ្រាយតូច ​និង​មធ្យម​ជាច្រើន​ករណីទៀត ​ដែល​សរុបរួមទាំង​ពីរករណី​ធំៗខាងលើ​ មិនតិច​ជាង ៣​តោនទេ ​នៅក្នុង​រយៈពេល​ដ៏ខ្លី ​ក្រោមអាណត្តិ​រដ្ឋាភិបាលថ្មី​។

តាម​របាយការណ៍​របស់រដ្ឋាភិបាល​កម្ពុជា ការ​អនុវត្តន៍​យុទ្ធនាការប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន​ខុសច្បាប់ចំនួន​៨លើក​កន្លងទៅ ​ពោលចាប់ពី​ឆ្នាំ ២០១៧ ​ដល់ ​២០២៣ មាន​បទល្មើស​គ្រឿងញៀន​សរុបជាង ​៥៥ ០០០ករណី​ ត្រូវបាន​សមត្ថកិច្ចបង្ក្រាប ​ក្នុងនោះ​មានការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ​១២​ម៉ឺននាក់ ​រឹបអូស​បានសារធាតុ​ញៀន​គ្រប់ប្រភេទជាង​២៧តោន ​និង​សារធាតុ​គីមីផ្សំ​ប្រមាណ ​៥២០​តោន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ