អានតួអត្ថបទ

រដ្ឋាភិបាលបន្តបោសសំអាតមន្រ្តីស៊ីវិល និងកងទ័ពពាក់ព័ន្ធគ្រឿងញៀន

មន្រ្តីពន្ធនាគារចំនួន ៥រូប និងនាយទាហានចំនួន ២រូបត្រូវបានបណ្ដេញចេញពីក្របខណ្ឌ។ ការបណ្ដេញចេញនេះ ធ្វើឡើងក្រោយពីរកឃើញមានជាប់ពាក់ព័ន្ធគ្រឿងញៀន។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រ​សួងមហាផ្ទៃ និងសេចក្ដីប្រកាសរបស់ក្រសួងការពារជាតិ ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ។

ព័ត៌មានជាតិ
ព័ត៌មានជាតិ © សេង បារាំង
ផ្សាយពាណិជ្ជកម្ម

សេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤  រដ្ឋមន្រ្តីលោក ស សុខា បានសម្រេច​លុបឈ្មោះមន្រ្តីពន្ធនាគារចំនួន៥រូបចេញពីក្របខណ្ឌដោយសារពួកគេបានប្រើប្រាស់គ្រឿងញៀន​។ ក្នុងចំណោមមន្រ្តីពន្ធនាគារចំនួនទាំង ៥រូប មាន២រូបជាមន្រ្តីមកពីមណ្ឌលអប់រំកែប្រែទី១ នៃរាជធានីភ្នំពេញ ២រូបជាមន្រ្តីពន្ធនាគារខេត្តកណ្ដាល និង១រូបជាមន្រ្តីពន្ធនាគារខេត្តបន្ទាយមានជ័យ។

ក្រៅពីមន្រ្តីពន្ធនាគារទាំង ៥នាក់ ក៏មានការលុបឈ្មោះនាយទាហានចំនួន ២រូប ចេញពីក្របខណ្ឌ  ក្រោយ​ក្រសួងការពារជាតិរកឃើញជាប់ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន។ នេះបើតាមប្រកាសរបស់ក្រសួងការពារជាតិចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ដែលចុះហត្ថលេខាដោយលោក ទៀ សីហា។ ក្នុងចំណោមនាយទាហានទាំង ២រូប មានមួយរូបចេញពីកងកាំភ្លើងការពារអាកាសមូលដ្ឋានសមុទ្រកងទ័ពជើងទឹក និងមួយរូបទៀតមកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

អ្វីជាការកត់សម្គាល់  ក្នុងរយៈពេលចុងក្រោយនេះ មានមន្ត្រីនគរបាល និងនាយទាហានជាច្រើន នាក់ ត្រូវបានដកចេញពីក្របខណ្ឌ ទម្លាក់ពីតួនាទី និងបន្ថយតួនាទី។ ភាគច្រើននៃមន្រ្តីបណ្តេញចេញ ច្រើនមកពីក្រសួងមហាផ្ទៃជាងមកពីក្រសួងការពារជាតិ ដោយសារតែពួកគេល្មើសវិន័យការងារ និងមានជាប់ពាក់ព័ន្ធគ្រឿងញៀនជាដើម។

សូមបញ្ជាក់ថា ដំណើរការដកហូតមន្ត្រីពីក្របខណ្ឌជាបន្តបន្ទាប់ក្រោមហេតុផលល្មើសវិន័យការងារ និងពាក់ព័ន្ធគ្រឿងញៀនធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែតបានចេញបទបញ្ជាឲ្យបោសសម្អាតគ្រឿងញៀន​ដោយផ្តើមចេញពីកងកម្លាំងប្រដាប់អាវុធទាំងអស់មុនគេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ