អានតួអត្ថបទ

ពីរខែមកនេះមន្ត្រីនគរបាលជាង៣០នាក់ត្រូវដេញចេញពីក្របខណ្ឌនិងបន្ថយតួនាទី

ក្នុង​រយៈ​ពេល​ពីរ​ខែចុង​ក្រោយនេះ​នៅ​រវាង​ខែ​ធ្នូ​និង​ខែមករា មាន​មន្ត្រី​នគរបាល​យ៉ាងហោចណាស់​ជាង៣០នាក់​ត្រូវបាន​ដក​ចេញ​ពី​ក្របខណ្ឌ ទម្លាក់​ពី​តួនាទី និង​បន្ថយ​តួនាទី។ អ្នក​ទាំង​ជាង​៣០​នាក់​នេះ​ជា​មន្ត្រីស្ថិត​ក្នុង​ក្របខណ្ឌ​ក្រសួង​មហាផ្ទៃ។ តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​ដែល​ចេញ​ផ្សាយ​ជា​បន្ត​បន្ទាប់ ការ​បណ្ដេញ​មន្ត្រី​ទាំង​នេះ​ដោយ​សារ​តែពួក​គេល្មើស​វិន័យ​ការងារ និង​មាន​ជាប់​ពាក់ព័ន្ធ​គ្រឿង​ញៀន។  

រូបភាពៈតំណាងមន្ត្រីនគរបាលគោរពទង់ជាតិ
រូបភាពៈតំណាងមន្ត្រីនគរបាលគោរពទង់ជាតិ © នគរបាលជាតិ
ផ្សាយពាណិជ្ជកម្ម

មន្ត្រី​ទាំង​ជាង​៣០​នាក់​នោះ​រួមមាន មន្ត្រី​នគរបាល​ចំនួន​១១​រូប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែងចំណុះ​ឲ្យ​ស្នងការដ្ឋាន​នគរបាលជាតិ ត្រូវបាន​បណ្ដេញ​ចេញ​ពី​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ និង​បាន​ដកហូត​មុខ​តំណែង ឋានន្តរស័ក្ដិ កាលពី​ថ្ងៃ​ទី២២​ខែ​ធ្នូ​ឆ្នាំ២០២៣ ដោយសារ​តែ​ល្មើស​វិន័យ​កង​កម្លាំងនគរបាល​ជាតិ។ បន្ថែម​ពី​លើនេះ​ទៀត​មន្ត្រី​នគរបាល​៩រូបនេះ​ក៏​ត្រូវបាន​កាត់​ផ្ដាច់​ប្រាក់បៀវត្ស​និង​ប្រាក់របប​ឧបត្ថម្ភផ្សេងៗ​ចាប់​ពី​ថ្ងៃ​ទី​២៤​ខែ​មីនា​ឆ្នាំ​២០២៤។ 

នៅ​អំឡុង​ខែ​ធ្នូ​ឆ្នាំ​២០២៣ដែរ លោក គឹម ជាតិ បាន​របូត​តំណែងជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​តាមរយៈព្រះរាជក្រឹត្យ​ចុះថ្ងៃទី១៥​ខែ​ធ្នូ​ឆ្នាំ​២០២៣។  ការ​បញ្ចប់​មុខ​តំណែង​របស់​លោក គឹម ជាតិ ពាក់ព័ន្ធ​នឹងការ​ជំរិត​ទារ​ប្រាក់១០​ម៉ឺនដុល្លារ អំឡុង​ពេល​ចុះត្រួត​ពិនិត្យ​ឃ្លាំង​ស្រាមួយ​កន្លែង​កាល​ពី​ខែ​វិច្ឆិកា​ជា​ថ្នូរ​មិនបិទ​ផ្អាក​អាជីវកម្ម។

ចំណែកកាល​ពី​ថ្ងៃទី៣​មករា លោកវរសេនីយ៍ទោ ហម សុវណ្ណរិទ្ធ ត្រូវបាន​ដក​ហូត​មុខ​តំណែង​ពី​ស្នងការ​រងនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ឲ្យ​មក​ជាមន្ត្រី​និង​បន្ថយឋានន្តរ​ស័ក្ដិចំនួន១ថ្នាក់​មក​នៅ​ត្រឹមថ្នាក់​វរសេនីយ៍ត្រី​ដោយសារ​ល្មើស​វិន័យ​របស់កងកម្លាំង​នគរបាលជាតិ។ ក្នុងថ្ងៃ​ទី​៣ មករា​ដដែល លោកវរសេនីយ៍ទោ សោម សុថារ័ត្ន ត្រូវបាន​ដក​ហូត​មុខ​តំណែង​ពីអធិការរង​នគរបាល​ខណ្ឌជ្រោយ​ចង្វារ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញឲ្យ​មក​ជា​មន្ត្រី និង​បន្ថយ​ឋានន្តរស័ក្ដិ​ចំនួន​១ថ្នាក់​មក​នៅ​ត្រឹម​ថ្នាក់​វរសេនីយ៍ត្រី​ដោយសារ​ល្មើស​វិន័យ​របស់​កង​កម្លាំង​នគរបាល​ជាតិ។

នៅថ្ងៃ​ទី​៣​មករា​ដែរ មន្ត្រី​នគរបាល​ចំនួន​១២រូបទៀត​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​ត្រូវ​ដក​ហូតមុខ​តំណែង​និង​ឋានន្តរស័ក្ដិ​ព្រម​ទាំង​បណ្ដេញ​ចេញ​ពី​ក្របខណ្ឌជា​មន្ត្រីនគរបាលជាតិ​ដោយ​សារ​ហេតុផលល្មើស​វិន័យ​ការងារ។ អ្នកទាំង១២​រូបនេះ​ត្រូវ​បាន​កាត់​ផ្ដាច់​ប្រាក់បៀវត្ស​និង​ប្រាក់​របបឧបត្ថម្ភ​ផ្សេងៗ​ចាប់​ពីឆ្នាំ​២០២៤៕ 

រំលងបានពីរថ្ងៃ ពោលនៅថ្ងៃទី៥ខែមករានគរបាល៥រូប ត្រូវព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបន្ថយនិងដកហូតឋានន្តរស័ក្ដិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ឲ្យមកនៅត្រឹមថ្នាក់ពលបាលត្រី ក្របខណ្ឌមន្រ្តីនគរបាលជាតិនៃក្រសួងមហាផ្ទៃតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ 

គួរជម្រាបជូនថា ដំណើរការដកហូតមន្ត្រីពីក្របខណ្ឌជាបន្តបន្ទាប់ក្រោមហេតុផលល្មើសវិន័យការងារធ្វើឡើង បន្ទាប់ពីលោក ហ៊ុន ម៉ាណែតចេញបទបញ្ជាឱ្យបោសសម្អាតគ្រឿងញៀនចេញពីកងកម្លាំងប្រដាប់អាវុធទាំងអស់មុនគេ ហើយមន្រ្ដីដែលពាក់ព័ន្ធ គឺត្រូវតែបណ្ដេញចេញពីក្របខណ្ឌ។ 

លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃឲ្យដឹងថា អគ្គស្នងកាដ្ឋាននគរបាលជាតិ បានបញ្ចប់យុទ្ធនាការតេស្តរកសារធាតុញៀនលើកងកម្លាំងរបស់ខ្លួនយ៉ាងជោគជ័យ និង ថាភាពជោគជ័យនេះស្ដែងឡើងតាមរយៈការរកឃើញនិងត្រូវបណ្ដេញចេញពីក្របខណ្ឌជាបន្តបន្ទាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ