អានតួអត្ថបទ

អាវុធហត្ថខេត្តព្រះវិហាររឹបអូសបានគ្រឿងញៀនជាង ១តោននៅក្នុងរថយន្តមួយគ្រឿង

កាលពីយប់ថ្ងៃសៅរ៍ ទី២០ ខែមករា អាវុធហត្ថខេត្តព្រះវិហារបានប្រកាសពីការរឹបអូសបានគ្រឿងញៀនរហូតដល់ជាង១តោន ដែលផ្ទុកនៅពេញពីក្រោយរថយន្តប្រភេទPick upមួយគ្រឿង។ ទន្ទឹមនឹងការសាទរចំពោះការរឹបអូសបានគ្រឿងញៀនក្នុងចំនួនដ៏ច្រើននេះ មហាជនក៏បានលើកសំណើឲ្យដុតកម្ទេចចោលសារធាតុញៀនទាំងអស់ឲ្យបានឆាប់ផងដែរ នៅក្រោយពេលបញ្ចប់សំណុំរឿងរួច។ 

គ្រឿងញៀនដែលអាវុធហត្ថព្រះវិហាររឹបអូសបានកាលពីថ្ងៃសៅរ៍ទី២០ខែមករា
គ្រឿងញៀនដែលអាវុធហត្ថព្រះវិហាររឹបអូសបានកាលពីថ្ងៃសៅរ៍ទី២០ខែមករា © FB
ផ្សាយពាណិជ្ជកម្ម

 

គ្រឿងញៀនដែលអាវុធហត្ថខេត្តព្រះវិហាររឹបអូសបាន ក្នុងយប់ថ្ងៃសៅរ៍ ទី២០ មករាកន្លងទៅនេះ ត្រូវបានកងរាជអាវុធហត្ថអះអាងថា ជាប្រភេទម៉ាទឹកកកប្រមាណ១០២០ដុំ ក្នុងទម្ងន់សរុបប្រមាណ១តោន២០គីឡូក្រាម។ ចំណែក ដើមចមដែលឈានដល់ការរឹបអូសនេះនៅមិនទាន់ត្រូវបានបញ្ជាក់ច្បាស់នៅឡើយទេ។

សេចក្ដីរាយការណ៍មួយបញ្ជាក់ថា គ្រឿងញៀនជាង១តោននេះត្រូវបានរឹបអូស ក្រោយពីកម្លាំងអាវុធហត្ថប្រទះឃើញនៅក្នុងរថយន្តមួយចតចោលនៅចំណុចមុខវិទ្យាល័យជ័យសែន។ ចំណេកសេចក្ដីរាយការណ៍ផ្សេងទៀតលើកឡើងថា ការរឹបអូសធ្វើឡើងក្នុងពេលដែលឧក្រិដ្ឋជនកំពុងដឹកគ្រឿងញៀននេះតាមរថយន្តចេញពីប្រទេសឡាវឆ្លងកាត់ព្រះវិហារ។

ទោះបីយ៉ាងណា អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ីបានបញ្ជាក់ថា សំណុំរឿងមួយនេះ ត្រូវបានបញ្ជូនទៅអយ្យការដើម្បីស៊ើបអង្កេតបន្តតាមនីតិវិធីហើយ។

គួរបញ្ជាក់ថា បញ្ហាគ្រឿងញៀនត្រូវបានរដ្ឋាភិបាលក្នុងឆ្នាំ២០២៤នេះ បន្តចាត់ទុកជាបញ្ហាចោទមួយសម្រាប់កម្ពុជា ។ តាមរដ្ឋាភិបាល មានការកើនឡើងនៃនិន្នាការការកែច្នៃផលិតថ្មី ការដឹកជញ្ជូន និងការជួញដូរគ្រឿងញៀន រួមទាំងការបន្លំនាំចូលសារធាតុគីមីប្រើក្នុងវិស័យកសិកម្មឧស្សាហកម្ម រួចផលិតជាគ្រោះញៀនជាដើម។

នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ដែលទើបប្រកាសដាក់ចេញនាពេលថ្មីៗនេះ រដ្ឋាភិបាលក៏បានអះអាងពីការបើកទូលាយចំពោះកិច្ចសហការផ្លាស់ប្ដូរព័ត៌មានជាមួយស្ថាប័នត្រួតពិនិត្យគ្រឿងញៀន និងស្ថាប័នអនុវត្តច្បាប់នៃប្រទេសនានា ពិសេសប្រទេសនាំចូលគ្រឿងញៀនឆ្លងកាត់កម្ពុជា ក្នុងគោលដៅបង្ក្រាបបណ្ដាញជួញដូរគ្រឿងញៀននេះ ឲ្យបានដល់ឬសគល់។

សូមជម្រាបដែរ ថា នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ចំនួន៨លើកចាប់ពីឆ្នាំ២០១៧ដល់ឆ្នាំ២០២៣ កងកម្លាំងអនុវត្តច្បាប់បានអះអាងពីការបង្ក្រាបបាននូវបទល្មើសគ្រៀងញៀនចំនួនជាង ៥ម៉ឺន៥ពាន់ករណី ឃាត់ជនសង្ស័យបានជាង១២ម៉ឺននាក់ និងដកហូតបានសារធាតុញៀនគ្រប់ប្រភេទប្រមាណជាង២៧តោន រួមទាំងសារធាតុគីមីផ្សំប្រមាណ៥.២តោន។ ក្នុងនោះ វត្ថុតាងគ្រឿងញៀនប្រមាណចំនួន៤តោនត្រូវបានសមត្ថកិច្ចរឹបអូសបាន ក្នុងឆ្នាំ២០២៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ